COVID-19
អន្តរជាតិ
ករណីកូវីដ-១៩ ប្រចាំថ្ងៃនៅចិនហក់ឡើងដល់១០៣ ដែលច្រើនបំផុតក្នុងពេលជាង៥ខែ
11, Jan 2021 , 9:57 am        
រូបភាព
បុគ្គលិកសុខាភិបាលយកសំណាកពីប្រជាជនក្នុងទីក្រុងស៊ីចាឈ័ង ខេត្តហឺប៉ី។ រូបភាព Xinhua
បុគ្គលិកសុខាភិបាលយកសំណាកពីប្រជាជនក្នុងទីក្រុងស៊ីចាឈ័ង ខេត្តហឺប៉ី។ រូបភាព Xinhua
ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅចិន ជាពិសេសខេត្តហឺប៉ី បានហក់ឡើងដល់ចំនួនខ្ពស់បំផុតក្នុងពេលជាង៥ខែមកនេះ។ នៅថ្ងៃទី១១ ខែមករា គណៈកម្មការសុខាភិបាលចិន រាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃចំនួន១០៣ ទៀត ខណៈខេត្តហឺប៉ី ដែលជាចំណុចកណ្ដាលនៃរលកឆ្លងបច្ចុប្បន្ន បន្តមានករណីថ្មីកាន់តែច្រើនទៀត។



ក្នុងរបាយការណ៍របស់គណៈកម្មការសុខាភិបាចិន នៅថ្ងៃទី១០ ខែមករា ខេត្តហឺប៉ី មានកត់ត្រាករណីឆ្លងថ្មីចំនួន៨២ រដ្ឋធានីប៉េកាំងចំនួន១ និងខេត្តលាវនីងចំនួន២ ឯករណីនាំចូលមាន១៨ ដែលនាំករណីឆ្លងប្រចាំថ្ងៃសរុបមាន១០៣ ។ នេះជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតគិតាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែលមាន១២៧ករណី។

ខេត្តហឺប៉ី ដែលនៅជាប់ទីក្រុងប៉េកាំង នៅតែជាសមរភូមិក្ដៅដដែល។ ទីក្រុងស៊ីចាឈ័ង ដែលជាទីក្រុងធំជាងគេរបស់ខេត្ត ត្រូវបានបិទតាំងពីសប្ដាហ៍មុនដើម្បីទប់ស្កាត់ការរាលដាលបន្ថែមទៀត ដោយប្រជាជន និងរថយន្តទាំងអស់ មិនត្រូវអនុញ្ញាតឲ្យចាកចេញពីទីក្រុងនេះឡើយ។ ប្រព័ន្ធដឹកជញ្ជូនសាធារណៈក៏ត្រូវបានបិទដំណើរការដែរ។

ចិនដែលគេមើលឃើញថា អាចគ្រប់គ្រងជំងឺមួយនេះបាន កំពុងប្រឈមមុខការផ្ទុះករណីឆ្លងតូចៗនៅក្នុងប្រទេស មុនការមកដល់បុណ្យចូលឆ្នាំ ដែលជាពេលមនុស្សម្នានាំគ្នាទៅស្រុកកំណើតជួបជុំគ្រួសារ។ ព្រឹត្តការណ៍នេះ ក៏ជាក្ដីបារម្ភមួយរបស់រដ្ឋាភិបាលចិន ព្រោះវានឹងក្លាយជាឱកាសនៃការរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ។ ដើម្បីកាត់បន្ថយហានិភ័យ ចិនក៏ពន្លឿនការផ្ដល់វ៉ាក់សាំងក្រុមប្រជាជនដែលងាយរងគ្រោះមុនពិធីបុណ្យចូលឆ្នាំដែរ។

ករណីឆ្លងសរុបនៅចិនមាន៨៧៥៣៦នាក់ និងស្លាប់៤៦៤៣។

ទូទាំងពិភពលោក ករណីឆ្លងកូវីដ-១៩ មានជាង៩០លាន៦សែននាក់ និងស្លាប់១លាន៩សែននាក់។ អាមេរិក នៅតែបន្តឈរលើតារាងដដែល ជាមួយអ្នកឆ្លងជាង២២លាននាក់ និងស្លាប់ជាង៣៨ម៉ឺននាក់។ នេះបើតាមទិន្នន័យវេបសាយ Worldometers៕






Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com