អន្តរជាតិ
មុន​ចប់​អាណត្តិ រដ្ឋបាល​លោក ត្រាំ អាមេរិក បញ្ចូល​គុយបា​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​
12, Jan 2021 , 10:29 pm        
រូបភាព
ទង់ជាតិអាមេរិក និងគុយបា។ រូបភាព៖AFP
ទង់ជាតិអាមេរិក និងគុយបា។ រូបភាព៖AFP
ដោយ:
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ចូល​គុយបា​ចូលក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​ជាថ្មី​។ ការប្រកាស​នេះ នឹង​ឲ្យ​រដ្ឋបាល​ថ្មី​របស់លោក ចូ បៃ​ឌិន ជួប​បញ្ហា​ស្មុគស្មាញ​បន្ថែមទៀត​ក្នុង​គោលនយោបាយ​ការបរទេស ជាពិសេស​ក្នុងការ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​អតីត​សត្រូវ​ជំនាន់​សង្គ្រាមត្រជាក់​។​

 
​នៅសល់តែ​ប្រាំបួន​ថ្ងៃមុន​ចប់​អាណត្តិ រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ បានដាក់​គុយបា​ចូលក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​ម្ដងទៀត​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ថា ការបញ្ចូល​ជាថ្មី​នេះ ធ្វើឡើង​ព្រោះ​គុយបា​គាំទ្រ​ដល់​អំពើ​ភេរវកម្ម​អន្តរជាតិ​តាមរយៈ​ការផ្តល់​កន្លែង​លាក់ខ្លួន​ដល់​អ្នក​ដែល​អាមេរិក​តាម​ចាប់ និង​មេដឹកនាំ​ឧទ្ទាម​កូ​ឡុំ​ប៊ី​ផង​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏​ចោទ​គុយបា​ទៀតថា ផ្តល់​ការគាំទ្រ​ផ្នែក​សន្តិសុខ​ដល់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌុយ​រ៉ូ ដើម្បី​រក្សា​អំណាច និង​បង្កើត​បរិយាកាស​ដែល​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន​អន្តរជាតិ​រស់នៅ និង​រីកលូតលាស់​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ 
 
«​ជាមួយ​សកម្មភាព​ទាំងនេះ យើង​នឹង​ឲ្យ​រដ្ឋាភិបាល​គុយបា​ទទួលខុសត្រូវ និង​ផ្ញើ​សារ​ថា របប​កា​ស្ត្រូ​ត្រូវតែ​បញ្ចប់​ការគាំទ្រ​ភេរវ​និយម​អន្តរជាតិ និង​បំផ្លាញ​យុត្តិធម៌​អាមេរិក​»​។ លោក ប៉ុ​ម​ប៉េ​អូ បន្ត​បែបនេះ​ដោយ​សំដៅ​បងប្អូន​លោក ហ្វី​ដែល កា​ស្ត្រូ និង​រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​ដឹកនាំ​គុយបា​រាប់សិប​ឆ្នាំ​។ 
 
​ការដាក់​គុយបា​ចូលក្នុង​បញ្ជី​នេះ មិន​ខុស​អ្វី​ពី​ការបំផ្លាញ​កិច្ច​ខំប្រឹងប្រែង​របស់​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​។ ការសម្រេច​ដក​គុយបា​ចេញពី​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវ​និយម​ក្នុង​ឆ្នាំ​២០១៥ ជា​ជំហាន​យ៉ាងសំខាន់​ក្នុងការ​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ឡា​ហាវ៉ាន ដែល​ចាត់ទុក​គ្នា​ជាស​ត្រូវអស់​រយៈពេល​ជាង​៥០​ឆ្នាំ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ មិន​បន្ត​ជំហរ​ទន់​ដូច​លោក អូ​បា​ម៉ា ចាប់ពី​ឆ្នាំ​២០១៧ មក​។​
 
​លោក ត្រាំ ចាប់ផ្តើម​រុះរើ​គោលនយោបាយ​ការបរទេស​អាមេរិក​លើ​គុយបា​ក្រោយ​កាន់តំណែង ដោយ​បន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាមេរិក​ដែល​ធ្វើដំណើរ និង​ការបញ្ជូន​ប្រាក់​ដោយ​អ្នក​នៅ​បរទេស​ទៅ​គុយបា​។ គោលនយោបាយ​របស់លោក ត្រាំ នេះ ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​អាមេរិក​ដើមកំណើត​គុយបា​ដែល​រស់នៅ​ភាគខាងត្បូង​អាមេរិក ជាពិសេស​នៅ​រដ្ឋ Florida ។​
 
​លោក ចូ បៃ​ឌិន ធ្លាប់បាន​អះអាងថា គោលនយោបាយ​របស់លោក​ត្រាំ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​គុយបា និង​មិនបាន​ចូលរួម​អ្វី​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​លើ​ដែន​កោះ​នេះឡើយ​។ លោក បៃ​ឌិន សន្យាថា នឹង​ពិចារណា​ឡើងវិញ​ពី​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ទៅលើ​គុយបា​។​
 
​ការដាក់​គុយបា​ក្នុង​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម​នេះ ក៏​ជា​ការហាម​មិន​ឲ្យ​អាមេរិក​ផ្តល់ជំនួយ​សេដ្ឋកិច្ច ការនាំចេញ​អាវុធ ការនាំចេញ​សម្ភារ​ដែល​ប្រើប្រាស់​សម្រាប់​ស៊ីវិល និង​យោធា​។ លើសពីនោះ អាមេរិក​ក៏ត្រូវ​បដិសេធ​ប្រាក់កម្ចី​ទៅ​គុយបា ដែល​ផ្តល់​ដោយ​ស្ថាប័ន​អន្តរជាតិ​ដូចជា​ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ផងដែរ​៕
 

Tag:
 អាមេរិក​
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com