ជាតិ
លោក កែវ អស់​ប៉ុន្មាន​អស់​ទៅ ឱ្យតែ​ត្រួយ​ចេក​!
11, Jan 2021 , 11:04 am        
រូបភាព
​សៀមរាប​៖ ភាព​ចែងចាំង​នៃ​ពណ៌​ត្រួយ​ចេក ធ្វើឱ្យ​សាធារណ​ជាច្រើន​តែង​ចោល​ភ្នែក​សម្លឹងមើល​ទៅកាន់​លោក កែវ​។ បុរស​សម្បុរ​ស្រអែម​រូបនេះ លម្អ​ខ្លួន និង​ចូលចិត្ត​តុបតែង​សម្ភារ​ដោយ​លេង​ពណ៌​ត្រួយ​ចេក ដ៏​ចែងចាំង​។ កង់​របស់លោក កែវ  ក៏​លម្អ​ដោយ​ពណ៌​នេះដែរ​។ មិន​ខ្វល់​ការយល់ឃើញ​ពី​អ្នកដទៃ អ្នក​សៀមរាប​រូបនេះ​ថា ការស្រឡាញ់​ពណ៌​ស្រស់ៗ​ដូចជា​ពណ៌​ត្រួយ​ចេក​ជាដើម ដែល​ពណ៌​នេះ​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ស្រស់ស្រាយ​។ សម្រាប់​លោក កែវ អស់​ប៉ុន្មាន​អស់​ទៅ ឱ្យតែបាន​ពណ៌​ត្រួយ​ចេក​។​

 
 
 
«​ខ្ញុំ​ចូលចិត្ត​ពណ៌​ត្រួយ​ចេក ឱ្យតែ​សម្ភារ​ពណ៌​នេះ គឺ​ចូលចិត្ត​»​។ នេះ​ជា​សំដី​របស់លោក សៀវ សុ​ភ័​ក្រ ហៅ​កែវ ជា​ឃ្លា​ផ្តើម​នៃ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។ បុរស​វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ ចាប់​ស្រឡាញ់​ពណ៌​ត្រួយ​ចេក តាំងពី​ដឹងក្ដី​មក​ម្លេះ ហើយ​តែង​តុបតែង​លម្អ​រាងកាយ ក៏ដូចជា​សម្ភារ ជាមួយ​ពណ៌​ជាទី​ស្រឡាញ់​នេះ ដោយ​មិន​ខ្វល់​នឹង​សំដី​អ្នកដទៃ​ឡើយ​។ លោក​បន្ថែមថា​៖« អារម្មណ៍​របស់ខ្ញុំ ពណ៌​នេះ​ស្រស់ស្អាត មើលទៅ​ស្រស់ មើល​ពី​ចម្ងាយ​ឆាប់​ឃើញ​»​។​
 
​លោក កែវ បាន​ទាញ​ការចាប់អារម្មណ៍​ពី​សាធារណ ពិសេស​ពលរដ្ឋ​អ្នកក្រុង​សៀមរាប តាមរយៈ​ការតុបតែង​កង់​មួយគ្រឿង​របស់លោក​។ «​កង់​ទាំងមូល គឺ​ពណ៌​ត្រួយ​ចេក​។ ខ្ញុំ​ច្នៃ​កង់​បែបនេះ ដោយសារ​ចង់ឱ្យ​ប្លែក​ខុសពី​គេ ចំណូលចិត្ត​ខ្ញុំ ចង់​ធ្វើ​អ៊ី​ប្លែក​»​។ លោក កែវ បន្ថែម​។ ក្រៅពី​កង់ សូម្បី​ខ្សែក និង​ចិញ្ចៀន ក៏​លោក​កែវ​ច្នៃ​បាញ់​ទៅជា​ពណ៌​ត្រួយ​ចេក​ដែរ​។​
 
 

ជា​រៀងរាល់ថ្ងៃ លោក កែវ បាន​ជិះ​កង់​ពណ៌​ជាទី​ស្រឡាញ់​របស់លោក ហាត់ប្រាណ​ក៏ដូចជា​កម្សាន្ត​នៅតាម​ប្រាសាទ ពិសេស​ប្រាសាទបាយ័ន និង​អង្គរវត្ត​។ ពេលខ្លះ លោក​តែង​ជិះ​តាម​ភូមិ​ជិត​ឆ្ងាយ ហើយ​វត្តមាន​កង់​របស់លោក តែង​ធ្វើឱ្យ​ក្មេងៗ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​មានការ​ភ្ញាក់ផ្អើល​។ ភ្ញាក់ផ្អើល ព្រោះ​ឃើញ​ពណ៌​កង់ រួម​និង​សម្លៀកបំពាក់​របស់លោក មាន​ពណ៌​ស្រស់​ឆើតឆាយ  ហើយ​បិទបាំង​ធម្មជាតិ​ដទៃទៀត​នៅ​ជុំវិញ​នោះ​។​
 
«​ពណ៌​ឆើត​ជួយ​បង្កើន​សម្រស់​យើង​តាម​នោះដែរ   អ្នក​ធ្លាប់​ស្គាល់ គេ​តែង​ហៅ​ខ្ញុំ​ថា មនុស្ស​ធ្វើខ្លួន​ខុសគេ  បងប្អូន​ខ្ញុំ​ខ្លះ​គាត់​ថា ខ្ញុំ​ជាម​នុស្ស​មិន​ចូល​ចំណោម​គេ​...​តែ​ខ្ញុំ​ប្រាប់​វិញ​ថា  ខ្ញុំ​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​គេ​ទេ​...​ទោះ​មនុស្ស​លាន​នាក់​គេ​ថាឱ្យ  ហើយ​មាន​ម្នាក់​ពេញចិត្ត ក៏​ខ្ញុំ​អស់ចិត្ត​ដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក កែវ​។
 
 

​ងាក​ទៅ​មើល​កង់​របស់លោក កែវ វិញ លោក​បាន​ចំណាយ​ថវិកា​ទិញ​និង​តុបតែង​អស់​ជាង​៧០០​ដុល្លារ​។ កង់​នេះ មាន​លម្អ​ដោយ​ស្នែងក្របី និង​តួអក្សរ WC ដែល​មានន័យថា​បង្គន់​។ លោក កែវ យល់ថា បង្គន់​មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ ដូច្នេះ​លោក​ចង់​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ពី​តម្លៃ​មួយ​នេះ​។ 
 
​សម្រាប់​លោក កែវ កង់​នេះ​មិនសូវ​ថ្លៃ​ប៉ុន្មាន​ទេ  បើ​ធៀប​នឹង​កង់​ខ្លះ​ដែលមាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ តែ​លោ​កថា គេ​ប្រហែល​ចាប់អារម្មណ៍​កង់​របស់លោក​ខ្លាំង​ជាង​។ យ៉ាងណា​លោក កែវ ដែល​សម្រាក​ពី​ការងារ​បើករថយន្ដ​ដឹក​ទេសចរ បញ្ជាក់ថា ការធ្វើ​ដូច្នេះ​គឺ​លោក​មិនមែន​ធ្វើ​ដើម្បី​បំពេញចិត្ត ឬ​ទាញ​ការចាប់អារម្មណ៍​ពី​អ្នកណា​មួយ​ទេ តែ​លោក​ធ្វើ​ដើម្បី​ខ្លួនឯង​ប៉ុណ្ណោះ​៕
 



 
 
 

Tag:
 កង់​
 ​យានយន្ត​
 ​ត្រួយ​ចេក​
 ​កីឡា​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com