ជាតិ
សង្គមជាតិ
លោក គន់ គីម ចូលរួម​រំលែកទុក្ខ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចំពោះ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ
13, Jan 2021 , 11:00 am        
រូបភាព
កងទ័ពជើងទឹកជំនាញមុជទឹក កំពុងបំពេញបេសកកម្មរុករកយន្តហោះផ្ទុកមនុស្ស៦២នាក់ ដែលធ្លាក់ចូលសមុទ្រចាវ៉ា (Java) ជិតទីក្រុងហ្សាកាតា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ រូបពី AFP
កងទ័ពជើងទឹកជំនាញមុជទឹក កំពុងបំពេញបេសកកម្មរុករកយន្តហោះផ្ទុកមនុស្ស៦២នាក់ ដែលធ្លាក់ចូលសមុទ្រចាវ៉ា (Java) ជិតទីក្រុងហ្សាកាតា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ រូបពី AFP
​​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា បាន​សរសេរ​លិខិត​ជូនទៅ​លោក ដូ​នី ម៉ូ​ណា​ដូ (Doni Monado) ប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី ដើម្បី​បង្ហាញ​សមានចិត្ត​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏ដូចជា​ជាមួយ​ប្រជាជន​ឥណ្ឌូណេស៊ី​ទាំងមូល ដែល​ជួប​ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ គឺ​យន្តហោះ​ដឹក​អ្នកដំណើរ ធ្លាក់ចូល​សមុទ្រ​នាពេល​ថ្មីៗ​នេះ​។



​តាមរយៈ​លិខិត​រំលែក​ទុក្ខ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ទេសរដ្ឋមន្ត្រី គន់ គីម បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូណេស៊ី​និង​ភាព​ខ្លៀ​វ​ក្លា​របស់​ប្រជាជន​ឥណ្ឌូណេស៊ី នឹង​អាច​យក​ជម្នះ​បាន​លើ​ការលំបាក​នេះ​។ លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​ក្នុង​ស្មារតី​សាមគ្គីភាព​របស់​សហគម​ន៍​អាស៊ាន ព្រះរាជាណាចក្រ​កម្ពុជា ឈរ​នៅ​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​ឥណ្ឌូណេស៊ី​ដោយ​សាមគ្គីភាព ក្នុងស្ថានភាព​លំបាក​នេះ​។ សតិអារម្មណ៍​និង​ក្តី​ស្រឡាញ់​របស់​យើង គឺ​ស្ថិតនៅ​ជាមួយ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ​របស់​ពួកគេ​»​។ 
 
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៩ ខែមករា យន្តហោះ​របស់​ឥណ្ឌូណេស៊ី​មួយ ដែល​ផ្ទុក​មនុស្ស​ទាំងអស់​៦២​នាក់ បាន​ហោះ​ចេញពី​ទីក្រុង​ហ្សា​កាតា ហើយ​ក៏បាន​ធ្លាក់ចូល​សមុទ្រចាវ៉ា (Java Sea) ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ហ្សា​កាតា​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី កំពុង​បន្ត​ស្រាវជ្រាវ​ពី​ករណី​ធ្លាក់​យន្តហោះ​នេះ ប៉ុន្តែ​មកដល់ពេលនេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅមិនទាន់អាច​កំណត់​បាន​ជាក់លាក់​ឡើយ​ថា មាន​អ្នកស្លាប់ចំនួន​ប៉ុន្មាន​នាក់​៕ 

Tag:
 គន់ គីម​
  ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com