ជាតិ
​ដាំ​បន្លែ​នៅ​បរិវេណ​ផ្ទះ ក៏​ជា​មធ្យោបាយ​កាត់បន្ថយ​ស្ត្រេ​ស​ផងដែរ​
12, Jan 2021 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ការដាំ​បន្លែ បាន​ក្លាយជា​និន្នាការ​ថ្មី​មួយ សម្រាប់​ប្រជាជន​នៅពេល​ទំនេរ​ពី​ការងារ ដោយ​ចំណាយពេល​លើ​ការដាំ​ដំណាំ​នានា នៅតាម​ទីធ្លា​បរិវេណ​ផ្ទះ ដើម្បី​កាត់បន្ថយ​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស​ពី​កន្លែងធ្វើការ​។ ក្រៅពី​កាត់បន្ថយ​ភាព​តានតឹង ការដាំ​បន្លែ ឬ​ដំណាំ ក៏​អាចជួយ​ដល់​សុខភាព និង​ការ​ទទួលទាន​បន្លែ​ធម្មជាតិ​ផងដែរ​។​



​បញ្ហា​ស្ត្រេ​ស ភាពស្មុគស្មាញ រមែង​កើតមាន​លើ​មនុស្ស​គ្រប់រូប ទោះ​តិច ឬ​ច្រើនក្ដី ពួកគេ​តែងមាន​វិធីសាស្ត្រ​សម្រួល​អារម្មណ៍ កាត់បន្ថយ​បញ្ហា​ទាំងនោះ​តាមបែប​ផ្សេងៗ​គ្នា​។ បច្ចុប្បន្ន មនុស្ស​មួយចំនួន​បាន​ជ្រើស​យក​ការដាំ​បន្លែ ជាការ​កម្សាន្ត​ក្រោយ​ទំនេរ​ពី​ការងារ ដោយ​ពួកគេ​យល់ថា វា​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សប្បាយចិត្ត​ឡើងវិញ​ពី​បញ្ហា​ស្ត្រេ​ស​។​


​អ្នកស្រី ឡាវ មុយ​ហុង ជា​អាជីវ​ករលក់​គ្រឿងសំណង់ ក្នុងភូមិ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ក្រៅពី​មុខរបរ​អាជីព​មួយ​នេះ អ្នកស្រី បាន​ចំណាយពេល​ទំនេរ​របស់​ខ្លួន ទៅ​ដាំ​បន្លែ​ជាច្រើន​ប្រភេទ ព្រោះតែ​ចូលចិត្ត​ធម្មជាតិ​បៃតង និង​មិន​ចង់​ចំណាយពេល​ឥតប្រយោជន៍​។​
 
​នៅ​បរិវេណ​ខាងក្រោយ​ផ្ទះ ក្នុង​ទំហំ​ដី​ប្រមាណ​៣​ពាន់​ម៉ែត្រ​ការេ អ្នកស្រី មុយ​ហុង ដាំ​ដំណាំ​ជាច្រើន​ប្រភេទ ក្នុងនោះ​មានដូចជា ការ៉ុត ឆៃថាវ ខ្ទឹមបារាំង ខ្ទឹមក្រហម ប៉េងប៉ោះ ស្ពៃចង្កឹះ ផា្ក​ស្ពៃ ខាត់​ណាស ខាត់ណា​ខៀវ ម្ទេស ម្ទេស​វែង​កូរ៉េ ម្ទេស​ប្លោក ដំឡូងបារាំង និង​ជី​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ​។​
 
