ជាតិ
សង្គមជាតិ
ស្នងការ​ក្រុងភ្នំពេញ បញ្ជា​ឱ្យ​ផ្អាក​ឃាត់​ម៉ូតូ​ធំ ច្នៃ​បំពង​ស៊ី​ម៉ាំង​បង្ក​សំឡេង​រំខាន​សិន ក្រោយ​រង​ការរិះគន់​
11, Jan 2021 , 6:04 pm        
រូបភាព
រូបពីស្នងការដ្ឋាននគរបាលជាតិ
រូបពីស្នងការដ្ឋាននគរបាលជាតិ
​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​កងកម្លាំង​ទាំងអស់ ផ្អាក​សកម្មភាព​ឃាត់​ម៉ូតូ​ធំ កែច្នៃ​បំពង​ស៊ី​ម៉ាំង ដែល​បង្ក​សំឡេង​រំខាន​ដល់​សាធារណជន ជា​បណ្ដោះអាសន្ន​សិន​។ ការផ្អាក​ចំណាត់ការ​សិន​នេះ ធ្វើឡើង​ក្រោយពី​មានការ​រិះគន់ថា សមត្ថកិច្ច​អនុវត្ត​ខុសពី​សេចក្តីណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។​


 
​តាមរយៈ​សារ​សំឡេង​៣​នាទី លោក ស ថេត បាន​បញ្ជាក់ថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន នឹង​ប្រជុំ​ណែនាំ​ជាថ្មី ចំពោះ​ការអនុវត្ត​លើ​អ្នកបើកបរ​ម៉ូតូ​ធំ ដែល​កែច្នៃ​បំពង​ស៊ី​ម៉ាំង​បង្ក​សំឡេង​ឮ​ខ្លាំង រំខាន​ដល់​អ្នកដទៃ​នេះ​។ មិនតែប៉ុណ្ណោះ​លោក ស ថេត ក៏​ហាក់​ទទួលស្គាល់ថា មន្ត្រី​សមត្ថកិច្ច ដែល​ចុះ​អនុវត្តតាម​បញ្ជា​ថ្នាក់ដឹកនាំ គឺ​ធ្វើ​ផ្ទុយ​ពី​លក្ខខណ្ឌ​ដើម​ទៅវិញ​។ ត្រង់ចំណុច​នេះ លោក ស ថេត បាន​ព្រលយ​ថា លោក​បាន​ប្រាប់​ឱ្យ​សមត្ថកិច្ច​ចុះ​ស្រង់​ស្ថិតិ​អ្នកបើក​ម៉ូតូ​ធំ នៅតាម​មូលដ្ឋាន​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​មាន​សមត្ថកិច្ច​ខ្លះ ចុះ​ឃាត់​ម៉ូតូ​ពលរដ្ឋ​ទៅវិញ​។ 
 
«​តាម​ខណ្ឌ​ទាំងអស់​ផ្អាក​ធ្វើ​ការឃាត់​ម៉ូតូ​ធំ ម៉ូតូ​ដែលមាន​ស៉ី​ម៉ាំង​អត់​មាន​សំបុក​ដែលមាន​សំឡេង​លឺ​ខ្លាំង​សិន ផ្អាក​សិន​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី​…»​។ នេះ​ជាការ​លើកឡើង​របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​
 
​បន្ថែម​ពីនេះ​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា វិធានការ​តឹងរឹង​លើ​ម៉ូតូ​ធំ​នេះ គឺ​ផ្ដោតលើ​ម៉ូតូ​ណា​ច្នៃ​បំពង​ស៊ី​ម៉ាំង ដែល​ចរាចរណ៍​លើ​ដងផ្លូវ​បង្ក​ការរំខាន​ដល់​ដទៃ​ប៉ុណ្ណោះ ហើយក៏​គ្មាន​ករណី​ចុះ​ឆែក​ដល់ផ្ទះ​ដែរ​។ ចំណែក​ម៉ូតូ​ធំ ដែល​មិនបាន​កែច្នៃ គឺ​គ្មាន​ការឃាត់​ពិន័យ​ឡើយ ពោលគឺ​សមត្ថកិច្ច​គ្រាន់តែ​ណែនាំ​ពួកគេ ប្រសិន​បើកបរ​លើស​ល្បឿន​នៅ​ទីប្រជុំជន​។​
 
