កីឡាអន្តរជាតិ
អន្តរជាតិ
បើ​ចេញពី Arsenal, Ozil ថា ចង់ទៅ​លេង​នៅ​ក្លិប​តួ​ក​គី Fenerbahce ឬ​លី​គ​អាមេរិក​
12, Jan 2021 , 7:29 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង
 
​កីឡាករ​ខ្សែបំរើ​អាល្លឺម៉ង់ Mesut Ozil គ្រោង​នឹង​ចាក​ចេញពី​ក្លិប Arsenal ក្នុង​ខែមករា​នេះ រឺ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​។ ខណៈ​មិនបាន​លេង​ឲ្យ​កាំភ្លើង​ច្រើន​ខែ​មក​នោះ Ozil និយាយថា រូបគេ​គ្មាន​បំណង​ចូលនិវត្តន៍​នោះទេ​នៅពេល​ចាក​ចេញពី Arsenal ដោយ​អាច​បន្ត​លេង​នៅ​តួ​ក​គី ឬ​លី​គ​អាមេរិក​។​

 
​ក្លិប​លី​គ​កំពូល​តួ​ក​គី Fenerbahce និង​លី​គ​កំពូល​អាមេរិក MLS ជា​គោលដៅ​របស់​កីឡាករ​ខ្សែបម្រើ Mesut Ozil ពេល​ចាក​ចេញពី​ក្រុម​បច្ចុប្បន្ន Arsenal ។ អតីត​កីឡាករ​ជម្រើសជាតិ​អាល្លឺម៉ង់​រូបនេះ មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់​អ្នកចាត់ការ Mikel Arteta ឡើយ ទោះ​រូបគេ​មាន​បញ្ហា​របួស​អ្វី​ក៏ដោយចុះ​។ តើ Ozil នឹង​ចាក​ចេញពី​អង់គ្លេស​ក្នុង​ខែមករា​នេះ ឬ​រដូវក្ដៅ​ខាងមុខ​? នេះ​ជា​សំណួរ​ទៅកាន់​កីឡាករ​រូបនេះ​។​
 
​នៅ​ថ្ងៃទី​១១ ខែមករា Ozil ក៏​បង្កើត​វគ្គ​សំណួរចម្លើយ​នៅលើ Twitter របស់ខ្លួន ហើយ​សំណួរ​ដដែល​ក៏ត្រូវ​សួរ​ផងដែរ​។ ដំបូង Ozil បញ្ជាក់ថា រូបគេ​មិន​សោកស្ដាយ​ឡើយ​ចំពោះ​ការចូល​រួមជាមួយ Arsenal ។ ដល់​សំណួរ​គោលដៅ​បន្ទាប់​នៃ​អាជីព​កីឡាករ​បាល់ទាត់ Ozil និយាយថា មាន​ប្រទេស​ចំនួន​ពីរ​ដែល​រូបគេ​ចង់​លេង​មុន​ចូលនិវត្តន៍​។ 
 
«​តួ​ក​គី និង​អាមេរិក​។ ប្រសិនបើ​ទៅ​តួ​ក​គី ខ្ញុំ​អាច​នឹង​ទៅ Fenerbahce ប៉ុណ្ណោះ​។​» អតីត​កីឡាករ Real Madrid បញ្ជាក់​បែបនេះ ហើយ​បន្តថា រូបគេ​បាន​គាំទ្រ​ក្លិប Fenerbahce តាំងពី​នៅ​តូច​ពេល​រស់នៅ​ប្រទេស​អាល្លឺម៉ង់​។ Ozil ប្រដូច Fenerbahce ទៅនឹង Real Madrid របស់​អេ​ស្ប៉ា​ញ​ទៀតផង​។​
 
​ព័ត៌មាន Ozil ទៅ​ក្លិប​តួ​ក​គី​មួយ​នេះ បាន​លេច​ឮជា​យូរ​មកហើយ ស្របពេល​មាន​បញ្ហា​រកាំរកូស​នៅ​កាំភ្លើង​ធំ​។ ការប្រកាស​ខាងលើ នឹង​រឹតតែ​ធ្វើ​ឲ្យ​ព័ត៌មាន​នេះ​កាន់តែ​ក្ដៅ​ទៀត ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​កំពុង​ចំហ​ទ្វារ​ស្រាប់​៕
 

Tag:
 Mesut Ozil
  Fenerbahce
© រក្សាសិទ្ធិដោយ thmeythmey.com