​ទោះ​ដាំ​ក្នុង​ទំហំ​ដី​ធំ និង​បន្លែ​ច្រើន​ប្រភេទ តែ​អ្នកស្រី មុយ​ហុង មិន​ធ្វើ​អាជីវកម្ម​ឡើយ​។ ស្ត្រី​វ័យ​២៦​ឆ្នាំ​រូបនេះ ឆ្លើយ​ប្រាប់ ThmeyThmey25  ពី​មូល​ហេតុដែល​ខ្លួន​ចាប់ផ្ដើម​ការងារ​នេះ​ដូច្នេះ​ថា​៖«​ខ្ញុំ​ចូលចិត្ត ខ្ញុំ​រៀន​ដាំ​បន្លែ​លេងៗ​ក្រោយ​ផ្ទះ ដល់​ចឹ​ង​យូរៗ​ទៅ​ខ្ញុំ​ដាំ​បន្លែ​ទៅ ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​ឃើញ​បន្លែ​ល្អ​ទៅ​ខ្ញុំ​ចេះតែ​ចូលចិត្ត​ដាំ ចង់​ដាំ​អី​ប្លែកៗ​បន្ថែម​អ៊ីចឹងទៅ​។ ខ្ញុំ​មិន​ធ្វើ​អាជីវកម្ម ព្រោះ​ខ្ញុំ​គ្មាន​ពេល ខ្ញុំ​ឆ្លៀត​ពេលទំនេរ​មួយ​ភ្លែតៗ​មក​ដាំ និង​ស្រោច​ទឹក​»​។​


 
​អ្នកស្រី​បន្តថា ការដាំ​ដំណាំ​បាន​ជួយ​ឲ្យ​អ្នកស្រី បាន​កាត់បន្ថយ​ភាព​តានតឹង បញ្ហា​ស្ត្រេ​ស ទោះ​មិន​ទាំងស្រុង តែ​វា​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ខ្លួន​សប្បាយចិត្ត​ពេល​ឃើញ​បន្លែ​លូតលាស់​ល្អ ពោរពេញ​ទៅដោយ​ភាពស្រស់​បំព្រង​។​
 
​មិន​ខុសពី អ្នកស្រី ឡាវ មុយ​ហុង នោះទេ លោក ហេង គីម​ហ៊ា​ញ ដែលជា​គ្រូពេទ្យ​មួយរូប រស់នៅ​ក្នុងភូមិ​ស្វាយមីង ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​ចំណាយ​ពេលវេលា​ខ្លួន ក្រោយ​ទំនេរ​ពី​ការងារ ទៅ​ដាំ​បន្លែ​ធម្មជាតិ ព្រោះ​យល់ថា​ការងារ​មាន​ប្រយោជន៍​ច្រើន​ដល់​ខ្លួន​។ 
 
​លោក គីម​ហ៊ា​ញ ដាំ​បន្លែ​ជាច្រើន​ប្រភេទ លើ​ផ្ទៃដី​ប្រមាណ​១​ម៉ែត្រ​កន្លះ នៃ​បរិវេណ​ចំហៀង​ផ្ទះ​ខ្លួន​។ ដោយសារ​តែមាន​ផ្ទៃដី​តូចចង្អៀត លោក គីម​ហ៊ា​ញ បាន​កែច្នៃ​កន្លែង​ដាំ​បន្លែ​ខ្លួន ដោយ ដាំ​បន្លែ​ក្នុង​កញ្ច្រែង ហើយ​ព្យួរ​ទៅនឹង​ជញ្ជាំង​ផ្ទះ​។ 


 
​លោក គីម​ហ៊ា​ញ ប្រាប់ សារព័ត៌មាន ThmeyThmey25 ពី​មូលហេតុ និង​ការចាប់ផ្ដើម ដាំ​ដំណាំ​របស់ខ្លួន​ដូច្នេះ​ថា​៖«​ដោយសារ​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​បើក​យូ​ធូប​ទៅ​ប៉ះចំ​វីដេអូ​គេ​ដាំ​បន្លែ ដល់ពេល​អ៊ីចឹងទៅ ខ្ញុំ​ក៏​ច្នៃ​ដី​នៅ​កៀន​ផ្ទះ​សល់​១​ម៉ែត្រ​កន្លះ​ហ្នឹង ឲ្យ​ជាងគេ​ធ្វើ​ធ្នើរ​ដាក់​កញ្ច្រែង​ដាំ​បន្លែ​។ នៅពេល​ដាំ​លើកដំបូង ទទួល​បានល្អ ដល់ពេល​បន្ទាប់ៗ​មក ខ្ញុំ​បន្ត​ដាំ​រហូត​ទៅ គ្រាន់​ដាំ​ឆ្លាស់​មុខ​បន្លែ​គ្នា​»​។ លោក បន្តថា ជាង​២​ឆ្នាំ​ហើយ ដែល​លោក​បាន​ដាំ​បន្លែ​ទាំងអស់នេះ ហើយ​វា​ពិតជា​ធ្វើ​ឲ្យ​លោក សប្បាយចិត្ត មាន​អារម្មណ៍ល្អ និង​កាត់បន្ថយ​ស្ត្រេ​ស​ពី​ការងារ​បាន នៅពេល​លោក ឃើញ​ការលូតលាស់​របស់​បន្លែ​។​
 
