ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីចុងសប្តាហ៍មុន បានបង្ហាញមុខខ្សែការពារបរទេសចំណូលថ្មី ដែលធ្លាប់លេងឲ្យក្លិបក្នុងក្របខណ្ឌ EUFA Europa Champion League។ ម្ចាស់អាវលេខ២៩ Paddy Barrett នឹងយកបទខ្លួនធ្លាប់លេងនៅអឺរ៉ុប មកជួយពង្រឹងតំបន់ការពាររបស់ក្លិប ក៏ដូចជាចែករំលែកដល់កីឡាករវ័យក្មេងនៅក្នុងក្រុម។
ខ្សែការពារ Paddy Barrett អះអាងថា រូបគេនឹងយកបទពិសោធន៍ ដែលខ្លួនធ្លាប់លេងឲ្យក្លិបជាច្រើននៅតំបន់អឺរ៉ុប មកជួយពង្រឹងតំបន់ការពាររបស់ក្លិបព្រះខ័នរាជស្វាយរៀង ក៏ដូចជាចែករំលែកដល់កីឡាករវ័យក្មេងក្នុងក្លិបនេះ។ កីឡាករចំណូលថ្មីវ័យ២៧ឆ្នាំរូបនេះ រំពឹងថា វត្តមានរបស់ខ្លួននឹងអាចរួមចំណែកច្រើនក្នុងការជួយឲ្យក្លិបនេះ កាន់តែល្អប្រសើរថែមទៀត។
ម្ចាស់អាវលេខ២៩រូបនេះ បានរៀបរាប់ពីបទពិសោធ ដែលខ្លួនធ្លាប់លេងកន្លងមកយ៉ាងដូច្នេះថា៖«ខ្ញុំមានបទពិសោធជាច្រើន ហើយខ្ញុំនៅក្មេងនៅឡើយ។ ខ្ញុំបានលេងនៅជុំវិញទ្វីបអឺរ៉ុប ពេលវេលាទាំងនោះ គឺអស្ចារ្យ ដោយខ្ញុំបានលេងជាមួយក្រុមកំពូលៗជាច្រើននៅលើពិភពលោក។ ខ្ញុំនឹងយកបទពិសោធ ដែលទទួលបាននៅទីនោះ មកទីនេះ(ក្រុមព្រះខ័នរាជស្វាយរៀង)»។
ក្រោយបានចូលហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុម Paddy បានសរសើរពីសមត្ថភាពរបស់មិត្តរួមក្រុម និងសង្កេតឃើញថា ពួកគេសុទ្ធសឹងជាកីឡាករមានសមត្ថភាព និងបច្ចេកទេសល្អ។ តែយ៉ាងណា រូបគេអះអាងថា ខ្លួនមិនទាន់អាចសម្របខ្លួនជាមួយក្រុមបាននៅឡើយទេ ជាពិសេសភាពខុសគ្នានៃពេលវេលា និងអាកាសធាតុ។
ទោះបីយ៉ាងនេះក្តី Paddy រំពឹងថា ខ្លួននឹងអាចសម្របខ្លួនជាមួយក្រុមបានក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ រូបគេបានបង្ហាញជំនឿចិត្តយ៉ាងដូច្នេះថា៖«ខ្ញុំនឹងអាចជួយក្រុមបានច្រើន តាមរយៈបទពិសោធកន្លងមក កម្រិតដែលខ្ញុំបានលេង ក្លិបដែលខ្ញុំបាននៅ កីឡាករដែលខ្ញុំបានលេងជាមួយ និងគ្រូបង្វឹកដែលខ្ញុំបានលេង ខ្ញុំមានបទពិសោធច្រើន ហើយកីឡាករនៅទីនេះ ក៏នៅក្មេង ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចជួយពួកគេក្នុងអាជីពរបស់ខ្លួនគេ»។
Paddy Barrett បានចាប់អាជីពបាល់ទាត់ដំបូងជាមួយក្លិបយុវជន Aberdeen F.C នៅអំឡុងឆ្នាំ២០១០។ ក្រោយមករូបគេផ្ទេរទៅចូលរួមជាមួយក្លិប Dundee United ក្នុងកម្រិតយុវជនដូចគ្នា ហើយត្រូវបានដំឡើងឲ្យមកលេងក្នុងឈុតធំចន្លោះពីឆ្នាំ២០១៣-២០១៤។
ក្នុងអំឡុងពេលរួមរស់ជាមួយ Dundee United រូបគេបានចូលរួមជាមួយក្លិប Waterford ក្រោមលក្ខខណ្ឌខ្ចីជើងបាន១រដូវកាល មុនផ្ទេរទៅ Galway United នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៤។ នៅឆ្នាំ២០១៥ រូបគេផ្ទេរទៅកាន់ក្លិប Dundalk នៅអៀរឡង់ រហូតដល់ឆ្នាំ២០១៧។ នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៧ រូបគេ បានផ្ទេរទៅចូលរួមជាមួយ Waterford ជាថ្មីក្រោមលក្ខខណ្ឌខ្ចីជើង។
ក្រោយមកនៅឆ្នាំ២០១៨ Paddy បានផ្លាស់ទៅចូលរួមជាមួយក្លិប Cincintani FC បន្ទាប់មកផ្ទេរទៅក្លិប Indy Eleven នៅឆ្នាំ២០១៩ រហូតដល់ដំណាច់រដូវកាលឆ្នាំ២០២០៕