ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 រដូវកាលឆ្នាំ ២០២១ នឹងចាប់ផ្តើមមួយសប្តាហ៍ក្រោយការគ្រោងទុកបន្ទាប់ពី Australian Grand Prix ពន្យារពេលបើកឆាកដោយសារការរីករាលដាលជាថ្មីនៃជំងឺ COVID-19។ ចិនដែលដកខ្លួនរដូវកាលមុនក៏ពន្យារពេលរៀបចំ ខណៈបារ៉ែននឹងទទួលរៀបចំការប្រណាំងបើកជំនួសអូស្ត្រាលី។
កម្មវិធីប្រណាំង Australian Grand Prix នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលីដែលគ្រោងនឹងបើករដូវកាលថ្មីនៅថ្ងៃទី២១ ខែមីនា ត្រូវពន្យារទៅធ្វើនៅថ្ងៃទី២១ ខែវិច្ឆិកាវិញ។ អ្នករៀបចំការប្រណាំងរថយន្តលំដាប់ពិភពលោក F1 ប្រកាសនៅថ្ងៃទី១២ មករា ដោយលើកឡើងថា នេះបណ្តាលមកពីស្ថានភាពមិនល្អដែលបង្កដោយរលកទី២នៃជំងឺរាតត្បាតសកល។
សម្រាប់ការប្រកួតបើកឆាកឆ្នាំ២០២១ នឹងត្រូវជំនួសដោយបារ៉ែន ក្នុងកម្មវីធីប្រណាំង Bahrain Grand Prix ក្នុងក្រុង Sakhir ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា។ ចិនក៏បានប្រកាសពីការពន្យារពេលដោយសារវិបត្តិ COVID-19 ផងដែរ ប៉ុន្តែមិនទាន់បង្ហាញកាលបរិច្ឆេទថ្មីសម្រាប់ការប្រណាំងរបស់ខ្លួនឡើយ។
ចិន និងអូស្ត្រាលីដែលស្ថិតក្នុងចំណោមប្រទេសដែលមានចំនួនករណីឆ្លងច្រើន សុទ្ធតែមិនចូលរួមការប្រណាំង F1 ឬកាំជ្រួចលើផ្ទៃរាបកាលពីរដូវកាលមុន។
ដោយមិនរាប់ចិន F1 បានចេញកាលវិភាគប្រណាំងរបស់ខ្លួនសម្រាប់រដូវកាល២០២១នេះហើយ ដោយក្នុងនោះមាន២៣ទីលាន ខណៈរដូវកាលមុនមានការប្រណាំង១៧ទីលានប៉ុណ្ណោះ។
តារាងកម្មវិធីប្រណាំង F1 សម្រាប់រដូវកាល ២០២១៖
១- ថ្ងៃទី២៨ ខែមីនា - បារ៉ែន ក្រុង Sakhir
២- ថ្ងៃទី១៨ ខែមេសា - អ៊ីតាលី ក្រុង Imola
៣- ថ្ងៃទី២ ឧសភា - មិនទាន់បញ្ជាក់
៤- ថ្ងៃទី៩ ឧសភា - អេស្ប៉ាញ ក្រុង Barcelona
៥- ថ្ងៃទី២៣ ឧសភា - មូណាកូ ក្រុងម៉ុងតេកាឡូ
៦- ថ្ងៃទី៦ មិថុនា - អាសែប៉ៃហ្សង់ ក្រុង Baku
៧- ថ្ងៃទី១៣ មិថុនា - កាណាដា ក្រុង Montreal
៨- ថ្ងៃទី២៧ មិថុនា - បារាំង ក្រុង Le Castellet
៩- ថ្ងៃទី៤ កក្កដា - អូទ្រីស ទីលាន Spielberg
១០- ថ្ងៃទី១៨ កក្កដា- ចក្រភពអង់គ្លេស ទីលាន Silverstone
១១- ថ្ងៃទី១ សីហា - ហុងគ្រី ក្រុង Budapest
១២- ថ្ងៃទី២៩ សីហា - បែលហ្ស៊ិក ទីលាន Spa
១៣- ថ្ងៃទី៥ កញ្ញា- ហូឡង់ ក្រុង Zandvoort
១៤ថ្ថៃទី១២ កញ្ញា - អ៊ីតាលី ក្រុង Monza
១៥- ថ្ងៃទី២៦ កញ្ញា - រុស្ស៊ី ក្រុង Sochi
១៦- ថ្ងៃទី៣ តុលា - សិង្ហបុរី
១៧- ថ្ថៃទី១០ តុលា - ជប៉ុន ក្រុង Suzuka
១៨- ថ្ងៃទី២៤ តុលា - អាមេរិក ក្រុង Austin
១៩- ថ្ងៃទី៣១ តុលា - ម៉ិកស៊ិក ក្រុងម៉ិកស៊ិកូស៊ីធី
២០- ថ្ងៃទី៧ វិច្ឆិកា - ប្រេស៊ីល ក្រុង Sao Paulo
២១- ថ្ងៃទី២១ វិច្ឆិកា - អូស្ត្រាលី ក្រុង Melbourne
២២- ថ្ងៃទី៥ ធ្នូ- អារ៉ាប៊ីសាអូឌីត ក្រុង Jeddah
២៣- ១២ ធ្នូ- អេមីរ៉ាតអារ៉ាប់រួម ក្នុងទីក្រុង Abu Dhabi ៕