​បុរស​វ័យ​៣១​ឆ្នាំ​រូបនេះ បានចាត់ទុក​ការដាំ​បន្លែ​របស់ខ្លួន ថា​ជាការ​កម្សាន្ត​មួយបែប  និង​ជាការ​ហាត់ប្រាណ​។ លោក បាន​បង្រៀន​កូនៗ​ខ្លួន​ឲ្យ​ចេះ​ដាំ និង​ថែទាំ​បន្លែ​ទាំងនោះ ដើម្បី​បណ្ដុះ​គំនិត​ក្មេងៗ​ឲ្យ​ស្រឡាញ់​ធម្មជាតិ​។ «​វា​ជាការ​បណ្ដុះ​គំនិត​ក្មេងៗ​មួយផ្នែក ព្រោះ​ពេល​យើង​ដឹកនាំ​ធ្វើ​ដូច្នេះ​ទៅ​ឲ្យ​ពួកគេ​ចេះ​ស្រឡាញ់​ធម្មជាតិ និង​ចេះ​ធ្វើ​លំ​ហាត់ប្រាណ​។ សូម្បីតែ​ការដាំ​បន្លែ ក៏​ខ្ញុំ​បណ្ដោយ​ឲ្យ​កូនៗ​ដាំ ស្រោច​ទឹក និង​ចេះ​ដំណាំ​ទាំងនោះ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង គីម​ហ៊ា​ញ​។ 


 
​ចំណែកឯ លោក អ៊ិន សំណាង បាន​ចំណាយពេល​ទំនេរ​របស់​ខ្លួន ដាំ​បន្លែ​ក្នុង​បរិវេណ​ខាងក្រោយ​ផ្ទះ​ជាច្រើន​ប្រភេទ មានដូចជា ត្រកួន ស្ពៃ​ខ្មៅ ននោង ត្រឡាច រមៀត ស្លឹកគ្រៃ ជីគ្រប់មុខ ម្ទេស និង​ស្លឹក​តើយ ជាដើម​។​
 
​ជា​កសិករ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ម្នាក់ រស់នៅក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក សំណាង លើកឡើងថា ក្រោយ​ទំនេរ​ពី​ការងារ ពលរដ្ឋ​គួរ​ចំណាយពេល ដាំ​បន្លែ​ធម្មជាតិ សម្រាប់​បរិភោគ​ក្នុងផ្ទះ ទើប​ចំនួន​តិច ឬ​ច្រើនក្ដី​។ លោក សំណាង ចង់​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ដាំ​បន្លែ​នៅផ្ទះ ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ដោយ​ទទួលបាន​បន្លែ​ធម្មជាតិ​បរិភោគ​ហើយ និង​ដូចជា​ការធ្វើ​លំ​ហាត់ប្រាណ​មួយ​ផងដែរ​។ 
 


​រយៈពេល​៥​ឆ្នាំ​ហើយ ដែល​លោក អ៊ិន សំណាង បាន​ចំណាយ​ពេលទំនេរ​ខ្លួន​ដាំ​បន្លែ​នៅផ្ទះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25 លោក សំណាង លើកឡើង​ដូច្នេះ​ថា​៖«​ការដាំ​បន្លែ​នេះ ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​យូរហើយ​។ ការដាំ​នេះ ជា​លក្ខណៈ​គ្រួសារ មិនធំ​អ្វី​ទេ​»​។ 
 
