អន្តរជាតិ
អាជ្ញាធរ​ឥណ្ឌូណេស៊ី កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​
11, Jan 2021 , 2:16 pm        
រូបភាព
បំណែកកន្ទុយយន្តហោះដែលធ្លាក់។ រូបភាព៖ Bloomberg
បំណែកកន្ទុយយន្តហោះដែលធ្លាក់។ រូបភាព៖ Bloomberg
ដោយ:
​អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១០ មករា បញ្ជាក់ថា ខ្លួន​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​ទៅក្នុង​សមុទ្រ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ហ្សា​ការ​តា​។ ក្រុម​អ្នកស្រាវជ្រាវ និង​អាជ្ញាធរ​អាកាសចរណ៍ ក៏​ប៉ាន់ប្រមាណ​ថា យន្តហោះ​ដែល​ផ្ទុក​មនុស្ស​ចំនួន​៦២​នាក់​នេះ បាក់​ជា​បំណែកៗ​នៅពេល​ធ្លាក់​បុក​ទៅក្នុង​ផ្ទៃ​ទឹក ។​

 
​ក្នុង​ប្រតិបត្តិ​ការស្វែងរក​បំណែ​ក​យន្តហោះ និង​អ្នក​ដែល​អាច​នៅមាន​ជីវិត ក្រុម​រុករក​ប្រទះឃើញ​បំណែក​សាកសព សម្លៀកបំពាក់ អាវ​ពោង ក៏ដូចជា​បំណែក​កន្ទុយ​យន្តហោះ​ដែល​ធ្លាក់​របស់​អាកាសចរណ៍ Sriwijaya ។ អាជ្ញាធរ​អះអាង ថា ខ្លួន​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​។ ប្រអប់​ខ្មៅ​គឺជា​ឧបករណ៍​ដែល​រក្សាទុក​ទិន្ន័យ​នៃ​ការហោះហើរ (FDR) និង​សំឡេង​នៅ​កន្លែង​បើកបរ (CVR)​។ ការ​ស្រង់​បាន​ឧបករណ៍​នេះ នឹង​ជួយ​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​។​
 
 
«​យើង​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​ទាំងពីរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Soerjanto Tjahjanto ប្រធាន​ភ្នាក់ងារ​សុវត្ថិភាព​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​។ លោក​បន្ថែមថា ក្រុម​មុជទឹក​ដែល​បំពាក់​ជាមួយ​ឧបករណ៍​ស្វែងរក​ត្រូវបាន​បញ្ជូនទៅ​ទីតាំង​ដែល​បានកំណត់​នោះ ហើយ​ថា ពួកគេ​អាច​នឹង​រកឃើញ​ឧបករណ៍​ទាំងពីរ​ដោយសារតែ​ទីកន្លែង​ដែល​ធ្លា​ក់មាន​ជម្រៅ​ប្រមាណ​២៣​ម៉ែត្រ និង​មាន​ពន្លឺ​គ្រប់គ្រាន់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ស្របពេល​ជាមួយគ្នានេះ ប៉ូលិស​ក៏បាន​ស្នើសុំ​ព័ត៌មាន​ស្តីពី​សុខភាព​ធ្មេញ និង​សំណាក DNA ពី​គ្រួសារ​អ្នក​នៅលើ​យន្តហោះ ដើម្បី​អាច​កំណត់​អត្តសញ្ញាណ​សាកសព​ដែល​រកឃើញ​។ កាលពី​ថ្ងៃទី​១០ មករា ក្រុម​សង្គ្រោះ​រកឃើញ​សាកសព​ចំនួន​ប្រាំ​។​
 
​លោក Gerry Soejatman អ្នកវិភាគ​អាកាសចរណ៍​ដែលមាន​ទីតាំងនៅ​ឥណ្ឌូណេស៊ី អះអាងថា​អាកាសធាតុ​មិនល្អ កំហុស​អាកាសយានិក ឬ​បញ្ហា​បច្ចេកទេស​អាចជា​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​។ ប៉ុន្តែ​លោ​កះ​អាង​ថា វា​ជា​រឿង​លឿន​ពេក​ក្នុងការ​សន្និដ្ឋាន​ដោយ​គ្មាន​ប្រអប់​ខ្មៅ​។ ចំណែក​លោក​Soerjanto លើកឡើងថា យន្តហោះ​នេះ​មិន​ផ្ទុះ​នៅ​កណ្តាល​អាកាស​ឡើយ បើសិនជា​យន្តហោះ​នេះ​ផ្ទុះ​នៅលើ​មេឃ នោះ​បំណែក​នឹង​សាយភាយ​លើ​ផ្ទៃ​ទឹកធំ​ជាង​នេះ​។​
 
​យន្តហោះ​Boeing 737-500 នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya ជើងហោះហើរ SJ 182 ផ្ទុក​មនុស្ស​ចំនួន​៦២​នាក់ ដែល​ក្នុងនោះ​មាន​ក្រុមការងារ​១២​នាក់ និង​កុមារ​ចំនួន​១០​នាក់ បាត់​ខ្លួន​ពី​រា​ដា ក្រោយពេល​ហោះ​ចេញពី​អាកាសយានដ្ឋាន​ហ្សា​ការ​តា​រយៈពេល​៤​នាទី​ទៅកាន់​តំបន់ Pontianak ភាគ​ខាងលិច​កោះ​កាលី​ម៉ាន់​តាន់​។ យន្តហោះ​នេះ​ហោះ​ឡើង​ទៅដល់​រយៈកម្ពស់​៣៣២២​ម៉ែត្រ​ក្នុង​រយៈពេល​៤​នាទី បន្ទាប់មក​យន្តហោះ​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ និង​ឈប់​បញ្ជូន​ទិន្ន័យ​ហោះហើរ​នៅ​រយៈពេល​២១​វិនាទី​បន្ទាប់ ហើយ​ហោះ​ចេញពី​គន្លង​ដែល​បាន​កំណត់ទុក​។ 
 
​វិស័យ​អាកាសចរណ៍​ឥណ្ឌូណេស៊ី ពុំ​សូវ​មានកំណត់​ត្រា​សុវត្ថិ​ភាពល្អ​ប៉ុន្មាន​ឡើយ​។ ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​នេះ ត្រូវបាន​ហាម​មិន​ឲ្យ​ហោះហើរ​ក្នុង​ដែនអាកាស​អឺរ៉ុប និង​អាមេរិក​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨​។ ក្នុង​របាយការណ៍​ស៊ើបអង្កេត​ឥណ្ឌូណេស៊ី មូលហេតុ​ចម្បង​នៃ​ការធ្លាក់​យន្តហោះ​ក្នុងប្រទេស​នេះ បណ្តាលមកពី​បញ្ហា​ក្នុងការ​បញ្ជា​ទិសដៅ​យន្តហោះ ការថែទាំ​មិនបាន​ល្អ និង​ការឆ្លើយតប​មិនបាន​ទាន់ពេល និង​គ្រប់គ្រាន់​របស់​អ្នកបើកបរ​៕
 
 
 

Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com