ភ្នំពេញ៖ កម្ពុជានឹងអាចផ្គត់ផ្គង់បន្លែសុវត្ថិភាពបានគ្រប់គ្រាន់នៅលើទីផ្សារក្នុងស្រុក និងនាំចេញ នាអនាគតដ៏ខ្លី។ នេះជាការសង្ឃឹម និងជឿជាក់យ៉ាងមុតមាំ របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងកសិកម្មកំពុងសិក្សាពីលទ្ធភាពពង្រីកការផលិតស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមសជាដើម នៅខេត្តមណ្ឌលគីរី ដើម្បីបំពេញនូវតម្រូវការទីផ្សារ។
ក្រសួងកសិកម្ម កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ដែលមានកម្មវិធី ASPIRE, CASDP, LEAP, និងCHAIN កំពុងអនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូនានានៅទូទាំងប្រទេស។ នេះបើតាមលោក វេង សាខុន បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១២មករា។
រដ្ឋមន្ត្រីកសិកម្មបានបន្តថា ដើម្បីលើកកម្ពស់គុណភាពផលិតបន្លែ, ប្រសិទ្ធភាពសេដ្ឋកិច្ច ផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ចុះបណ្តុះបណ្តាលស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ(GAP) គោលការណ៍បច្ចេកទេសសរីរាង្គ បចេ្ចកទេសដាំដុះបន្លែទំនើបតាមគោលការណ៍GAP និងសរីរាង្គ។ លើសពីនេះអគ្គនាយកដ្ឋានកសិកម្ម ដែលជាសេនាធិការក្រសួងកសិកម្ម ក៏ផ្តោតសំខាន់លើលក្ខណៈទូទៅនៃការគ្រប់គ្រងចម្ការ ការគ្រប់គ្រងធាតុចូលកសិកម្ម ការទប់ស្កាត់ការចម្លងពីកត្តាចង្រៃ និងវិធីសាស្ត្រកំចាត់កត្តាចង្រៃតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផលនិងក្រោយពេលប្រមូលផល រួមទាំងនីតិវិធីដើម្បីឱ្យកសិករទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ (GAP) និងសរីរាង្គ (CAM-ORGANIC)។
«ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងនាំចេញ»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីកសិកម្ម។
លោក ប៉ាត សុវណ្ណ មន្ត្រីជំនាញកសិកម្មនៃអង្គការGRET បានលើកឡើងថា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវការផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារខ្លួនឯងបានគ្រប់គ្រាន់និងឈានដល់ការនាំចេញ នាពេលអនាគតដ៏ខ្លីនោះ ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍរួមទាំងអ្នកពាក់ព័ន្ធនានា ពិសេសវិស័យឯកជន ត្រូវបង្កើនលទ្ធភាពផ្សព្វផ្សាយចំណេះដឹងអំពីស្តង់ដារបន្លែសុវត្ថិភាព និងបន្លែសរីរាង្គ ដល់កសិករឱ្យកាន់តែទូលាយ ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារ។
ជាមួយគ្នានេះ លោក សុវណ្ណ ក៏ស្នើដល់កសិករទាំងអស់ឱ្យចងក្រងគ្នាជាបណ្តុំ ឬសហគមន៍អ្នកផលិតបន្លែ ដើម្បីងាយស្រួលក្នុងទទួលយកបច្ចេកទេសដាំដុះនានាដែលពាក់ព័ន្ធនឹងបន្លែសុវត្ថិភាព ឬបន្លែសរីរាង្គ។ មន្ត្រីជំនាញកសិកម្មនៃអង្គការGRET បាននិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ប្រសិនបើកសិករនៅបន្តដាំឬធ្វើបន្លែតែម្នាក់ឯងតទៅទៀត គឺមិនអាចឆ្លើយតបនឹងស្តង់ដារបន្លែសុវត្ថិភាពណាមួយទេ ព្រោះកសិករមិនអាចបញ្ជាក់ស្តង់ដារបន្លែសុវត្ថិភាព ឬបន្លែសរីរាង្គ ដោយខ្លួនឯងបានឡើយ»។
