ជាតិ
អ្នកនាំពាក្យ​៖ បទល្មើស​ធនធានធម្មជាតិ​កើន តែ​លែងមាន​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​
13, Jan 2021 , 10:59 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​
 
​ឆ្នាំ​២០២០ មាន​បទល្មើស​ធនធាន​ធម្មជាតិ  បាន​ចំនួន​៨,៩១៧ ករណី ត្រូវបាន​បង្ក្រាប ដែល​តួលេខ​នេះ​កើនឡើង ៣,៤៤២​ករណី ឬ​ស្មើនឹង​៣៨.៦​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។ បើតាម​របាយការណ៍​ដែល​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បទល្មើស​ដែល​ត្រូវបាន​បង្ក្រាប​ភាគច្រើន ជា​បទល្មើស​កាប់​ឈើ ការទន្ទ្រាន​កាន់កាប់​ដីព្រៃ ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​សត្វ​ជាដើម ខណៈ​លោក​អះអាងថា បទល្មើស​ព្រៃឈើ​ខ្នាត​ធំ មិនមាន​ទៀតឡើយ​។​

 
​ក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាបបាន​បទ​ល្មើ​ល​ធនធានធម្មជាតិ  បាន​ចំនួន​៨,៩១៧ ករណី នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​៦៨​កន្លែង នៅ​ប្រទេស​កម្ពុជា​។ ចំនួន​នេះ គឺ​កើនឡើង​ចំនួន​៣,៤៤២​ករណី ឬ​ស្មើនឹង​៣៨.៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ដែល​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ផ្ញើមក​កាន់​អ្នកសារព័ត៌មាន តាម​បណ្តាញ​តេ​ឡេ​ក្រាម​។ 


 
​លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​ទៀតថា បទល្មើស​ដែល​ត្រូវបាន​បង្ក្រាប ភាគច្រើន​ជា​បទល្មើស​កាប់​ឈើ ការទន្ទ្រាន​កាន់កាប់​ដីព្រៃ ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​សត្វ​ជាដើម ខណៈ​លោក​អះអាងថា បទល្មើស​ព្រៃឈើ​ខ្នាត​ធំ មិនមាន​ទៀតឡើយ​។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បញ្ជាក់​ដូច្នេះ​៖«​ជាមួយ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​លែងមានទៀតហើយ គឺ​នៅមាន​បទ​ល្មើ​ល​ព្រៃឈើ​ខ្នាតតូច​»​។​
 
​យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​បន្ត​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ ក្នុង​ការអប់រំ​ផ្សព្វផ្សាយ និង​អនុវត្តន៍​ច្បាប់ ដើម្បី​ទប់ស្កាត់  និង​ថែរក្សា​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​


រូបភាពពីហ្វេសប៊ុកផេកក្រសួងបរិស្ថាន

​សូមជម្រាបថា វត្ថុតាង​ដែល​រឹបអូស​បាន​ពី​ការបង្ក្រាប​ពេញ​មួយឆ្នាំ​២០២០ រួមមាន​រថយន្ត​ចំនួន ២១៥​គ្រឿង​, គោយន្ត​ចំនួន ៦១១​គ្រឿង​, ម៉ូតូ​ចំនួន ៥៩០​គ្រឿង​, កាំភ្លើង​កែច្នៃ​បាញ់​សត្វ​ចំនួន ៧៣៧​ដើម​, រណារយន្ត​ចំនួន ៤,០០៤​គ្រឿង​,  ឈើ​ចំនួន ២,៧១៨ ម៉ែត្រគូប និង​អន្ទាក់​ដាក់​សត្វ​ចំនួន ៤៣,២៧០ ត្រូវបាន​ដោះចេញ​។ 
 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​បទល្មើស​ដែល​បង្ក្រាបបាន មាន​បទល្មើស​ចំនួន​៦០៥​ករណី ត្រូវ​បញ្ជូនទៅ​តុលាការ​, បទល្មើស​ចំនួន​៨៥៧​ករណី រង​ពិន័យ​អន្តរការណ៍ និង​បទល្មើស​ចំនួន​២,៩៤៦​ករណី​ស្ថិតក្នុង​បទល្មើស​ត្រូវ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​៕


រូបភាពពីហ្វេសប៊ុកផេកក្រសួងបរិស្ថាន 
 

Tag:
 នេត្រ ភក្ត្រា​
 ThmeyThmey25
  បរិស្ថាន​
  បទល្មើស​
  ធនធានធម្មជាតិ​
  ក្រសួងបរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com