​លោក អ៊ិន សំណាង បញ្ជាក់ថា បន្ទាប់ពី​ឃើញ​ដំណាំ​របស់លោក មិត្តភក្ដិ​ដែល​រស់នៅ​ក្នុងផ្ទះ​បុរី បាន​សួរនាំ​ពី​បច្ចេកទេស​ដាំ និង​បាន​ដាំ​ដំណាំ​នៅផ្ទះ​ដូចជា​រូបលោក​ផងដែរ​។ បុរស​វ័យ​៤៩​ឆ្នាំ​រូបនេះ សប្បាយចិត្ត​ជាមួយ​ការងារ​ដំណាំ​មួយ​នេះ​ណាស់ លោក បានចាត់ទុក​ការងារ​នេះ​ជា​រឿង​សំខាន់​ក្នុង​ជីវិត​របស់លោក ព្រោះ​នៅពេល​ធ្វើ​វា ដូច​ជាការ​ប្រាណ ហើយ​ទទួលបាន​ដំណាំ​សុវត្ថិភាព​មួយ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដោយមាន​ទំនុកចិត្ត​។​
 
​ជុំវិញ​និន្នាការ​ថ្មី​មួយ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គាំទ្រ​យ៉ាងខ្លាំង ព្រោះ​នៅពេល​ពលរដ្ឋ​ងាក​មក​ដាំ​បន្លែ​ដោយ​ខ្លួនឯង​បែបនេះ នឹង​ទទួលបាន​បន្លែ​ធម្មជាតិ​បរិភោគ​នៅផ្ទះ និង​ចូលរួម​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ក្រៅ​ផងដែរ​។ លោក វេ​ង សាខុន បានលើកឡើង​ដូច្នេះ​មកកាន់ ThmeyThmey25 តាម​ទូរ​សព្ទ​៖«​ខ្ញុំ​សប្បាយចិត្ត​ណាស់​! នៅពេល​ប្រជាជន​ផុលផុស​នាំគ្នា​ដាំ​អ៊ីចឹងទៅ ដាំ​ហូប​ខ្លួនឯង​ផង​ទៅ ហើយ​ចូលរួមចំណែក​ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ ដើម្បី​កុំ​ឲ្យ​គេ​នាំ​ចូលមក​ស្រុក​ខ្មែរ​»​។ លោក​រដ្ឋមន្ត្រី បន្តថា ពេល​ដាំ​ខ្លួនឯង​បែបនេះ នឹង​ដឹងថា​បន្លែ​ខ្លួន គឺមាន​សុវត្ថិភាព កុំ​ឲ្យ​មានការ​នាំចូល​សូម្បី​បន្លែ​ដែល​អាច​ដាំ​នៅផ្ទះ​បាន​។ អ្វីដែល​អាចធ្វើ​បាន ពលរដ្ឋ​គ្រប់រូប​គួរតែ​ធ្វើ ព្រោះ​មិនគួរ​ចំណាយពេល​ធ្វើ​រឿង​ឥតប្រយោជន៍​ឡើយ​នៅពេល​សម្រាក​ពី​ការងារ​។ នេះ​បើតាម​ការលើក​របស់លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​


 
​ក្រៅពីនេះ លោក រដ្ឋមន្ត្រី ក៏​ចង់​ឲ្យ​ពលរដ្ឋ ដែលជា​អាណាព្យាបាល  និង​លោកគ្រូ អ្នកគ្រូ ទាំងអស់ គួរតែ​ជំរុញ​ឲ្យ​ក្មេងៗ​ដាំ​បន្លែ ដើម្បី​បណ្ដុះ​គំនិត​កុមារ​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន ធម្មជាតិ ពិសេស​បន្លែ​ធម្មជាតិ នៅ​ទីធ្លា​ផ្ទះ​ខ្លួន និង​នៅតាម​សាលា​ជាដើម​៕
 

Tag:
 ដាំ​បន្លែ​
 ​វេ​ង សាខុន​
 ​ឡាវ មុយ​ហុង​
 ​ហេង គីម​ហ៊ា​ញ​
 ​អ៊ិន សំណាង​
© រក្សាសិទ្ធិដោយ thmeythmey.com