ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅថ្ងៃទី១១ ខែមករា បានប្តេជ្ញាស្តារកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង-អាមេរិក ឡើងវិញ បន្ទាប់ពីជាប់គាំងជាងមួយឆ្នាំកន្លងមក។ ការសន្យានេះ ធ្វើឡើងស្របពេលប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ជិតដល់ពេលត្រូវផុតអាណត្តិនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
ចាប់តាំងពីជំនួបចុងក្រោយរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅតំបន់គ្មានយោធា ក្នុងខែមិថុនា ឆ្នាំ២០១៩ កន្លងមក កិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរ ត្រូវជាប់គាំងរហូត ដោយសារជជែកគ្នាមិនត្រូវលើចំនុចជាច្រើនទាក់ទិនការរំសាយអាវុធនុយក្លេអ៊ែរ និងសម្បទានសេដ្ឋកិច្ចឲ្យកូរ៉េខាងជើង។
ខណៈការចរចានៅជាប់គាំងជាងមួយឆ្នាំបែបនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានចេញមុខជាថ្មី និងសន្យាថាស្តារកិច្ចចរចាមួយនេះឡើងវិញ មុនអាណត្តិរបស់លោកត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២២។ ប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់តំណែងត្រឹមតែមួយអាណត្តិ ដែលមានរយៈពេលត្រឹម ៥ឆ្នាំប៉ុណ្ណោះ។
«កិច្ចចរចា និងវិបុលភាពរួមគ្នា ជាចំណុចដ៏សំខាន់ នៃដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ»។ លោក មូន បានលើកឡើងបែបនេះ ដោយបន្ថែមថា កូរ៉េខាងត្បូង នឹងខិតខំធ្វើឲ្យកិច្ចចរចារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចាប់ផ្តើមឡើងវិញ។
ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបែបនេះ ធ្វើឡើងស្របពេលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃឌិនជិតចូលអង្គុយនៅក្នុងសេតវិមានអាមេរិក ជំនួសលោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ លោក បៃឌិន នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន បានបន្តថា កូរ៉េខាងត្បូង នឹងពង្រឹងសម្ព័ន្ធមិត្តជាមួយអាមេរិកក្រោមរដ្ឋបាលលោក បៃឌិន និងខិតខំក្នុងអាណត្តិដឹកនាំចុងក្រោយ ដើម្បីបញ្ចប់ភាពជាប់គាំងនៃកិច្ចចរចា និងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង។ បើតាមលោកមូន ឆន្ទៈរបស់កូរ៉េខាងត្បូង ក្នុងការចរចាជាមួយកូរ៉េខាងជើង គឺមិនប្រែឡើយ។
ក្រៅពីកិច្ចចារចារំសាយកម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងត្បូង ប្តេជ្ញាបន្តកិច្ចសហការជាមួយកូរ៉េខាងជើងលើវិស័យផ្សេងទៀត ដូចជាកិច្ចការប្រឆាំងកូវីដ-១៩ ជំនួយមនុស្សធម៌ និងទេសចរណ៍ជាដើម។
យ៉ាងណាមិញ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃទី៨ ខែមករា កន្លងទៅ បានលើកឡើង នៅក្នុងសមាជបក្សពលករកូរ៉េខាងជើងលើកទី៨ ថា ក្រុងព្យុងយ៉ាង អាចត្រលប់ទៅទំនាក់ទំនងធម្មតាជាមួយក្រុងសេអ៊ូលដូចកាលពី ៣ឆ្នាំមុនវិញ ប្រសិនបើរដ្ឋាភិបាលលោកមូន ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ កន្លងទៅកូរ៉េខាងជើង មិនពេញចិត្តឡើយ បន្ទាប់ពីកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា និងទិញអាវុធពីអាមេរិក៕