កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Pogba ស៊ុត១គ្រាប់ជួយ Man Utd ឈ្នះ Burnley ដើម្បីឡើងឈរកំពូលតារាង
× Manchester United បានឡើងទៅកាន់កំពូលតារាង Premier League បន្ទាប់ពី Paul Pogba សម្រេចទីគ្រាប់បាល់ជ័យជម្នះលើក្រុម Burnley ក្នុងលទ្ធផល ១-០ នាការប្រកួតលីគសប្តាហ៍ទី១៧ នៅរាត្រីថ្ងៃទី១២ ខែមករា។ ១១ប្រកួតចុងក្រោយ បិសាចក្រហមមិនដែលចាញ់ឡើយ ក្នុងនោះឈ្នះ៩លើក។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អរបស់ខ្សែបម្រើសញ្ជាតិបារាំងនៅនាទី៧១ ដោយការទាត់វូឡេ (volley) គ្រប់គ្រាន់ដើម្បីនាំក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុបន្ថែម និងឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន។
ក្រុមដែលមានអ្នកចាត់ការទូទៅសញ្ជាតិន័រវែសលោក Solskjaer បានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងចំនួន១១ប្រកួតចុងក្រោយ ដោយមិនស្គាល់ចាញ់ឡើយ ក្នុងនោះពួកគេអាចទទួលបានជ័យជម្នះ៩លើក និងស្មើ២លើក។
នេះជាលើកទី១ហើយដែលបិសាចក្រហមធ្វើបានល្អគួរកត់សម្គាល់សម្រាប់រដូវកាល ២០២០-២១ តាមរយៈការទទួលបានជ័យជម្នះច្រើនប្រកួត គិតចាប់តាំងពីខែធ្នូឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដើម្បីជួយក្រុមលើកពានលីគចុងក្រោយមុនចាកចេញ។ តើ Solskjaer អាចជួយ Man Utd លើកពានលីគកំពូលអង់គ្លេសនេះបានដែលឬទេ នៅរដូវកាលនេះ?
ឆ្លងកាត់ការប្រកួត១៧លើក Man Utd ទទួលបាន៣៦ពិន្ទុ នាំមុខគូប្រជែង Liverpool ចំនួន៣ពិន្ទុ និងនាំមុខក្រុម Leicester City និង Everton ដែលនៅលេខរៀងទី៣ និងទី៤ ចំនួន៤ពិន្ទុ។ Everton ក៏បានបន្តជ័យជម្នះរបស់ខ្លួនក្រោយឈ្នះ Wolves ២-១។
Sheffield United រកឃើញជ័យជម្នះដំបូងរបស់ខ្លួនរដូវកាលនេះ ក្នុងការប្រកួតសប្តាហ៍ទី១៨ ដោយយកឈ្នះ Newcastle United ១-០។ យ៉ាងណា Sheffield United នៅតែស្ថិតនៅបាតតារាង Premier League ដដែល ដោយទើបតែរកបាន៥ពិន្ទុប៉ុណ្ណោះ៕
Tag:
Paul Pogba
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com