ជាតិ
សេដ្ឋកិច្ច
សមាគម​វា​រី​វប្បករ​កម្ពុជា ស្នើ​អាជ្ញាធរ​អនុវត្ត​ការផ្អាក​នាំ​ត្រី​ពី​វៀតណាម ឱ្យមាន​ប្រសិទ្ធភាព​
11, Jan 2021 , 2:57 pm        
រូបភាព
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា។
​ក្រសួងកសិកម្ម​បានដាក់​ចេញ​វិធាន​ការផ្អាក​នាំចូល​ត្រី​ពី​ប្រទេស​វៀ​ត​ណា​ម ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផ​លិ​ផល​វា​រី​វប្បករ នាពេល​បច្ចុប្បន្ន​។ ត្រី ដែល​ក្រសួងកសិកម្ម​សម្រេច​ឱ្យ​ឈ្មួញ​ផ្អាក​នាំចូល​ពី​វៀតណាម មាន​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ​ជាដើម​។ សមាគម​វា​រី​វប្បករ​កម្ពុជា បានស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ការផ្អាក​នាំចូល​ត្រី​ចូល​ពី​វៀតណាម​ឱ្យមាន​ប្រសិទ្ធភាព ខណៈ​ឈ្មួញ​នៅតែ​បន្ត​លួច​នាំចូល​ត្រី​ប្រភេទ​ទាំងនេះ ។



​ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា លោក សុខ រ៉ា​ដែន បាន​បញ្ជាក់ថា ឈ្មួញ​ខ្លះ បាន​យល់ព្រម​អនុវត្តតាម​សំណើរ​របស់​ក្រសួងកសិកម្ម​ហើយ ប៉ុន្តែ​ពួកគេ​មិនសូវ​សប្បាយចិត្ត​ក្នុង​ការទិញ​ត្រី​របស់​វា​រី​វប្បករ​ទេ ក្រោម​ហេតុផល​ត្រី​គ្មាន​ស្តង់ដារ និង​គុណភាព​សម្រាប់​ដាក់លក់​លើ​ទីផ្សារ​។ លោក សុខ រ៉ា​ដែន បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​វា​រី​វប្បករ​កំពុង​រង​ការទម្លាក់​តម្លៃ​ត្រី និង​គ្មាន​ការបញ្ជាទិញ​ពី​ឈ្មួញ ស្របពេល​សកម្មភាព​ផ្អាក​ការនាំ​ចូល​ត្រី​ពី​វៀតណាម មិនទាន់​អនុវត្ត​ឱ្យមាន​ប្រសិទ្ធ​នៅឡើយ​។​
 
​បើតាម​លោក រ៉ា​ដែន សព្វថ្ងៃ​ឈ្មួញ​ខ្លះ​នៅតែ​បន្តសកម្មភាព​នាំចូល​ត្រី​ពី​វៀ​ត​ណា​ម តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​(​ជ្រៃ​ធំ​) ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​ខេត្ត​ក​ណ្ត​ល ចូល​រាជធានី​ភ្នំពេញ​។ លោក សុខ រ៉ា​ដែន ដែល​បានដឹង​ព័ត៌មាន​នេះ ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​វិធានការ​ផ្អាក​នាំ​ត្រី​ចូល​ឱ្យបាន​តឹងរឹង និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផ​លិ​ផល​វា​រី​វប្បករ​នានា​នៅក្នុង​ស្រុក​។ 
 
​លោក សុខ រ៉ា​ដែន ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ព្រឹក​ថ្ងៃទី​១១​មករា​ យ៉ាងដូច្នេះ៖«​ព្រោះ​ការចិញ្ចឹម​ត្រី ពីមួយ​ថ្ងៃទី​មួយថ្ងៃ គឺ​យើង​ដាក់​ចំណី​រហូត​។ ហើយ​ទឹក​ក្នុង​ស្រះ​កាន់តែ​រាំង ព្រោះតែ​រដូវ​រីងស្ងួត​[​រដូវប្រាំង​] បាន​ចូល​មកដល់ ដែល​ធ្វើឱ្យ​ប្រឈម​ខាតបង់​យ៉ាងខ្លាំង​ដល់​វា​រី​វប្បករ​យើង​»​។ 
 
​សារព័ត៌មាន​ថ្មីៗ​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក​សំណាក់ លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​និង​ជា​អនុប្រធាន​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​នៃ​ក្រសួងកសិកម្ម ជុំវិញ​សំណើរ​របស់​សមាគម​វា​រី​វប្ប​កម្ពុជា​បានឡើយ ដោយ​ទូរ​សព្ទ​ហៅចូល ប៉ុន្តែ​គ្មាន​អ្នកទទួល​។ 
 
​យោង​តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទ​ទី​៨​មករា ឆ្នាំ​២០២១  មាន​តំណាង​អាជីវករ​នាំចេញ​-​នាំចូល​ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​ការនាំ​ចូល​ប្រភេទ​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ព្រមទាំង​ត្រី​ប្រភេទ​ត្រី​មួយចំនួនទៀត ដែល​វា​រី​វប្បករ​ផលិត​បាន​។  លើសពី​ការ​នេះ តំណាង​អាជីវករ​នាំចេញ នាំចូល​ត្រី​ទាំងនោះ បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នកប្រមូល​ទិញ​ផល និង​ជលផល ក្នុងស្រុក​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល​ត្រី ដែល​ផលិតផល​នៅក្នុង​ស្រុក​។ 
 
​កាល​ឆ្នាំ​២០១៩ កម្ពុជា​នាំចូល​ត្រី​សរុប​ជាង​១,២​ម៉ឺន​តោន និង​រយៈពេល​ជិត​មួយឆ្នាំ​២០២០(​គិត​ត្រឹម​ថ្ងៃទី​២៥​ធ្នូ​) កម្ពុជា​បាន​នាំចូល​ត្រី​ជាង​១,៧​ម៉ឺន​តោន​៕
 
 
 

Tag:
 ត្រី​
  វា​រី​វប្បករ​
  លោក សុខ រ៉ា​ដែន​
© រក្សាសិទ្ធិដោយ thmeythmey.com