កីឡាអន្តរជាតិ
អន្តរជាតិ
Leeds ត្រូវក្រុម Crawley នៃលីគទី៤អង់គ្លេស ទម្លាក់ពី FA Cup ជុំទី៣
11, Jan 2021 , 10:30 am        
រូបភាព
Leeds United ត្រូវបានក្រុម Crawley Town នៃលីគលំដាប់ទី៤អង់គ្លេស (League 2) ទម្លាក់ពីការប្រកួតពានរង្វាន់ FA Cup ត្រឹមជុំទី៣ ដ៏គួរឲ្យភ្ញាក់ផ្អើលដោយលទ្ធផល ៣-០។



គ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់នាជំនួប FA Cup ជុំទី៣នៅរាត្រីថ្ងៃទី១០ ខែមករា សុទ្ធតែកើតឡើងនៅក្នុងតង់ទី២ទាំងអស់ តាមរយៈការសម្រេចទីរបស់កីឡាករ Nicholas Tsaroulla នាទី៥០ Ashley Nadesan នាទី៥៣ និង Jordan Tunnicliffe នៅនាទី៧០។

នេះជាការទទួលបានលទ្ធផលដ៏គាប់ប្រសើរបស់ Crawley Town ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក John Yems ដែលអាចទម្លាក់ក្រុមភ្ញៀវ Leeds ក្រុមនៃក្របខណ្ឌកំពូលអង់គ្លេស Premier League។

បរាជ័យនេះ បានធ្វើឲ្យ Leeds ក្រោមការគ្រប់គ្រងរបស់លោក Marcelo Bielsa ក្លាយជាក្រុមពីលីគលំដាប់កំពូលទី២ ដែលចាញ់ក្នុងលទ្ធផលយ៉ាងហោច៣គ្រាប់ក្រោមថ្វីជើងក្រុមលំដាប់ទី៤ ចាប់តាំងពីអង់គ្លេសបន្ថែមក្របខណ្ឌ League 2 នេះក្នុងឆ្នាំ ១៩៥៨។ Oxford United (កាលនៅលីគកំពូល) ជាក្រុមដំបូងគេដែលចាញ់ Aldershot Town ក្នុងលទ្ធផលដូចគ្នានេះ កាលពីខែមករា ឆ្នាំ ១៩៨៧។

Crawley ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកម្រិតទី៤សព្វថ្ងៃ បានកៅអីទៅកាន់ជុំទី៤ ពាន FA Cup។
ដោយឡែកក្រុមខ្លាំងៗនៃលីគកំពូលអង់គ្លេស សុទ្ធតែឈ្នះក្នុងការប្រកួតជុំទី៣នេះរៀងខ្លួន។ Liverpool ឈ្នះ Aston Villa ៤-១, Leicester City ទម្លាក់ Stoke City ដោយលទ្ធផល ៤-០, Arsenal ឈ្នះ Newcastle United ២-០, Manchester United ឈ្នះ Watford ១-០, Manchester City ឈ្នះ Birmingham City ៣-០ ឯ Tottenham Hotspur លត់ Marine ដល់ទៅ៥-០៕


Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com