COVID-19
ជាតិ
សេដ្ឋកិច្ច
២០២០៖ រោងចក្រជាង១០០បិទ និង រោងចក្រថ្មីជាង១០០ បើក កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបនេះ ថតកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសារព័ត៌មាន AFP។
× ការយាយីស្ទើរពេញមួយឆ្នាំនៃឆ្នាំ២០២០ ដោយជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យកាត់ដេរ ស្ថិតក្នុងចំណោមវិស័យផ្សេងទៀត បានរងការប៉ះពាល់ខ្លាំង រហូតដល់មានរោងចក្រមិនតិចជាង១០០ឡើយ បានបិទទ្វារ។ យ៉ាងណា វិស័យកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំ២០២០ ក៏បានងើបឡើងវិញខ្លះដែរ ដ្បិតមានរោងចក្រជាង១០០ដូចគ្នា ត្រូវបានបង្កើតឡើង។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនផ្តល់ទិន្នន័យនៃការបិទនិងការបើករោងចក្រ ក្នុងឆ្នាំ២០២០ឡើយ តែលោក ប្រាប់ឲ្យស្រង់ទិន្នន័យ ដែលលោក ផ្តល់ដល់សារព័ត៌មាននានារួចមកហើយ។ ការចុះរបស់សារព័ត៌មាននានា ដែលស្រង់សម្តីរបស់លោក បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ មានរោងចក្រ១២៩ បានបិទទ្វារ និងមានរោងចក្រថ្មី១១២ ត្រូវបានបង្កើតឡើង។ រោងចក្រទាំងនោះ ភាគច្រើនបំផុត គឺជារោងចក្រផ្នែកវាយនភ័ណ្ឌសម្លៀកបំពាក់និងស្បែកជើង។
ការបិទរោងចក្រ១២៩ ក្នុងឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់កម្មករ-កម្មការិនីជាង៧,១ម៉ឺននាក់ តែស្របជាមួយគ្នានេះ មានកម្មករ-កម្មការិនីជាង២,៣ម៉ឺននាក់ ទទួលបានការងារពីរោងចក្រថ្មីទាំង១១២ ដែលត្រូវបានបង្កើតឡើង។ នេះបើតាមតួលេខពីលោក ហេង សួរ ដដែល ដែលត្រូវដកស្រង់យកទៅចុះផ្សាយដោយបណ្តាសារព័ត៌មាននៅកម្ពុជា។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងាររូបនេះ ថ្លែងដូច្នេះថា៖«អ្វីៗ គឺវា ត្រូវពិនិត្យទៅលើការគ្រប់គ្រងបញ្ហាកូវីដ-១៩។ បើបញ្ហាកូវីដ-១៩ ត្រូវបានគ្រប់គ្រងល្អ [ហើយ] សេដ្ឋកិច្ចនិងតម្រូវការផ្នែកសម្លៀកបំពាក់នេះ មានការកើនឡើងវិញ នោះវិស័យកាត់ដេររបស់យើង ក៏មានការកើនឡើងវិញដែរ។ ផ្ទុយទៅវិញ បើបញ្ហាកូវីដ-១៩ នៅមិនទាន់គ្រប់គ្រងបាន ខ្ញុំ ជឿថា យើង នឹងប្រឈមបញ្ហាប្រហាក់ប្រហែលឆ្នាំ២០២០ដែរ»។
ដើម្បីជួយដល់ការកម្មករ-កម្មការិនី ដែលត្រូវព្យួរនិងបាត់បង់ការងារដោយសាររោងចក្របិទទ្វារ រដ្ឋាភិបាល បានឧបត្ថម្ភ៤០ដុល្លារ ក្នុងម្នាក់ៗ ជាប្រចាំខែ។ លើសពីនេះ ម្ចាស់រោងចក្រ ក៏ត្រូវផ្តល់៣០ដុល្លារ ដល់កម្មករ-កម្មការិនីម្នាក់ៗ ដែលត្រូវព្យួរការងារឬបាត់បង់ការងារដោយសាររោងចក្របិទទ្វារដែរ។ ដូច្នេះពួកគេ អាចទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ក្នុង១ខែ។
ប្រាក់ខែរបស់កម្មករ-កម្មការិនីផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំំពាក់និងស្បែកជើង សម្រាប់ឆ្នាំ២០២១ គឺ១៩២ដុល្លារ។ ក្នុងឆ្នាំ២០២០ ប្រាក់ខែរបស់ពួកគេ គឺ១៩០ដុល្លារ៕
Tag:
COVID-១៩
បិទរោងចក្រ
បើករោងចក្រ
ហេង សួរ
© រក្សាសិទ្ធិដោយ thmeythmey.com