អន្តរជាតិ
អនុ​ប្រធានាធិបតី ផេ​ន ច្រានចោល​សំណើ​ប្រើ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដកតំណែង​លោក ត្រាំ​
13, Jan 2021 , 11:56 am        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ក្នុងកិច្ចប្រជុំរួមសភា។ រូបថត AFP
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ក្នុងកិច្ចប្រជុំរួមសភា។ រូបថត AFP
ដោយ:
​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផែន នៅ​ថ្ងៃទី​១២ មករា បាន​ច្រានចោល​ការស្នើ​របស់​ប្រធានសភា​តំណាង​ដែល​ចង់​ឲ្យ​លោក​ប្រើ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​។ ការបដិសេធ​របស់លោក ផេ​ន នាំ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ជ្រើស​រើសយក​យន្តការ​សភា​ក្នុងការ​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​តែម្តង​។​

 
​នៅសល់​រយៈពេល​ត្រឹមតែ​៨​ថ្ងៃ​ប៉ុណ្ណោះ​មុន​ចប់​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សភា​តំណាង​អាមេរិក​កំពុង​ព​ន្លឿ​ន​ការអនុម័ត​សេចក្តីព្រាងច្បាប់​ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​លើក​ទី​ពីរ​ផងដែរ​។ សភា​តំណាង​កាន់កាប់​ដោយ​បក្ស​ប្រជាធិបតេយ្យ ចោទ​លោក ត្រាំ ពីបទ​ក​ញុះញង់​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អាមេរិក​នៅ​ថ្ងៃទី​៦ មករា ដែល​គ្រានោះ​អ្នកគាំទ្រ​លោក ត្រាំ ចូល​អុកឡុក​វិមាន​សភា​។​
 
​ស្របគ្នា​នេះ លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាង ក៏​ស្នើ​ឲ្យ​លោក​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ប្រើ​វិសោធនកម្ម​ទី​២៥ ដើម្បី​ដកតំណែង​ពី​លោក ត្រាំ ។ ប៉ុន្តែ​លោក ផេ​ន បាន​បដិសេធ​។ 
 
«​ខ្ញុំ មិន​ជឿថា​សកម្មភាព​បែបនេះ​(​ដកតំណែង​ប្រធានាធិបតី​) ជា​ប្រយោជន៍​របស់​ប្រទេស ឬ​ស្របតាម​រដ្ឋធម្មនុញ្ញ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផេ​ន ក្នុង​លិខិត​ទៅ​មេដឹកនាំ​សភា ជាមួយនឹង​ការព្រមាន​ថា ការដក​លោក ត្រាំ ពី​តំណែង​នឹងធ្វើ​ឲ្យ​អាម​រិ​ក​កាន់តែ​បែកបាក់​បន្ថែមទៀត​។ ក្នុង​វិសោធនកម្ម​ទី​២៥ បើ​អនុ​ប្រធានាធិបតី និង​សមាជិក​គណៈរដ្ឋមន្ត្រី​លើស​ពាក់កណ្ដាល ប្រកាសថា ប្រធានាធិបតី​មាន​បញ្ហា​មិនអាច​អនុវត្ត​អំណាច​បាន នោះ​អាច​ដក​ចេញពី​តំណែង​បាន​។​
 
​ខណៈ​លោក ផេ​ន មិន​ប្រើ​ផ្លូវ​នេះ សភា​តំណាង​ក៏​ជ្រើសរើស​ផ្លូវ​មួយទៀត​។ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ បាន​តាក់តែង​មាត្រា​ដើម្បី​ចោទប្រកាន់​លោក ត្រាំ ពីបទ​ញុះញង់​។ សភា​តំណាង​អាច​អនុម័ត​មាត្រា​ចោទប្រកាន់​នេះ​ដោយ​ស្រួល ព្រោះ​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​ស្រាប់​។ ជាមួយគ្នានេះ តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​៣​រូប អះអាងថា នឹង​បោះឆ្នោត​ចោទប្រកាន់​លោក ត្រាំ ដែរ​មាន​លោកស្រី Liz Cheney, លោក John Katko និង​លោក Adam Kinzinger ។​
 
​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការកំណត់​នីតិវិធី​បោះឆ្នោត​ទម្លាក់​លោក​ត្រាំ នៅ​ថ្ងៃទី​១៣ ខែមករា លោក David Cicilline តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ប្រាប់​ទៅ​គណៈកម្មការ​វិន័យ​សភា​តំណាង​ថា មាន​សំឡេង​ចំនួន​២១៧​គ្រប់គ្រាន់​ក្នុងការ​បោះឆ្នោត​ទម្លាក់​លោក​ត្រាំ​ចេញពី​តំណែង​។​
 
​នៅ​ព្រឹទ្ធសភា​វិញ លោក Mitch McConnell ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ប្រាប់​សារព័ត៌មាន​The New York Times ថា លោក​ពេញចិត្ត​ទៅនឹង​ការ​ខំប្រឹងប្រែង​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​ចោទ​លោក ត្រាំ ។ លោក McConnell អះអាងថា ការទម្លាក់​លោក ត្រាំ ចេញពី​តំណែង នឹងធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​បណ្តេញ​លោក ត្រាំ ចេញពី​បក្ស​សាធារណរដ្ឋ ព្រោះ​លោក ត្រាំ ប្រព្រឹត្ត​បទល្មើស​ដែល​សាក​សម​នឹងត្រូវ​ដកចេញ​ពី​តំណែង​។​
 
​ការអនុម័ត​មាត្រា​ចោទប្រកាន់​នៅ​សភា​តំណាង នឹង​បើកផ្លូវ​ដល់​សវនាការ​ដកតំណែង​ប្រធានាធិបតី​ដោយ​ព្រឹទ្ធសភា​។ ដើម្បី​ដកតំណែង​បាន ព្រឹទ្ធសភា​ត្រូវ​រក​សំឡេង​ឲ្យ​បាន​២​ភាគ​៣​ក្នុងចំណោម​១០០ ពោលគឺ​៦៧​សំឡេង​។ ចំពោះ​ការបើក​សវនាការ លោក McConnell និយាយថា មិនអាច​ធ្វើឡើង​មុន​ថ្ងៃទី​១៩ ខែមករា​ឡើយ ព្រោះ​ព្រឹទ្ធសភា​កំពុង​ស្ថិតក្នុង​វិស្សមកាល​។ បក្ស​ប្រជា​ធិ​បេ​យ្យ​ដែលមាន​សំឡេង​៥០ ក្នុង​ព្រឹទ្ធសភា និង​ត្រូវការ​សំឡេង​១៧​បន្ថែម​ពី​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​។ 
 
​បើសិនជា​ព្រឹទ្ធសភា​រកឃើញថា​លោក ត្រាំ ពិតជា​ប្រព្រឹត្ត​ដូចដែល​បាន​ចោទ​មែន លោក ត្រាំ នឹង​បាត់បង់​ផលប្រយោជន៍​ក្នុងនាម​ជា​អតីត​ប្រធានាធិបតី ដោយ​មិន​ទទួលបាន​ការការពារ​សន្តិសុខ បៀវត្ស​ជាដើម ហើយ​អ្វីដែល​សំខាន់​គឺ​លោក​មិនអាច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ទៀតឡើយ​។ លោក ត្រាំ មាន​គម្រោង​ឈរឈ្មោះ​ប្រធានាធិបតី​ជាថ្មី​ក្នុង​ឆ្នាំ​២០២៤៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com