កីឡាអន្តរជាតិ
អន្តរជាតិ
Miura កីឡាករចាស់ជាងគេរបស់ជប៉ុន បន្តអាជីពបាល់ទាត់នៅអាយុ៥៣ឆ្នាំ
× Kazuyoshi Miura ខ្សែប្រយុទ្ធវ័យចំណាស់ជាងគេក្នុងវិស័យកីឡាបាល់ទាត់ នឹងចាប់ផ្តើមបន្តអាជីពរបស់ខ្លួននៅអាយុ ៥៣ឆ្នាំ បន្ទាប់ពីបន្តកិច្ចសន្យាជាមួយក្លិបជប៉ុន Yokohama FC រយៈពេលមួយរដូវកាលទៀត។ ក្លិប Yokohama បានប្រកាសដូច្នេះនៅថ្ងៃទី១១ ខែមករានេះ។
ខ្សែប្រយុទ្ធដែលគេឲ្យរហស្សនាមថា «King Kazu» នេះ នឹងឈានចូលវ័យ៥៤ឆ្នាំ នៅថ្ងៃទី ២៦ ខែកុម្ភៈខាងមុខ មុនមួយថ្ងៃមុនពេលក្របខណ្ឌលីគកំពូលជប៉ុន J-League ផ្តើមយុទ្ធនាការរដូវកាលថ្មី ២០២០-២១។ នេះនឹងក្លាយជារដូវកាលទី១៧ សម្រាប់អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនរូបនេះជាមួយ Yokohama ចាប់តាំងពីចូលរួមដំបូងក្នុងឆ្នាំ២០០៥។
Miura ដែលធ្លាប់ប្រកបអាជីពឲ្យក្លិបល្បីៗជាច្រើនចាប់តាំងពីផ្តើមអាជីពក្នុងឆ្នាំ១៩៨៦ មកនោះ បានក្លាយជាកីឡាករវ័យចំណាស់ជាងគេលើលោកដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅអាយុ៥០ឆ្នាំ ក្នុងជំនួបរវាង Yokohama ទល់នឹងក្រុម Thespakusatsu Gunma នៅឆ្នាំ២០១៧។
រដូវកាល ២០២១ នេះនឹងក្លាយជារដូវកាលទី៣៦ របស់ Miura ក្នុងនាមជាកីឡាករបាល់ទាត់អាជីពបន្ទាប់ពីម្ចាស់ពានកីឡាករឆ្នើមប្រចាំតំបន់អាស៊ីដំបូងគេរបស់ជប៉ុនរូបនេះ ចាប់ផ្តើមអាជីពដំបូងជាមួយក្លិប Santos នៃលីគកំពូលប្រេស៊ីល ក្នុងឆ្នាំ ១៩៨៦។
Miura ដែលលេងឲ្យជម្រើសជាតិជប៉ុន៨៩ប្រកួត និងរកគ្រាប់៥៥គ្រាប់ ចន្លោះឆ្នាំ១៩៩០ ដល់២០០០ ជាកីឡាករដែលគួរឲ្យគោរពបំផុតសម្រាប់អ្នកគាំទ្រជប៉ុន ដ្បិតបានជួយលីគកីឡាបាល់ទាត់ជរីកមុខមាត់នៅដើមទសវត្សឆ្នាំ៩០ នៅពេលលោកបានផ្លាស់ទៅចូលរួមជាមួយក្លិប Verdy Kawasaki ចន្លោះពីឆ្នាំ ១៩៩០ ដល់ ១៩៩៨។
Miura បានជួយ Kawasaki ឈ្នះជើងឯក J-League ពីលើកក្នុងឆ្នាំ ១៩៩៣ និង ១៩៩៤ និងជាក្លិបដែលលោករកគ្រាប់បានច្រើនជាងគេចំណោមក្លិបដែលធ្លាប់លេងទាំង១៣ ចំនួន១០០គ្រាប់ ក្នុងការប្រកួត១៩២លើក។ យ៉ាងណាក៏ដោយ ក្លិបដែល Miura ប្រកអាជីពបានយូរជាងគេគឺ Yokohama FC ចាប់តាំងពីឆ្នាំ២០០៥ ដល់សព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com