COVID-19
អន្តរជាតិ
កោះម៉ាយក្រូណេស៊ី រកឃើញអ្នកកើតកូវីដ-១៩ លើកដំបូង
12, Jan 2021 , 10:35 am        
រូបភាព
លោកប្រធានាធិបតីម៉ាយក្រូណេស៊ី David Panuelo
លោកប្រធានាធិបតីម៉ាយក្រូណេស៊ី David Panuelo
ដោយ: រួបរួម
កោះម៉ាយក្រូណេស៊ី (Micronesia) ដែលស្ថិតនៅតំបន់អូសេអានី បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅដែនដីរបស់ខ្លួន។ បើតាមការបញ្ជាក់របស់លោកប្រធានាធិបតី David Panuelo កាលពីថ្ងៃចន្ទ។



យោងតាម AFP អ្នកជំងឺជាបុគ្គលិកម្នាក់ដែលបម្រើការលើនាវារដ្ឋ «Chief Mailo» ដែលទើបតែវិលត្រឡប់ពីការជួសជុលវិញនៅហ្វីលីពីន។ លោកប្រធានាធិបតី បានអំពាវនាវពលរដ្ឋខ្លួនកុំឲ្យជ្រួលច្របល់ដោយសារស្ថានការណ៍អាចគ្រប់គ្រងបាន។

លោក David Panuelo បានអះអាងថា សាលារៀន ព្រះវិហារ និងអាជីវកម្មនានានៅតែដំណើរការ នៅរដ្ឋប៉ាស៊ីហ្វិកមួយនេះ ដែលមានពលរដ្ឋជាង១១ម៉ឺននាក់។

យោងតាមទិន្នន័យដែលបង្ហាញដោយ Worldometers កោះម៉ាយក្រូណេស៊ី ត្រូវបានចាត់ទុកជា ប្រទេស/តំបន់ទី២១៩លើពិភពលោកដែលមានករណី COVID-19 បន្ទាប់កោះសូឡូម៉ុង ម៉ាស្សាល់ និងសាម័រ។ ប្រជាជាតិ និងទឹកដីតូចៗផ្សេងទៀត ដែលប្រកាសថា មិនទាន់មានករណីឆ្លង COVID-19 មានដូចជា គិរីបាទី, ណូរុ, ប៉ាឡាវ, តុងហ្គា និងទូវាលូ។

គិតត្រឹមថ្ងៃអង្គារនេះ អ្នកកើតកូវីដ-១៩ លើពិភពលោក មានជាង៩១.៣១លាននាក់ ក្នុងនោះស្លាប់ជាង១.៩៥លាននាក់ និងសះស្បើយជាង៦៥.២៨លាននាក់។ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល មានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត៕



© រក្សាសិទ្ធិដោយ thmeythmey.com