រដ្ឋមន្ត្រីការបរទេស​អាមេរិក ចោទ​អ៊ីរ៉ង់​ជា​មូលដ្ឋាន​ថ្មី​របស់​ក្រុម​អាល់​កៃ​ដា​
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាមេរិក ចោទ​អ៊ីរ៉ង់​ជា​មូលដ្ឋាន​ថ្មី​របស់​ក្រុម​អាល់​កៃ​ដា​
13, Jan 2021 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃ ប៉ុមប៉េអូ។រូបភាព៖  AFP
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក នៅ​ថ្ងៃទី​១២ មករា អះអាងថា​អ៊ីរ៉ង់​ជា​មូលដ្ឋាន​ថ្មី​របស់​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​។ ដោយ​ពុំបាន​លើកឡើង​ពី​ភស្តុតាង​ជាក់លាក់​មក​គាំទ្រ​សម្ដី​របស់ខ្លួន លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ​និយាយថា​ដល់ពេល​ដែល​អាមេរិក និង​ប្រទេស​សេរី​រួមគ្នា​កម្ទេច​អ៊ីរ៉ង់ និង​អាល់​កៃ​ដា​។ ប្រមុខ​ការទូត​អ៊ីរ៉ង់ ទាត់ចោល​ការលើកឡើង​បែបនេះ​។​

 
​នៅសល់​ត្រឹមតែ​៨​ថ្ងៃមុន​រដ្ឋបាល​ខ្លួន​អស់​អាណត្តិ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទ​អ៊ីរ៉ង់​ចំៗ​ថា អនុញ្ញាត​ឲ្យ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​បង្កើត​មូលដ្ឋាន​ប្រតិបត្តិការ​នៅក្នុង​ទឹកដី​ខ្លួន​។ ប៉ុន្តែ​អ្នកជំនាញ​ចារកិច្ច និង​អ្នកវិភាគ​ឯករាជ្យ ពុំ​សូវ​ជា​ទុក​ជឿ​ប៉ុន្មាន​ឡើយ​ពី​ការលើកឡើង​របស់លោក​ប៉ុ​ម​ប៉េ​អូ​។ ក្រុម​ភេរវកម្ម​អាល់​កៃ​ដា ជា​អ្នកបើក​ការវាយប្រហារ ដោយ​បើក​យន្តហោះ​បុក​អាគារ​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​។​
 
 
«​អាល់​កៃ​ដា មាន​មូលដ្ឋាន​ថ្មី នោះ​គឺ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ដោយ​អះអាង​ទៀតថា រដ្ឋាភិបាល​អ៊ីរ៉ង់​ផ្តល់​សេរីភាព​យ៉ាង​ពេញទី​ដល់​មេដឹកនាំ​ក្រុម​ភេរវកម្ម​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការបរទេស​រូប​នេះ​បន្តថា រដ្ឋាភិបាល​អ៊ីរ៉ង់​ផ្តល់​កន្លែង​ស្នាក់នៅ សម្ភារ អត្តសញ្ញាណ​បណ្ណ និង​លិខិតឆ្លងដែន ដើម្បី​ឲ្យ​ក្រុម​នេះ​អាចធ្វើ​សកម្មភាព និង​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​នៅក្នុង​ប្រទេស​នេះ​បាន​។​
 
​តប​ទៅនឹង​ការចោទប្រកាន់​នេះ លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​និយាយថា លោក ប៉ុ​ម​ប៉េ​អូ បញ្ចប់​អាជីព​ការទូត​របស់ខ្លួន​ដោយ​ការនិយាយ​កុហក​។ លោក​ថា គ្មាន​អ្នកណា​ចាញ់បោក​អាមេរិក ដោយ​ថា ភេរវ​ករ​វាយប្រហារ​ថ្ងៃ​១១ កញ្ញា ឆ្នាំ​២០០១ មកពី​អ៊ីរ៉ង់​ឡើយ​។ លោក​ថា ភេរ​វករ​វាយប្រហារ​អាមេរិក មកពី​អា​រ៉ា​ប៊ី​សា​អូឌីត ទី​ដែល​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទៅ​ទស្សនកិច្ច​ជាច្រើន​ដង​ឯណោះ​ទេ​។​
 
​ខណៈ​មាន​ថ្នាក់ដឹកនាំ​អាល់​កៃ​ដា​ខ្លះ​រស់នៅក្នុង​អ៊ីរ៉ង់​នោះ អ្នកជំនាញ​ចាត់ទុក​ការដែល​អះអាងថា​ក្រុម​នេះ​យក​ប្រទេស​អ៊ីរ៉ង់​ជា​មូលដ្ឋាន​ថ្មី ជា​រឿង​ពន្លើស​។ លោក Charles Lister អ្នកវិភាគ​នៅ​វិទ្យាស្ថាន​ម​ជ្ឈឹ​ម​បូព៌ា និយាយថា អ៊ីរ៉ង់ និង​ក្រុម​អាល់​កៃ​ដា​ប្រៀបបាន​ទៅនឹង​សត្រូវ​យុទ្ធសាស្ត្រ ហើយ​ថា​ការ​លាប​ពណ៌​ឲ្យ​អ៊ីរ៉ង់ និង​អាល់​កៃ​ដា​ជា​មិត្ត​នឹង​គ្នា​ជា​រឿងប្រឌិត​។ អ៊ីរ៉ង់​ជា​ប្រទេស​កាន់សាសនា​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត ចំណែក​អាល់​កៃ​ដា​កាន់​និកាយ​ស៊ូ​នី ជាស​ត្រូវ​មើលមុខ​គ្នា​មិន​ចំ​តាំងតែ​ពី​ដើម​មក​។​
 
​ការលើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ធ្វើ​ឲ្យ​សង្ស័យ​ពី​បំណង​របស់លោក​។ ទីប្រឹក្សា​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន ជឿថា រដ្ឋបាល​របស់លោក ត្រាំ មានបំណង​ធ្វើ​ឲ្យ​លោក បៃ​ឌិន ជួប​បញ្ហា​ស្មុគស្មាញ​ក្នុងការ​សម្រួល​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់ និង​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាថ្មី​។ ទំនាក់ទំនង​អ៊ីរ៉ង់​-​អាមេរិក ធ្លាក់​ដុនដាប​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨ ក្រោយ​លោក ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com