វៀតណាម នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូល​ប្រទេស​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
COVID-19
អន្តរជាតិ
វៀតណាម នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូល​ប្រទេស​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
12, Jan 2021 , 8:29 am        
រូបភាព
​ដោយ ៖ឈួន ឈី​វ​អ៊ីង
 
​វៀតណាម​នឹង​កំណត់​ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេស​ចាប់ពីពេលនេះ​ទៅ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ នេះ​បើតាម​ការប្រកាស​លោកនាយ​ក​រដ្ឋមន្ត្រី ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​១០ ខែមករា​។

 
​ស្របគ្នា​ជាមួយនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ថ្មី​ជុំវិញ​ពិភពលោក ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​ក៏​ខិតជិត​មកដល់​ដែរ​នៅ​វៀតណាម​។ ប្រជាជន​វៀតណាម នឹង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​របស់​ខ្លួន​ពីថ្ងៃ​ទី​១០ ដល់ទី​១៦ ខែកុម្ភៈ​។ ពិធី​នេះ អាចជា​រឿង​ឈឺក្បាល​សម្រាប់​វៀតណាម ព្រោះ​ប្រជាជន​នឹង​ជួបជុំគ្នា​ទូទាំងប្រទេស​។​
 
​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​នាំចូល​ពី​បរទេស នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក ក៏​ប្រកាស​កំណត់​ជើងហោះហើរ​ចូល​ប្រទេស​ចាប់ពី​ពេល​ដល់​នេះ​ដល់​ក្រោយ​បុណ្យចូលឆ្នាំ​តែម្ដង​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី មានតែ​ជើងហោះហើរ​ដែល​ចាំបាច់ មួយចំនួន​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលមក​ក្នុងប្រទេស ហើយ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ការបរទេស ការពារជាតិ និង​សន្តិសុខ​សាធារណៈ​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​តាមពិតទៅ វៀតណាម​បាន​ផ្អាក​ជើងហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​បណ្តោះអាសន្ន​តាំងពី​ចុងខែ​មិនា​មកម្ល៉េះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ហាណូយ ក៏​នៅតែ​បន្ត​បើក​ជើងហោះហើរ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​វៀតណាម​ដែលជា​ប់​នៅ​ប្រទេស​ដទៃទៀត​។ លើសពីនេះ វៀតណាម ក៏​ទទួល​ជើងហោះហើរ​ពិសេស​សម្រាប់​ជនបរទេស​និង​វិនិយោគិន​ផ្សេងៗ តែ​អ្នក​ទាំងអស់នោះ​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ ១៤​ថ្ងៃ​។ 
 
​តាំងពី​ថ្ងៃទី​៥ មករា វៀតណាម​បាន​ផ្អាក​ជើងហោះហើរ​បណ្តោះអាសន្ន​មកពី​បណ្តា​ប្រទេស​ដែល​ឆ្លង​វីរុស​បង្ក​ទៅជា​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​ដូចជា​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​ជាដើម​។ អាស៊ាន បច្ចុប្បន្ន ទម្រង់​ថ្មី ត្រូវបាន​រកឃើញ​នៅ​វៀតណាម ថៃ និង​សិង្ហ​បុរី​ជាដើម​
 
​វៀតណាម​មាន​ករណី​ឆ្លង​សរុប​១៥១៣​ករណី និង​ស្លាប់​៣៥​នាក់​។ អស់​រយៈពេល​៣៨​ថ្ងៃ​មកហើយ វៀតណាម​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក​ឡើយ ក្រោយ​អាច​គ្រប់គ្រង​ករណី​ឆ្លង​ដែល​ផ្ទុះ​នៅ​ទីក្រុង​ដា​ណា​ង​មក​នោះ​៕

Tag:
 ​វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com