ជាតិ
សង្គមជាតិ
បុរស​ស្ត្រី​វៀតណាម​២​នាក់ ជាប់ពន្ធនាគារ​២០​ឆ្នាំទៅ​២៥​ឆ្នាំ ពីបទ​ល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​
13, Jan 2021 , 9:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ចៅក្រម​តុលាការ​ភ្នំពេញ បានប្រកាស​សាលក្រម នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ កំណត់​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ជាប់ពន្ធនាគារ​២៥​ឆ្នាំ ហើយ​ជនជាតិ​វៀត​ណា​ម្នាក់ទៀត ជា​ស្ត្រី ជាប់ពន្ធនាគារ​២០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ ក្រៅពី​ជាប់ពន្ធនាគារ បុរស​ស្ត្រី​ជនជាតិ​វៀតណាម​ទាំង​២​រូបនោះ ត្រូវ​បង់​ថវិកា​ចូល​រដ្ឋ​ថែមទៀត ដោយ​បុរស ត្រូវ​បង់​៦០​លាន​រៀល ហើយ​ស្ត្រី ត្រូវ​បង់​៤០​លាន​រៀល​។



​លោក សួស វិទ្យា​រ៉ា​ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ថា ជនជាតិ​វៀតណាម​ទាំង​២​រូបនោះ ត្រូវ​ចោទ​ពីបទ​រក្សាទុក ដឹកជញ្ជូន និង ជួញដូរ​សារធាតុ​ញៀន​។ លោក ប្រាប់ថា អ្នក​ទាំង​២ ត្រូវបញ្ជូន​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​។ 
 
​អ្នក​ទាំង​២​នោះ មាន​អាយុ​ជាង​៣០​ឆ្នាំ​ដូចគ្នា​។ បុរស ឈ្មោះ ម៉ា​យ ហា្វ​ន​ទៀន​ថា​ញ់ (Mai Hoan Tien Thanh) និង​ស្ត្រី ឈ្មោះ វ៉ ថា​ញ់​ហុង (Vor Thanh Hong)​។ ពួកគេ​ទាំង​២ ត្រូវបាន​ចាប់ខ្លួន​តាំងពី​ចុងឆ្នាំ​២០១៩​មក នៅក្នុង​រាជធានី​ភ្នំពេញ​។ 
 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះផ្សាយ​ថា ក​ម្លាំ​សមត្ថកិច្ច បាន​ចុះទៅ​ឆែកឆេរ​ដល់​ដល់​កន្លែង​ស្នាក់នៅ​របស់​បុរស​ឈ្មោះ ម៉ា​យ ហា្វ​ន​ទៀន​ថា​ញ់ ដោយ​រកឃើញ​សារធាតុ​ញៀន​ជិត​២​គីឡូក្រាម​។ បើតាម​នគរបាលជាតិ​ដដែល ឈ្មោះ ម៉ា​យ ហា្វ​ន​ទៀន​ថា​ញ់ ស្ថិតក្នុង​ចំណោម​បក្សពួក​ជនជាតិ​វៀតណាម​៣​នាក់​ផ្សេងទៀត ដែល​ត្រូវ​សមត្ថកិច្ច​កម្ពុជា ចាប់បាន​ក្នុងអំឡុងពេល​ហាក់​ប្រហែល​គ្នា​។ នគរបាលជាតិ ផ្សាយ​នៅពេលនោះ​ថា ក្នុង​ប្រតិបត្តិ​ចាប់​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​និង​រឹបអូស​គ្រឿងញៀន​សរុប​ជិត​១០០​គីឡូក្រាម​ឯណោះ រួមទាំង​សារធាតុ​គីមី​ផ្សំ​ជាង​២៨​គីឡូក្រាម​ទៀត​។ 
 
​យ៉ាងណា ស្ត្រី​ជនជាតិ​វៀតណាម ឈ្មោះ វ៉ ថា​ញ់​ហុង មិនឃើញ​មាន​ក្នុង​អត្ថបទ​របស់​នគរបាល​ជាតិ​ឡើយ​។ ប៉ុន្តែ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា ឈ្មោះ KBN បាន​ផ្សាយ​ថា ស្ត្រី​ជនជាតិ​វៀតណាម ឈ្មោះ វ៉ ថា​ញ់​ហុង ក៏ត្រូវ​ចាប់ខ្លួន ក្នុងចំណោម​បក្សពួក​ខាងលើ​ដែរ​។ សារព័ត៌​ម​មាន ពុំបាន​បញ្ជាក់ថា សមត្ថកិច្ច រកឃើញ​សារធាតុ​ញៀន​ឬ​គ្រឿងញៀន​ចំនួន​ប៉ុន្មាន​ពី​ស្ត្រី​ឈ្មោះ វ៉ ថា​ញ់​ហុង ឡើយ ដោយ​គ្រាន់តែ​រាយការណ៍​ថា សមត្ថកិច្ច បាន​ដកហូត​កញ្ឆា​ក្រៀម​១​កញ្ចប់​ធំ ពេល​ចុះទៅ​ចាប់​នាង​។​
 
​ផ្អែកលើ​សារព័ត៌មាន KBN គឺមាន​ជនជាតិ​វៀតណាម​ម្នាក់​ថែមទៀត ដែល​ត្រូវ​ចាប់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទ​ល្មើស​គ្រឿងញៀន​ខាងលើ​។ សារព័ត៌មាន KBN បានសរសេរថា កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម ក្នុង​ប្រតិបត្តិ​ការចាប់​ជនជាតិ​វៀតណាម​ទាំង​៦​នាក់​នោះ​៕  
 
 
 

Tag:
 ជនជាតិ​វៀតណាម​
  បទល្មើស​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com