អន្តរជាតិ
បក្ស​កុម្មុយនីស្ត​ឡាវ បើក​សមាជ​លើក​ទី​១១ ដើម្បី​តម្រង់​ទិសដៅ​៥​ឆ្នាំ​បន្ទាប់​
13, Jan 2021 , 4:46 pm        
រូបភាព
ទិដ្ឋភាពសមាជលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវនៅទីក្រុងវៀងចន្ទន៍។ រូបថត VNA
ទិដ្ឋភាពសមាជលើកទី១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវនៅទីក្រុងវៀងចន្ទន៍។ រូបថត VNA
​បក្ស​កាន់អំណាច​ឡាវ នៅ​ថ្ងៃទី​១៣ ខែមករា បាន​បើក​សមាជ​របស់ខ្លួន​ដើម្បី​វាយតម្លៃ​ការងារ​៥​ឆ្នាំមុន និង​ដាក់​ទិសដៅ​៥​ឆ្នាំ​បន្ទាប់​។ ការជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ក៏​ជា​របៀបវារៈ​សំខាន់​មួយ​ក្នុង​សមាជ​ដែល​ធ្វើ​រៀងរាល់​៥​ឆ្នាំ​ម្ដងនេះ​។ បក្ស​កុម្មុយនីស្ត​ចិន និង​វៀតណាម​ដែល​នៅជាប់​ឡាវ ក៏បាន​ផ្ញើ​សារ​អបអរ​ការបើក​សមាជ​នេះដែរ​។​

 
​សមាជ​បី​ថ្ងៃ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កំពុងកាន់​អំណាច​នៅ​ឡាវ ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៣ ខែមករា នៅ​មជ្ឈមណ្ឌល​សន្និបាតជាតិ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​។ កិច្ចប្រជុំ​ដ៏​ធំ​របស់​បក្ស​កាន់អំណាច​តែមួយគត់​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ធ្វើឡើង​ក្នុង​បរិបទ​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​អាជ្ញាធរ​បាន​ពង្រឹង​វិធានការ​ការពារ​យ៉ាង​ម៉ត់ចត់​។ អ្នកចូលរួម​សុទ្ធតែ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព និង​វាស់​កម្ដៅ​ផង​។​
 
​បើតាម​កាសែត​ឡាវ Vientiane Times សមាជ​លើក​ទី​១១ នេះ នឹង​កែប្រែ​ធម្មនុញ្ញ​បក្ស ពិនិត្យ​របាយការណ៍​ន​យោ​បាយ និង​សេដ្ឋកិច្ច​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក ក៏ដូចជា​ផែនកា​សម្រាប់​៥​ឆ្នាំ​ទៅមុខ​។ ក្រៅពី​ផែនការ​សកម្មភាព​ទូទៅ អ្វីដែល​គេ​រង់​ចាំមើល​នោះ គឺ​ការជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​បក្ស​កាន់អំណាច​ដែរ​ដូចជា​តំណែង​អគ្គលេខាធិការ សមាជិក​ការិយាល័យ​នយោបាយ និង​គណៈ​មជ្ឈិម​។​
 
​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ដែលជា​អគ្គលេខាធិការ​គណៈ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធានាធិបតី​ឡាវ​ដែរ រំពឹងថា នឹង​បន្ត​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​ទៀត​។ លោក ប៊ុន​ញ៉ា​ង ក្លាយជា​អគ្គលេខាធិការ​បក្ស​កាលពី​សមាជ​លើក​ទី​១០ ឆ្នាំ​២០១៦ ជំនួស​លោក ជុំ​ម៉ាលី សា​យ៉ា​សន ដែល​ចូលនិវត្តន៍​។ ចំណែក​នាយករដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត ក៏​អាច​ជាប់ឆ្នោត​ជា​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​មេដឹកនាំ​លំដាប់​ទី​ពីរ​ទៀត​ដែរ​។​
 
​តាមពិតទៅ ព័ត៌មាន​ទាក់ទង​ការជ្រើសរើស​មេដឹកនាំ ត្រូវ​បិទ​ជិត​រហូត​ថ្ងៃ​ប្រកាស​តែម្ដង ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ស្ថិតក្រោម​គ្រប់គ្រង​របស់​បក្ស​កាន់អំណាច​ទាំងស្រុង​។ ក្នុង​ឆ្នាំ​២០១៦ នោះដែរ សមាជ​បក្ស​កាន់អំណាច​ឡាវ ជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ​១១​នាក់ និង​សមាជិក​គណៈ​មជ្ឈិម​៦៩​នាក់​។ 
 
​ចិន និង​វៀតណាម​ដែល​ប្រកាន់​របប​ដឹកនាំ​បែប​កុម្មុយនីស្ត​ដូច​ឡាវ ក៏បាន​ផ្ញើ​សារ​អបអរ​សមាជិក​នេះដែរ​។ ក្នុង​សារ​របស់ខ្លួន គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​លើកឡើងថា សមាជ​នេះ នឹង​នាំមក​កម្លាំង​ជំរុញ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​សង្គមនិយម​នៅ​ឡាវ​។ ចំណែក​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​វិញ បញ្ជាក់ថា សមាជ​លើក​ទី​១១ ជាការ​អភិវឌ្ឍ​ថ្មី​មួយទៀត​របស់​បដិវត្ត​ន៍​ឡាវ ហើយ​វៀតណាម​ត្រៀម​ធ្វើការ​ជាមួយ​ឡាវ​ដើម្បី​ជំរុញ​ទំនាក់ទំនង​បក្ស និង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​៕
 
 
 
 

Tag:
 ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com