ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម បន្តសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែន
12, Jan 2021 , 12:30 pm        
រូបភាព
បង្គោលព្រំដែនមួយ នៅតាមខ្សែព្រំដែនកម្ពុជា-វៀតណាម (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី)
បង្គោលព្រំដែនមួយ នៅតាមខ្សែព្រំដែនកម្ពុជា-វៀតណាម (រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី)
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង លោក ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបើកកិច្ចប្រជុំជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ ដើម្បីវាយតម្លៃពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២០កន្លងមក និងបង្កើតពិធីសារថ្មីស្តីពីកិច្ចសហប្រតិបត្តិការវិស័យយោធា ក្នុងឆ្នាំ២០២១នេះ។ ក្នុងកិច្ចប្រជុំ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីបញ្ហាផ្សេងៗនៅតាមព្រំដែនដែរ។



ក្រសួងការពារជាតិកម្ពុជា បានស្រង់ខ្លឹមសារនៃកិច្ចប្រជុំ ទៅចុះផ្សាយថា រដ្ឋមន្ត្រីការពារប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រត្តិការរវាងបណ្ដាយោធភូមិភាគ នៅតាមបន្ទាត់ព្រំដែន និងកម្លាំងគ្រប់គ្រងការពារព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ដូចជា ការជួញដូរគ្រឿងញៀន ជាដើម។ បន្ថែមពីនេះ រដ្ឋមន្រ្តីប្រទេសទាំងពីរ ក៏បានជំរុញឲ្យមានការដើរល្បាតរួមគ្នាឲ្យបានហ្មត់ចត់តាមខ្សែព្រំដែនដែរ ដើម្បីទប់ស្កាត់រាល់សកម្មភាពនាំចេញនាំចូលខុសច្បាប់ និងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចូលក្នុងប្រទេសនីមួយៗ។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ ដែលរៀបចំឡើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រដ្ឋមន្រ្តីការពារប្រទេសវៀតណាម វាយតម្លៃថា ទោះបីជាក្នុងឆ្នាំ២០២០ កម្ពុជា-វៀតណាម ជួបវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែកងទ័ពប្រទេសទាំងពីរ បានអនុវត្តពិធីសារស្តីពីកិច្ចសហការនៃក្រសួងការពារជាតិទាំងពីរ បានល្អ  ដោយក្នុងនោះ រួមមាន ការបណ្ដុះបណ្ដាល ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និង កិច្ចសហប្រតិបត្តិការការរុករកអដ្ឋិធាតុកងទ័ពវៀតណាម នៅកម្ពុជា។

ចំណែក រដ្ឋមន្រ្តីការពារជាតិកម្ពុជា វាយតម្លៃថា នៅឆ្នាំ២០២០ កងទ័ពប្រទេសទាំងពីរ បានសហការរួមគ្នាយ៉ាងស្អិតល្មួត ក្នុងភាពអ្នកជិតខាងល្អ និងលើកកម្ពស់ទំនាក់ទំនងឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង យូរអង្វែង។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ជំរុញឲ្យអនុវត្តពិធីសារស្តីពីសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំងពីរ នៅឆ្នាំ២០២១នេះ ឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព៕

Tag:
 កម្ពុជា-វៀតណាម
  បទល្មើសព្រំដែន
  កិច្ចសហការយោធា
© រក្សាសិទ្ធិដោយ thmeythmey.com