កីឡាជាតិ
ជាតិ
សង្គមជាតិ
សាយ បានរត់ដល់គោលដៅ ដោយប្រមូលថវិកាជិត៥០ម៉ឺនដុល្លារ សម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ
10, Jan 2021 , 4:35 pm        
រូបភាព
 លោក សាយ​ បានរត់​​មក​ដល់​គោលដៅ​ចុងក្រោ​យ​នៅ​រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១
លោក សាយ​ បានរត់​​មក​ដល់​គោលដៅ​ចុងក្រោ​យ​នៅ​រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១
ដោយ:
 
ភ្នំពេញ៖ លោក សាយ បានរត់មកដល់រាជធានីភ្នំពេញដែលជាគោលដៅចុងក្រោយ នៅថ្ងៃទី១០ ខែមករា បន្ទាប់ពីចំណាយពេលវេលាអស់៩៧ថ្ងៃកន្លងមក។ លោកសាយ ដែលមានឈ្មោះដើម អ៊ួន បឋម បានរត់ក្នុងចម្ងាយជាង២,៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់២១រាជធានីខេត្តក្រុង ដោយប្រមូលបានថវិកាជិត៥០ម៉ឺនដុល្លារ ពីសប្បុរសជនគ្រប់បណ្តាខេត្ត ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។



លោក សាយ ដែលជាអ្នកបំផុសគំនិតរៀបចំយុទ្ធនាការរត់ក្នុងចម្ងាយជាង២៤០០គីឡូម៉ែត្រចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងមានមោទកភាពចំពោះការមកដល់ទីគោលដៅដែលបានកំណត់។ «ឥឡូវខ្ញុំអាចធ្វើបានដល់ទីបញ្ចប់ តាមពេលវេលាដែលយើងបានកំណត់ទុក។ ដំបូងឡើយយើងគិតថាអាចរៃអង្គាសបានតែ២៥ម៉ឺនដុល្លារអីទេ តែចុងក្រោយយើងបានស្មើគុណនឹងពីរ»។ នេះជាការរៀបរាប់របស់លោក សាយ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ។


អំឡុងពេលលោក សាយ រត់កន្លងមកក៏បានជួបនូវបញ្ហាសុខភាព និងបញ្ហាផ្សេងៗផងដែរ។ «ពេលដែលខ្ញុំចាប់ផ្តើមកម្មវិធីនេះដំបូងៗ ខ្ញុំមានបញ្ហាច្រើនទាក់ទងនឹងសុខភាព ជង្គង់ និងជើងរបស់ខ្ញុំ។ឧបសគ្គដែលធំបំផុតគឺរឿងចរាចរណ៍ អ្នកខ្លះជិះបញ្ចៀស។ ឧបសគ្គដំបូងដែលយើងជួបនោះ គឺរឿងភ្លៀង ដែលយើងត្រូវរត់ទាំងភ្លៀង។ ផ្លូវខ្លះអត់មានផ្លូវកៅស៊ូទេ អ៊ីចឹងយើងរត់កាត់ផ្លូវដី ផ្លូវភក់ ឆ្លងស្រឡាង ឡើងភ្នំ»។ នេះជារៀបរាប់របស់លោក សាយ ដោយបានបញ្ជាក់ថា បច្ចុប្បន្នសុខភាពរបស់លោក មិនមានអ្វីធ្ងន់ធ្ងរឡើយ។

មូលហេតុដែលលោក សាយ រៀបចំកម្មវិធីនេះឡើង គឺលោកចង់បំផុសស្មារតីឲ្យពលរដ្ឋចេះចូលរួមក្នុងការងារសង្គម កិច្ចការមនុស្សធម៌ និងការចែករំលែកតាមរយៈសកម្មភាពផ្សេងៗដែលអាចធ្វើទៅបាន។ «ខ្ញុំចង់ឲ្យពួកគាត់ចេះជួយដល់ការងារសង្គម ពីព្រោះសង្គមនេះវាជារបស់យើងរបស់គ្នា។ អ៊ីចឹងយើងត្រូវចេះជួយជ្រោមជ្រែងគ្នា ដើម្បីឲ្យសង្គមយើងទៅមុខឲ្យបានល្អ និងរុងរឿងទៅមុខទៀត»។ នេះបើតាមលោក សាយ ដែលបានបន្ថែមថា លោក នឹងរៀបចំកម្មវីធីផ្សេងៗទៀត សម្រាប់ជួយដល់សង្គមកម្ពុជា នៅថ្ងៃខាងមុខទៀត ៕



Tag:
 កីឡា
  ថវិកា
  សម្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com