ជាតិ
បទសម្ភាសន៍
វីដេអូ
​ថតរូប​នៅ «​ផ្លូវ​បុប្ផា​លាក់ខ្លួន​» តែ​កុំ​ភ្លេច​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​!
13, Jan 2021 , 7:59 am        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ ផ្លូវ​បុប្ផា​លាក់ខ្លួន មាន​សណ្ឋាន​ពន់​ពែន​ដូច​អន្ទង់អាំង អមដោយ​ភ្នំ​សងខាង អមដោយ​ខ្យល់អាកាស​បរិសុទ្ធ បានក្លាយ​ជាទី​តាំង​ថតរូប​ដ៏​ទាក់ទាញ​មួយ ដែល​ទេសចរ​ទៅដល់​ទីនោះ​កម្រ​នឹង​រំលង​។ ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​តំបន់ អារម្មណ៍​ត្រជាក់​លាយឡំ​ជាមួយ​ផ្សែង​អ័ព្ទ បានធ្វើ​ឲ្យ​អ្នកទេសចរ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​កំពូលភ្នំ ១៥០០ មាន​អារម្មណ៍​ស្រស់ស្រាយ បាត់អស់​ទុក្ខ​កង្វល់​។


​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញលោក អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា ជឿន ស្រី​ណ​យ និង​អ្នកទេសចរ នៅ​ភ្នំ​១៥០០ ដូចតទៅ​៖
 
​ផ្លូវ​បុប្ផា​លាក់ខ្លួន ដែល​ស្ថិត​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ជា​បណ្តោយ​ផ្លូវ​ឡើងទៅ​កាន់​ភ្នំ​១៥០០ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជាខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ឲ្យ​ឈប់ ដើម្បី​គយគន់​សម្រស់​ជួរ​ភ្នំក្រវាញ និង​ផ្ដិត​យក​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នេះ​។​
 
​លោក ម៉ៅ គីម​តេង ទេសចរ​មួយរូប​ដែល​បាន​កម្សាន្ត​លើក​ទី​២ នៅ​ភ្នំ​១៥០០​នេះ បាន​ប្រាប់​Thmeythmey25 ថា​លោក​ពេញ​ចិត្តនឹង​ទេសភាព​ដ៏​មនោ​រម្យ​នៅ​ផ្លូវ​បុប្ផា​លាក់ខ្លួន​នេះ​ណាស់​។ លោក ម៉ៅ គីម​តេង រៀបរាប់​ដូច្នេះ​៖« «​ទេសភាព​នៅទីនេះ​ពិត​ជាទី​មនោ​រម្យ​មែនទែន តាម​ដងផ្លូវ​មានព្រៃ ភ្នំ ពណ៌​ខៀវស្រងាត់​។ ពាក្យ​ដែល​គេ​ប្រសិទ្ធ​នាម​ថា​បុប្ផា​លាក់ខ្លួន ពិតជា​សាក​សម​មែន​។ បរិស្ថាន​វិញ គឺមាន​ការដាក់​ធុងសំរាម បាន​ត្រឹមត្រូវ ប៉ុន្តែ​ទន្ទឹមនឹងនេះ ក៏មាន​បងប្អូន​ខ្លះ​គាត់ មិនបាន​បោះ​សំរាម​បាន​ត្រឹមត្រូវ​ដែរ​»​។ 


 
​ធម្មជាតិ​ដ៏​បំព្រង​គន់​មិន​ណាយ ធ្វើ​ឲ្យ​អ្នកទេសចរ​រូបនេះ​ស្រស់ស្រាយ ហើយ​ថា​នឹង​ត្រឡប់មក​កម្សាន្ត​ជា​បន្តបន្ទាប់​។​
 
​ចំណែក​លោក ដឺ​ហ្វុ​ង យ៉ាន ភ្ញៀវទេសចរ​បារាំង​ដែល​រស់នៅ​កម្ពុជា​យូរ​ឆ្នាំ​មកហើយ​នោះ ទើបតែ​បានមក​ដល់​ផ្លូវ​បុប្ផា​លាក់ខ្លួន​នេះ​លើកដំបូង​។ សម្រាប់ យ៉ាន ផ្លូវ​បុប្ផា​លាក់ខ្លួន និង​ភ្នំ​១៥០០ មាន​ទេសភាព​ស្អាត​ប្លែក ប៉ុន្តែ​ទេសចរ​រូបនេះ បារម្ភ​ពី​ការបំផ្លាញ​បរិស្ថាន​ដោយសារ​វត្តមាន​មនុស្ស​រស់នៅ​កាន់តែច្រើន ហើយ​ទេសចរ​ក៏​កើនឡើង​។ «​ទីតាំង​នេះ កាលពីមុន​មិនសូវមាន​មនុស្ស​រស់នៅ ហើយ​ពេលនេះ ចាប់ផ្ដើម​មាន​មនុស្ស​រស់នៅ​ច្រើន​បណ្ដើរៗ ដែល​អាច​ប៉ះពាល់​ខ្លះៗ​ដល់​ព្រៃឈើ និង​សត្វព្រៃ​»​។ នេះ​ជាការ​រៀបរាប់​របស់ យ៉ាន ដែល​បាន​សំណូមពរ​ដល់​អ្នកទេសច​រណ៍​ដែល​ទៅ​កម្សាន្ត​នៅទីនេះ ជួយ​ថែរក្សា​បរិស្ថាន​ឲ្យ​នៅ​ស្រស់បំព្រង​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ផ្លូវជាតិ​លេខ​៥៥ ឆ្ពោះទៅកាន់​ភ្នំ​១៥០០​នេះ មាន​ប្រវែង​សរុប ១៨២.១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ​។ ផ្លូវ​នេះ ពីមុន​មានឈ្មោះ​ជា​ផ្លូវ​អន្ទង់អាំង ហើយ​បាន​ប្តូរ​ទៅជា​ឈ្មោះ   «​បុប្ផា​លាក់ខ្លួន​» វិញ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០៕
 

Tag:
 ផ្លូវ​បុប្ផា​លាក់ខ្លួន​
  ភ្នំ​១៥០០
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com