រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចូលគុយបាចូលក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មជាថ្មី។ ការប្រកាសនេះ នឹងឲ្យរដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន ជួបបញ្ហាស្មុគស្មាញបន្ថែមទៀតក្នុងគោលនយោបាយការបរទេស ជាពិសេសក្នុងការស្តារទំនាក់ទំនងជាមួយប្រទេសអតីតសត្រូវជំនាន់សង្គ្រាមត្រជាក់។
នៅសល់តែប្រាំបួនថ្ងៃមុនចប់អាណត្តិ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដាក់គុយបាចូលក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មម្ដងទៀត។ ក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ថា ការបញ្ចូលជាថ្មីនេះ ធ្វើឡើងព្រោះគុយបាគាំទ្រដល់អំពើភេរវកម្មអន្តរជាតិតាមរយៈការផ្តល់កន្លែងលាក់ខ្លួនដល់អ្នកដែលអាមេរិកតាមចាប់ និងមេដឹកនាំឧទ្ទាមកូឡុំប៊ីផង។
រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ចោទគុយបាទៀតថា ផ្តល់ការគាំទ្រផ្នែកសន្តិសុខដល់ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌុយរ៉ូ ដើម្បីរក្សាអំណាច និងបង្កើតបរិយាកាសដែលអនុញ្ញាតឲ្យឧក្រិដ្ឋជនអន្តរជាតិរស់នៅ និងរីកលូតលាស់នៅវ៉េណេស៊ុយអេឡា។
«ជាមួយសកម្មភាពទាំងនេះ យើងនឹងឲ្យរដ្ឋាភិបាលគុយបាទទួលខុសត្រូវ និងផ្ញើសារថា របបកាស្ត្រូត្រូវតែបញ្ចប់ការគាំទ្រភេរវនិយមអន្តរជាតិ និងបំផ្លាញយុត្តិធម៌អាមេរិក»។ លោក ប៉ុមប៉េអូ បន្តបែបនេះដោយសំដៅបងប្អូនលោក ហ្វីដែល កាស្ត្រូ និងរ៉ាអ៊ូល កាស្ត្រូ ដែលដឹកនាំគុយបារាប់សិបឆ្នាំ។
ការដាក់គុយបាចូលក្នុងបញ្ជីនេះ មិនខុសអ្វីពីការបំផ្លាញកិច្ចខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ ការសម្រេចដកគុយបាចេញពីបញ្ជីរដ្ឋគាំទ្រភេរវនិយមក្នុងឆ្នាំ២០១៥ ជាជំហានយ៉ាងសំខាន់ក្នុងការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងក្រុងវ៉ាស៊ីនតោន និងឡាហាវ៉ាន ដែលចាត់ទុកគ្នាជាសត្រូវអស់រយៈពេលជាង៥០ឆ្នាំ។ ប៉ុន្តែរដ្ឋបាលលោក ត្រាំ មិនបន្តជំហរទន់ដូចលោក អូបាម៉ា ចាប់ពីឆ្នាំ២០១៧ មក។
លោក ត្រាំ ចាប់ផ្តើមរុះរើគោលនយោបាយការបរទេសអាមេរិកលើគុយបាក្រោយកាន់តំណែង ដោយបន្តឹងការផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកដែលធ្វើដំណើរ និងការបញ្ជូនប្រាក់ដោយអ្នកនៅបរទេសទៅគុយបា។ គោលនយោបាយរបស់លោក ត្រាំ នេះ ទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកដើមកំណើតគុយបាដែលរស់នៅភាគខាងត្បូងអាមេរិក ជាពិសេសនៅរដ្ឋ Florida ។
លោក ចូ បៃឌិន ធ្លាប់បានអះអាងថា គោលនយោបាយរបស់លោកត្រាំ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនគុយបា និងមិនបានចូលរួមអ្វីក្នុងការធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សលើដែនកោះនេះឡើយ។ លោក បៃឌិន សន្យាថា នឹងពិចារណាឡើងវិញពីគោលនយោបាយការបរទេសរបស់អាមេរិកទៅលើគុយបា។
ការដាក់គុយបាក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មនេះ ក៏ជាការហាមមិនឲ្យអាមេរិកផ្តល់ជំនួយសេដ្ឋកិច្ច ការនាំចេញអាវុធ ការនាំចេញសម្ភារដែលប្រើប្រាស់សម្រាប់ស៊ីវិល និងយោធា។ លើសពីនោះ អាមេរិកក៏ត្រូវបដិសេធប្រាក់កម្ចីទៅគុយបា ដែលផ្តល់ដោយស្ថាប័នអន្តរជាតិដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ៕