អន្តរជាតិ
លោក ស៊ី ផ្ញើសារអបអរសាទរលោក គីម ដែលក្លាយជាលេខាបក្សកាន់អំណាចកូរ៉េខាងជើង លោក ស៊ី ជិនភីង អគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបកន្លងមក។ រូបថត Xinhua
×
ដោយ ៖ឈួន ឈីវអ៊ីង
មេដឹកនាំចិនលោក ស៊ី ជីនភីង បានផ្ញើសារអបអរសាទរមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានជាប់ឆ្នោតក្លាយជាអគ្គលេខាធិការបក្សកាន់អំណាចរបស់កូរ៉េខាងជើង។ នេះបើតាមការផ្សាយទីភ្នាក់ងារព័ត៌មានរដ្ឋចិននៅថ្ងៃទី១១ ខែមករា។ លោក ស៊ី ក៏បានប្រកាសប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងចិន និងកូរ៉េខាងជើងឲ្យកាន់តែរឹងមាំ។
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបោះឆ្នោតឲ្យធ្វើជាអគ្គលេខាធិការបក្សពលករកូរ៉េក្នុងកិច្ចប្រជុំនៃសមាជបក្សលើកទី៨ នៅថ្ងៃទី១០ខែមករាកន្លងទៅ។ លោកស្នងតំណែងនេះពីឪពុក គឺលោក គីម ជុងអ៊ីល ដែលស្លាប់នៅឆ្នាំ២០១១ ។ មេដឹកនាំចិន បានផ្ញើលិខិតអបអរលោក គីម មួយភ្លាមៗដែរ។
ក្នុងលិខិតដែលផ្សាយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន បានកោតសរសើរលោក គីម ដែលដឹកនាំកូរ៉េខាងជើងឲ្យសម្រេចបានជោគជ័យលើគោលដៅអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច រួមទាំងលទ្ធិសង្គមនិយមថែមទៀតផង។
ចំណែកទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា លោក ស៊ី បង្ហាញគោលបំណងរបស់លោកក្នុងការការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់ ក៏ដូចជាការអភិវឌ្ឍន៍និងវិបុលភាពផងដែរ។ លោក ស៊ី ដែលជាប្រធានាធិបតីចិនផងនោះ ក៏រំពឹងប្រទេសទាំងពីររឹតចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំថែមទៀត ហើយបក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន ក៏ប្រកាន់ខ្ជាប់គោលនយោបាយបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងឲ្យជោគជ័យដែរ។
ដូចដឹងស្រាប់ ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់កូរ៉េខាងជើង ព្រមទាំងជាសម្ពន្ធមិត្ត និងជាខ្នងបង្អែករឹងមាំរបស់រដ្ឋកុម្មុយនីស្តនេះថែមទៀតផង។ មេដឹកនាំកំពូលប្រទេសទាំងពីរ តែងផ្លាស់ប្ដូរទស្សនៈគ្នាទៅមកលើវិស័យសន្តិសុខនៅឧបទ្វីបកូរ៉េ ពិសេសការរំសាយនុយក្លេអ៊ែរ។ កន្លងទៅ ចិនស្នើឲ្យអាមេរិកធ្វើសម្បទានឲ្យបានច្រើនសម្រាប់កូរ៉េខាងជើង ដើម្បីបើកផ្លូវការលុបបំបាតនុយក្លេអ៊ែរ។
ក្រៅពីកាន់តំណែងជាអគ្គលេខាធិការបក្ស លោក គីម នៅមានតំណែងកំពូលៗផ្សេងទៀត ដូចជា ប្រធានគណៈកម្មការកិច្ចការរដ្ឋ, មេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េខាងជើង, តំណាងកំពូលរបស់ប្រជាជនកូរ៉េខាងជើង និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋ។
ចាប់តាំងពីឆ្នាំ ២០១១ ពេលដែលលោកគីម ជុងអ៊ុន ឡើងកាន់អំណាច ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើងជាច្រើនបានល្អប្រសើរឡើងគួរឲ្យកត់សម្គាល់ដែរ ដោយសារពន្លកប្រព័ន្ធទីផ្សារបានរីកលូតលាស់ និងមានតម្រូវការទំនិញកាន់តែច្រើនឡើង។ ប៉ុន្តែការបន្តផ្ដោតខ្លាំងលើវិស័យោធា និងវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកូរ៉េខាងជើងរងផលប៉ះពាល់ខ្លាំង។ កាលពីសប្តាហ៍មុន លោក គីម បានប្រាប់សមាជបក្សថា ផែនការសេដ្ឋកិច្ច៥ឆ្នាំរបស់់លោក បានបរាជ័យ ព្រោះតែទណ្ឌកម្មអន្តរជាតិ ការរីករាលដាលនៃកូវីដ-19 និងគ្រោះធម្មជាតិផងដែរ៕
Tag:
ចិន
កូរ៉េខាងជើង
ស៊ី ជិនភីង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com