ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ថា ការត្រៀម​ការងារ​២​ម៉ឺន​កន្លែង សម្រាប់​ពលករ​ពី​ថៃ មិនទាន់​ស្រប​តម្រូវការ​ឡើយ​
12, Jan 2021 , 9:59 pm        
រូបភាព
លោក វន់ ពៅ (ឆ្វេង) មេសហជីពប្រធានសហគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ
លោក វន់ ពៅ (ឆ្វេង) មេសហជីពប្រធានសហគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ
​ភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ត្រៀម​ការងារ​ជាង​២​ម៉ឺន​កន្លែង​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ ដើម្បី​ជៀសវាង​ត្រឡប់​ទៅ​ថៃ​វិញ​។ ការងារ​ជាង​២​ម៉ឺន​កន្លែង​នេះ ជា​ប្រភេទ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និង​កម្ម​សិ​កម្ម​។

 
​ក្រសួង​ការងារ​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា សម្ដេច ហ៊ុន សែន ចេញ​វិធាន​ការជួយ​ដោះស្រាយ​បញ្ហា​ដល់​ពលករ តាម​ទី​ភា្ន​ក់​ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) ជា​អ្នករៀបចំ​ការចុះឈ្មោះ​និង​ស្វែងរក​ការងារ​នៅក្នុង​ស្រុក​ដល់​ពលករ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្កើន​ភាពងាយស្រួល​ស្វែង​ការងារ និង​ជៀសវាង​ការ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ​វិញ​។ 


ពលករត្រឡប់ពីប្រទេសនៅតាមមណ្ឌលចត្តាឡីស័ក។ ( រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ) 

​លោក ហៃ ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​អះអាងថា​៖ «NEA បានដាក់​ចេញ​នូវ​យន្តការ​គាំទ្រ​និង​ត្រៀម​ផ្តល់ឱកាស​ការងារ​ប្រមាណ​២​ម៉ឺន​កន្លែង​សម្រាប់​ពលករ​ខ្មែរ ក្រោយពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធាន​ការបង្ការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​។ ការងារ​ដែល​បាន​ត្រៀម​សម្រាប់​ពលករ​ខ្មែរ មាននៅ​ផ្នែក​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល សេវាកម្ម សំណង់ និង​កសិកម្ម​»​។ 
 
​លោក ប៊ុន​ឡេង បញ្ជាក់​បន្ថែមថា ក្រុមការងារ​NEA គឺ​ចុះ​សម្របសម្រួល និង​បង្កើត​ជន​បង្គោល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ពលករ​ដែល​វិលត្រឡប់​មកពី​ថៃ​វិញ​។  លើសពីនេះ ក្រុមការងារ​ក៏​ចុះ​ផ្សព្វផ្សាយ​អំពី​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ ដល់​ពលករ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នីមួយៗ​។ ក្រៅពីនេះ ក្រុមការងា NEA នឹង​សម្របសម្រួល​ជាមួយ​រោងចក្រ សហគ្រាស និង​វិនិយោគិន ដើម្បី​ងាយស្រួល​ផ្តល់ឱកាស​ការងារ​ដល់​ពលករ​។ 


លោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍។ រូបពី៖ ក្រសួងមហាផ្ទៃ 

​ការត្រៀម​ការងារ​សម្រាប់​ពលករ​នេះ លោក វន់ ពៅ មេ​សហជីព​ប្រធាន​សហគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEA ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​គិតដល់​ពលករ​នៅ​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។​ប៉ុន្តែ​ការងារ​២​ម៉ឺន​កន្លែង​នេះ មិនទាន់​បំពេញតម្រូវការ​ពលរ​ដ្ឋ​ខ្មែរ​ឡើយ ខណៈ​កម្មករ​រោងចក្រ និង​ពលរដ្ឋ​ផ្សេងទៀត​កំពុង​ប្រឈម​បាត់បង់​ការងារ​ធ្វើ​ដែរ​។ យ៉ាងណាក៏ដោយ លោក​ថា រដ្ឋាភិបាល​គួរ​ពង្រីក​សក្ដានុពល​ផ្នែក​វិស័យ​កសិកម្ម ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ការងារ​ដល់​ពលករ​និង​ពលរដ្ឋ​ក្នុងស្រុក​។ 
 
​មេ​សហជីព​រូប​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការត្រៀម​ការងា​ដល់​ព​លករ​នេះ ជា​រឿង​ល្អ​។ ប៉ុន្តែ​មើលឃើញថា ទំហំ​ការងារ​នៅក្នុង​ស្រុក​យើង​ហាក់បីដូច​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​នៅពេលនេះ សូម្បីតែ​កម្មករ​រោងចក្រ​កាត់ដេរ​និង​បុគ្គលិក​វិស័យ​ទេសចរណ៍​ដែល​អត់​ការងារ​ធ្វើ នៅតែ​ពិបាក​រក​ការងារ​ទៅហើយ ហើយ កម្មករ​ក្រៅ​ប្រព័ន្ធ​ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ​។ ប្រសិន​រដ្ឋាភិបាល​មាន​វិធាន​ការពង្រីក​សក្ដានុពល​កសិកម្ម​ជា​ចំណុច​ប្រសើរ​មួយ ដែល​ឲ្យ​ពលករ​និង​ពលរដ្ឋ​ផ្សេងទៀត​បាន​»​។ 
 
​ចាប់ពី​ថ្ងៃទី​២០​ធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១១ មករា​នេះ មាន​ពលករ​ត្រឡប់​ពី​ថៃ​ជាង​៥.៨​ពាន់​នាក់​ហើយ ក្នុងនោះ​មាន​ស្រី​ជាង​២​ពាន់​នាក់​។ រយៈពេល​ដូចគ្នានេះដែរ ក៏មាន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែង​ខុសច្បាប់​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់មកវិញ​ជាង​៣៤០​នាក់​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​លោក កែវ វណ្ណ​ថន អគ្គនាយករង​អន្តោប្រវេសន៍​៕ 


លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ រូបពីទំព័រហ្វេសប៊ុក IDEA ថ្ងៃទី៦តុលា ២០២០)

លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ(រូបខាងឆ្វេង)។ រូបពី៖ ក្រសួងការងារ 
 

Tag:
 ពលករ​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com