COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី វី​ដូ​ដូ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ចិន
13, Jan 2021 , 2:40 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបថតពី Twitter Metro TV
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបថតពី Twitter Metro TV
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ទទួល​ការចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ចិន Sinovac Biotech ។ លោក គឺជា​ជន​ទីមួយ​ដែល​ទទួលបាន​វ៉ាក់សាំង ខណៈ​ឥណ្ឌូណេស៊ី ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​អាស៊ីអាគ្នេយ៍ និង​នៅលើ​ពិភពលោក​ផងដែរ​។​

 
​ក្នុង​ពិធី​ចាក់​វ៉ាក់សាំង​នៅ​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៣ ខែមករា លោក ចូ​កូ វី​ដូ​ដូ ត្រូវបាន​ចាក់​វ៉ាក់សាំង CoronaVac ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotech ។ បន្ទាប់ពី​លោក វី​ដូ​ដូ សមាជិក​គណៈរដ្ឋមន្ត្រី​ឯទៀត ក៏​ទទួល​វ៉ាក់សាំង​ដែរ ដើម្បី​បង្ហាញ​ទំនុកចិត្ត​ទៅកាន់​ប្រជាជន​ឥណ្ឌូណេស៊ី​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ។​
 
 
CoronaVac ទទួល​ភ្លើង​បៃតង​ពី​និយ័ត​ករ​ឱសថ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១១ ខែមករា ដែលជា​វ៉ាក់សាំង​ដំបូង​គេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅក្រៅ​ទឹកដី​ចិន​។ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការសាកល្បង​វ៉ាក់សាំង​នេះ​នៅ​ឥណ្ឌូណេស៊ី​បង្ហាញថា ប្រសិទ្ធភាព​មាន​៦៥,៣​ភាគរយ​។ ក្រុមហ៊ុន​ចិន​មួយ​នេះ ប្រើប្រាស់​បច្ចេកវិទ្យា​ចាស់ ដោយ​យក​វីរុស​ងាប់ ឬ​ខ្សោយ​មិនមាន​ផលប៉ះពាល់​ទៅ​ចាក់​បញ្ចូល​ក្នុង​ខ្លួន​ដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ស្គាល់​វីរុស ហើយ​បង្កើត​ភាពស៊ាំ​តែម្ដង​។ វ៉ាក់សាំង​នេះ ត្រូវ​ចាក់​ពីរដង​។​
 
​ការទទួល​វ៉ាក់សាំង​ពី​សំណាក់​លោក វី​ដូ​ដូ ជាការ​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌូណេស៊ី​។ បុគ្គលិក​សុខាភិបាល​ចំនួន​១,៤៨​លាន​នាក់ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ចាប់ពី​សប្ដាហ៍​នេះ ហើយ​មនុស្ស​ច្រើនជាង​៥៦​ម៉ឺន​នាក់ នឹងត្រូវ​ទទួល​វ៉ាក់សាំង​ក្នុង​ខែមករា ហើយ​សេសសល់​នឹងត្រូវ​ចាក់​នៅ​ខែកុម្ភៈ​។ មន្ត្រី​សាធារណៈ​ប្រមាណ​១៧,៤​លាន​នាក់​ដែល​ប្រឈមមុខ​ហានិភ័យ នឹងត្រូវ​ចាក់​បន្ទាប់​។ 
 
​រឿង​ចាក់​វ៉ាក់សាំង​នេះដែរ បើតាម​ទូរទស្សន៍ CNA រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី Budi Gunadi Sadikin ប្រាប់​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១២ ខែមករា ថា ប្រជាជន​២១,៥​លាន​នាក់​ដែល​ស្ថិតក្នុង​ក្រុមមនុស្ស​ចាស់ នឹង​ទទួល​វ៉ាក់សាំង​ពី​ខែមេសា ដោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន AstraZeneca ។ ឥណ្ឌូណេស៊ី ដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ជាង​១៨០​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​ជាង​២៦០​លាន​នាក់​ដើម្បី​សម្រេចបាន​ភាពស៊ាំ​សហគមន៍​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង​សរុប​ជាង​៨៤​ម៉ឺន​នាក់ និង​ស្លាប់​ជាង​២៤០០០​នាក់​។ ឥណ្ឌូណេស៊ី ឈរ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍ និង​ស្ថិត​ក្នុងចំណោម​ប្រទេស​រងគ្រោះ​ខ្លាំង​លើ​ពិភពលោក​៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com