COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ថាមិនដែលស្តាយក្រោយទេ ដែលចូលរួមជាមួយ Arsenal
× Mesut Ozil សារភាពថាខ្លួនមិនសោកស្តាយទេ ដែលសម្រេចចិត្តចូលរួមជាមួយក្រុម Arsenal បើទោះពេលវេលាជាមួយក្លិបនៅអង់គ្លេសក្នុងរយៈពេលចុងក្រោយនេះ ស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនជាប់ជម្រើស២៥នាក់របស់ Arsenal សម្រាប់ការប្រកួត Premier League និង Europa League នៅរដូវកាលនេះឡើយ។ មិនជាប់ជម្រើស អ្នកគាំទ្រយល់ឃើញថានេះដោយសារតែ Ozil មានជាប់ពាក់ព័ន្ធនឹងការរិះគន់ចិនជុំវិញការបង្ក្រាបជនជាតិមូស្លីមភាគតិចវីហ្គ័រនៅខេត្តស៊ីនជាំង។
ថ្មីៗនេះ មានព័ត៌មានជាច្រើននៅអឺរ៉ុបចុះផ្សាយថាអតីតសមាជិកក្រុម Real Madrid វ័យ៣២ឆ្នាំ កំពុងមានជាប់ទាក់ទងផ្ទេរទៅកាន់ក្លិបនៅតួកគី Fenerbahce និងក្លិប DC United នៅទឹកដីអាមេរិក នៅក្នុងខែមករានេះ។
Ozil ដែលកាំភ្លើងធំទិញពីក្លិបយក្សអេស្ប៉ាញកាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ៥៦លានុដល្លារ មិនបានលេងឲ្យ Arsenal ចាប់តាំងពីខែមីនា ឆ្នាំមុនមកម្លេះ ខណៈដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២០-២១នេះ។
ស្របពេល Ozil បង្ហាញការខកចិត្ត ដ្បិតមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការទូទៅលោក Mikel Arteta រដូវកាលនេះ ប៉ុន្តែសមាជិកដែលជួយអាល្លឺម៉ង់លើកពាន World Cup នៅតែអះអាថាខ្លួននឹងមិនផ្លាស់ប្តូរការសម្រេចចិត្តក្នុងការចូលរួមជាមួយ Arsenal ឡើយ។
«ពិតណាស់ រហូតមកដល់ពេលនេះខ្ញុំមិនដែលសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលរួមជាមួយ Arsenal នោះទេ។ ហើយនិយាយអោយត្រង់ទៅការប្រកួតពីរបីលើកចុងក្រោយមុនពេល COVID-19 អុកឡុកនៅខែមីនាឆ្នាំ២០២០ ខ្ញុំពិតជាសប្បាយណាស់។ ពេលនោះខ្ញុំពិតជារីករាយ ហើយខ្ញុំគិតថាយើងពិតជាស្ថិតនៅលើផ្លូវវិជ្ជមានមួយ។ ប៉ុន្តែបន្ទាប់ពីវិលត្រឡប់ពីផ្អាកការប្រកួត អ្វីៗមិនបានល្អទេ»។ នេះជាការលើកឡើងរបស់ Ozil។
ខ្សែបម្រើវ័យ៣២ឆ្នាំ ក៏បានបង្ហាញតម្រុយគួរចាប់អារម្មណ៍ផងដែរសម្រាប់ក្លិបថ្មីក្នុងចំណោម Fenerbahce និង DC United ប្រសិនបើរូបគេពិតជាត្រូវចាកចេញពី Emirate នៅអំឡុងទីផ្សារដោះដូរខែមករានេះមែននោះ។ Fenerbahce អាចជាចម្រើសរបស់ Ozil ច្រើនជាង DC United៕
© រក្សាសិទ្ធិដោយ thmeythmey.com