​លោក​សីហា ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ទាក់ទង​នឹង​រូបភាព​មួយចំនួន​ដែល​ចែករំលែក​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ឆែក​ដល់​ក្នុងផ្ទះ​ដូចជា​មិនមែន​, ខ្ញុំ​កំពុង​ស្រាវជ្រាវ​បន្ថែម​រក​ប្រភព​នៃ​ការ​ចែកចាយ​រូប មាន​សមត្ថកិច្ច​ម្នាក់​ពាក់​អា​វា​ស៊ីវិល ហើយ​ថត​ម៉ូតូ​ក្នុងផ្ទះ ថា​តើ​មកពីណា​? ជាក់ស្ដែង​យើង​ស្រាវជ្រាវ​តាម​ប៉ុស្តិ៍​គឺ​អស់ហើយ​គឺ​អត់​មាន​ទេ​។ អត់​មាន​បទបញ្ជា​ចុះ​ចែក​រហូតដល់​ក្នុងផ្ទះ​ទេ គឺ​ចាប់​ឃាត់​នៅពេល​គាត់​ប្រើប្រាស់​ម៉ូតូ​ក្នុងពេល​បើកបរ​បង្ក​សំឡេង មិនមែន​ដល់​ថ្នាក់​ចុះ​ឆែក​ក្នុងផ្ទះ​ទេ ធម្មតា​ការឆែកឆេរ​ដល់ផ្ទះ​ពី​សមត្ថកិច្ច​ទាល់តែ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​បាន​យើង​ចុះ​ទៅបាន​...​។ 
 
​លោក ព្រីង សំរាំង ពលរដ្ឋ​រស់នៅ​សង្កាត់​ទន្លេបាសាក់ ក្នុង​រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​ចុះ​ស្រង់​ទិ​ន្និ​ន័យ​ពី​ម៉ូតូ​ធំ​របស់លោក​ដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក សំរាំង បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​សមត្ថកិច្ច​ប្រាប់ថា ចុះ​ស្រង់​ទិន្នន័យ​អ្នកមាន​ម៉ូតូ​ធំ ហើយ​ខ្ញុំ​ក៏​សហការ​ជួយផ្ដល់​ព័ត៌មាន​ជាមួយ​គាត់​។ ខ្ញុំ​គ្មានអ្វី​ភ័យ​ទេ ព្រោះ​ម៉ូតូ​ខ្ញុំ​មិនបាន​កែច្នៃ​...»​។ 
 
​កាលពីពេល​ថ្មី​នេះ សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ម៉ូតូ​ធំ​ខ្លះ បាន​ច្នៃ​បំពង់​ស៊ី​ម៉ាំង ដែល​បង្ក​សំឡេង​ដល់​ពលរដ្ឋ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា គោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព​កាលពី​ថ្ងៃទី​៨​កម​រា ឆ្នាំ​២០២១ សម្ដេច ស ខេង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​លើ​ករណី​ម៉ូតូ​ធំ​ទាំងនោះ​។ 
 
​ជុំវិញ​វិធានការ​នេះ លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អគ្គស្នងការ​នគរបាល​ជាតិ កំពុង​រៀបចំតាក់តែង​សេចក្តីណែនាំ​ដល់​សមត្ថកិច្ច​នគរបាល និង​ពលរដ្ឋ​ឲ្យ​យល់ច្បាស់​សិន ដើម្បី​ចុះ​អនុវត្តន៍​និង​សហ​ការណ៍​គ្នា​បានល្អ​។ 
 
​រយៈពេល​៣​ថ្ងៃនេះ សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ច្នៃ​បំពង់​ស៊ី​ម៉ាំង ប្រមាណ​៦០​គ្រឿង​ហើយ​។​នេះ​បើតាម​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

Tag:
 ស ថេត
 ម៉ូតូធំ
© រក្សាសិទ្ធិដោយ thmeythmey.com