បើតាមលោក សុវណ្ណ នៅពេលដែលកសិករដាំបន្លែជាក្រុមឬបណ្តុំ នោះក្រុមនីមួយៗអាចបញ្ជាក់ពីស្តង់ដារបន្លែសុវត្ថិភាព ដែលខាងក្រសួងកសិកម្មតម្រូវបាន នោះបន្លែសុវត្ថិភាពឆ្លើយតបនឹងទីផ្សារបានហើយ ដោយកសិករអាចផលិតបន្លែបានច្រើន និងមានការទទួលស្គាល់ពីទីផ្សារ ពិសេសពីសំណាក់អ្នកទទួលទទួលទានប្រចាំថ្ងៃ។
សម្រាប់បណ្ឌិតកសិកម្ម លោក យ៉ង់ សាំងកុមារ វិញ រយៈពេលខ្លីឬវែងដែលកម្ពុជាអាចសម្រេចនូវសមិទ្ធិផលនេះ គឺអាស្រ័យលើការរៀបចំផែនការដាំដុះបន្លែនៅតាមតំបន់-ខេត្តនានារបស់ក្រសួងកសិកម្ម។ បើតាមលោក យ៉ង់ សាំងកុមារ ដើម្បីសម្រេចទិសដៅនាអនាគតដ៏ខ្លីនេះ ក្រសួងកសិកម្ម ត្រូវរៀបចំសកម្មភាពគាំទ្រដល់ការផលិតបន្លែឱ្យបានគ្រប់គ្រាន់ គ្រប់រដូវកាល ជាពិសេសត្រូវកំណត់ឱ្យបានច្បាស់លាស់នូវប្រភេទបន្លែនីមួយៗ រវាងតំបន់នីមួយទៅតំបន់មួយទៀត ដើម្បីបំពេញតម្រូវទីផ្សារ និងបញ្ចៀសការជន់បន្លែនៅលើទីផ្សារ។
ទន្ទឹមនឹងគ្នានេះ ក្រសួងកសិកម្ម ត្រូវបង្កើនសមត្ថភាពក្នុងការផលិតបន្លែប្រភេតនាំចូលពីបរទេស ដូចជា ការ៉ុត ដំឡូងបារាំង, ខ្ទឹមបារាំង, ស្ពៃបូកគោជាដើម។ លោក យ៉ង់ សាំងកុមារ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីខេត្តមណ្ឌលគីរី ដែលមានអាកាសធាតុអំណោយផលក្នុងការផលិតបន្លែទាំងនេះ ខេត្តកោះកុង, តំបន់អូរសោមនៃខេត្តពោធិ៍សាត់ និងតំបន់ជួរភ្នំក្រវាញ ក៏អំណោយល្អនៃការដាំដុះប្រភេទបន្លែនាំចូលពីបរទេស ផងដែរ។
«លើសពីទៅទៀតនេះ ក្រសួងកសិកម្ម ត្រូវបង្កើនសមត្ថភាពឬលទ្ធភាពដាំដុះបន្លែ ដល់កសិករយើង ឱ្យបាន២ទៅ៥ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងការផលិតបន្លែគ្រប់ប្រភេទ នោះ ទើបអាចឆ្លើយតបនឹងការផ្គត់ផ្គង់បន្លែក្នុងស្រុកយើងបានគ្រប់គ្រាន់ គ្រប់រដូវកាល និងគ្រប់តម្រូវការទីផ្សារ»។ នេះជាការលើកឡើងរបស់លោក យ៉ង់ សាំងកុមារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម កាលឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេស មានចំនួន ៥៧,២០៨ហិកតា ដែលអាចប្រមូលផលបាន ជាង៦៨ម៉ឺនតោន។
ដោយឡែកនៅក្នុងឆ្នាំ២០២០កន្លងមក អគ្គនាយកដ្ឋានកសិកម្ម បានប៉ាន់ស្មានថា កម្ពុជា មានតម្រូវការបន្លែជាង១លានតោន។ ប៉ុន្តែជាក់ស្តែងការផលិតកម្មបន្លែក្នុងស្រុក មានប្រមាណ៧១,៦ម៉ឺនតោនប៉ុណ្ណោះ ដែលស្មើនឹង៦៨ភាគរយ ដោយក្នុងនោះ នៅរដូវប្រាំងអាចផលិតបន្លែបាន ៦៩ភាគរយ និងរដូវរំហើយ អាចផលិតបន្លែបាន៧៥ភាគរយ។
ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែពីបរទេសជិត៣៣ម៉ឺនតោនទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។ អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា បន្លែដែលនាំចូល គឺភាគច្រើនកម្ពុជាមិនអាចផលិតបាន ដូចជាការ៉ុត, ដំឡូវបារាំង ខ្ទឹមបារាំង ជាដើម៕