ភ្នំពេញ៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត បានបើកដំណើរការវិញហើយ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ លើកលែងតែសាលារៀនចំនួន៦៧ប៉ុណ្ណោះ ដែលកំពុងដាក់អ្នកចត្តាឡីស័កមកពីថៃ ។ ចំពោះសិស្សដែលរៀននៅសាលាទាំងនោះ ត្រូវបានផ្ទេរទៅរៀននៅសាលាផ្សេង។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា សាលារៀនទាំង៦៧ ដែលកំពុងក្លាយជាកន្លែងធ្វើចត្តាឡីស័កពលករមកពីថៃនោះ ស្ថិតនៅក្នុងខេត្តបាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប។
រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ទោះបីសាលារៀនទាំងនោះ មិនទាន់អាចបើកដំណើរការឡើងវិញ ប៉ុន្តែមិនប៉ះពាល់ដល់ការសិក្សារបស់សិស្សឡើយ។ លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា សិស្សដែលនឹងត្រូវចូលរៀននៅសាលារៀនទាំងនោះ ត្រូវផ្ទេរទៅសាលារៀនផ្សេង ឬបន្តរៀនតាមអនឡាញវិញ។ «សិស្សគឺត្រូវទៅរៀននៅសាលាជិតៗហ្នឹងជាបណ្តោះអាសន្ន និងស្វ័យសិក្សាខ្លួនឯង»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីអប់រំ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ព្រឹត្តិការណ៍បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១នៅវិទ្យាល័យពិសេសកំពង់ចាម និងខេត្តកំពង់ចាម នាថ្ងៃទី១១ ខែមករា រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ការយកសាលារៀនទាំងនោះ សម្រាប់ធ្វើចត្តាឡីស័កពលករមកពីថៃ ដោយសារវាជាជម្រើសមួយល្អ ខណៈពលរដ្ឋសម្រុកមកវិញច្រើន។
«វិធានការសំខាន់គឺយើងត្រូវគ្រប់គ្រងលើពលករមកពីប្រទេសថៃ។ បញ្ហាប្រទេសថៃដែលរាលដាលជំងឺកូវីដ-១៩ គឺដោយសារតែប្រទេសភូមាឆ្លង និងឈឺច្រើន។ ព្រំប្រទល់រវាងភូមា និងថៃហ្នឹង គឺអត់អាចគ្រប់គ្រងបានទេ គឺមានអ្នកលួចចេញចូលច្រើន។ អ៊ីចឹងបានជាសម្តេចចេញបញ្ជាឲ្យរៀបចំមជ្ឈមណ្ឌលចត្តាឡីស័កហ្នឹង។ អ៊ីចឹងគ្មានកន្លែងណាសមស្របទេ ទើបយើងយកសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័ក»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន។
បើតាមលោករដ្ឋមន្ត្រីអប់រំ ក្នុងករណីសហគមន៍ណាដែលមានអ្នកផ្ទុះជំងឺកូវីដ-១៩ លោកនឹងផ្តល់សិទ្ធិឲ្យគ្រប់មន្ទីរអប់រំទាំងអស់បិទស្រុកណាមួយជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់កុំឆ្លងជំងឺកូវីដ-១៩រាលដាលដល់សាលារៀន។
តើពេលណាក្រសួងអប់រំអនុញ្ញាតឲ្យសាលារៀនទាំងនោះបើកដំណើរការឡើងវិញ? លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗបន្ថែមថា ក្រសួងអប់រំបានផ្តល់សិទ្ធិឲ្យប្រធានមន្ទីរអប់រំខេត្ត ជាអ្នកសម្រេចឲ្យសាលារៀនទាំងនោះបើកដំណើរការឡើងវិញ។
សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត សរុបមាន១៨,០០០កន្លែង ក្នុងនោះមត្តេយ្យសិក្សាសហគមន៍មានចំនួន៣,០០០កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៥០០កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ១,៥០០ កន្លែង។ ចំណែកសិស្សសរុបមាន៣លាន៥សែននាក់ ដែលបានចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីនេះ។ ក្នុងនោះមានសិស្សស្រី៤៩ភាគរយ។ នេះបើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