អន្តរជាតិ
ទស្សនកិច្ច​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN ទៅ​តៃវ៉ាន់ ត្រូវ​លុបចោល​វិញ​
13, Jan 2021 , 10:21 am        
រូបភាព
លោកស្រី Kelly Craft អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ រូបថត AFP
លោកស្រី Kelly Craft អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ រូបថត AFP
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Kelly Craft អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ (UN) ត្រូវ​លុបចោល​វិញ​។ បើតាម​មន្ត្រី​អាមេរិក ការលុបចោល​ដំណើរ​ទស្សនកិច្ច​នេះ ជាការ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងការបរទេស​ដែល​តម្រូវ​ឲ្យ​លុបចោល​ដំណើរ​ទស្សនកិច្ច​ទាំងអស់​មុន​ការចូល​កាន់តំណែង​ប្រធានាធិបតី​ថ្មី​។ តៃវ៉ាន់​សោកស្ដាយ​ចំពោះ​ការលុបចោល​ដំណើរ​ទស្ស​កិច្ច​ដែល​ចិន​គំរាម​ចាត់វិធានការ​តប​វិញ​នេះ​។​

 
​តាម​គម្រោង​ដែល​ប្រកាស​ពី​សប្ដាហ៍​មុន អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោកស្រី  Kelly Craft ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​នៅ​ថ្ងៃទី​១៣ ដល់ទី​១៥ ខែមករា​។ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​លុបចោល​វិញ ដោយ​មន្ត្រី​អាមេរិក​និយាយថា ដើម្បី​ត្រៀម​ការស្បថ​ការចូល​កាន់តំណែង​រប​ស់​ប្រធានាធិបតី ចូ បៃ​ឌិន ។​
 
 
​មិនមែន​តែ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Craft ឡើយ សូម្បីតែ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​អឺរ៉ុប ក៏ត្រូវ​លុបចោល​ដែរ​។ លោក ប៉ុ​ម​ប៉េ​អូ និយាយ​នៅ​ថ្ងៃទី​១២ ខែមករា ថា ការលុបចោល​នេះ​ជា​ផ្នែក​មួយ​នៃ​រយៈពេល​អន្តរកាល​ស​ម្រា​ប់​ការមកដល់​រដ្ឋបាល​លោក បៃ​ឌិន ។ ប៉ុន្តែ​មន្ត្រី​អឺរ៉ុប និង​លុប​សំបួ​ទី​ដែល​លោក ប៉ុ​ម​ប៉េ​អូ ត្រូវធ្វើ​ទស្សនកិច្ច​នោះ អះអាងថា សម​ភាគី​លុច​សំបួ និង​មន្ត្រី​អឺរ៉ុប បដិសេធ​មិន​ជួប​លោក ប៉ុ​ម​ប៉េ​អូ ។​
 
​តៃវ៉ាន់​ឯណោះ​វិញ ក៏​ខកចិត្ត​ចំពោះ​ការលុបចោល​ដំណើរ​ទស្សនកិច្ច​នេះ តែ​ក៏​យល់ និង​គោរព​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដែរ​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១៣ ខែមករា ក្រសួងការបរទេស​តៃវ៉ាន់ បញ្ជាក់ថា ខ្លួន​សោកស្ដាយ​ដែល​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN មិនអាច​ដឹកនាំ​ប្រតិភូ​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​បាន​ដូច​ការគ្រោងទុក ប៉ុន្តែ​នៅតែ​ស្វាគមន៍​លោកស្រី Craft នៅពេល​វេលា​សមរម្យ​ណាមួយ​នៅ​ថ្ងៃ​អនាគត​ដដែល​។​
 
​ការលុបចោល​ទស្សនកិច្ច​នេះ ទំនង​ធ្វើ​ឲ្យ​ចិន​ត្រជាក់ចិត្ត​បន្តិច​ដែរ​។ នេះ​ក៏​ព្រោះតែ​ពេល​ក្រសួងការបរទេស​អាមេរិក​ប្រកាស​គម្រោង​ទស្សនកិច្ច​របស់លោក​ស្រី Craft ភ្លាម បេសកកម្ម​ចិន​ប្រចាំ UN ក៏​ចេញមុខ​ជំទាស់​ភ្លាម​រហូត​ប្រើពាក្យ​ថា អាមេរិក​ប្រលែង​លេង​នឹង​ភ្លើង​ទៀតផង​។​
 
​កន្លងមក ពេល​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទៅ​តៃវ៉ាន់ ចិន​ក៏​បញ្ចេញ​សាច់ដុំ​យោធា​របស់ខ្លួន ដោយ​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កៀក​កោះ​តៃវ៉ាន់​។ ចិន​ក៏​តែង​ប្រកាស​មិន​ដាច់​ពី​មាត់​ពី​ការ​ជម្រើស​ប្រើ​យោធា​ដើម្បី​សង្គ្រប់​យក​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ បើ​និន្នាការ​ឯករាជ្យ​របស់​មេដឹកនាំ​តៃវ៉ាន់ Tsai Ing-wen នៅតែ​មិន​ថមថយ​នោះ​៕    
 
 

Tag:
 អាមេរិក​
  តៃវ៉ាន់​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com