ភ្នំពេញ៖ កម្ពុជា បានរកឃើញទីតាំងប្រេង នៅក្នុងប្លុក A មួយហើយ ដែលអាចផលិតប្រេងបាន៣០លានបារ៉ែល។ ក្រៅពីប្លុក Aនេះ ប្រេងនៅលើដែនទឹកកម្ពុជា នៅសល់៥ប្លុកទៀត ខណៈនៅលើដែនគោក មាន១៩ប្លុកដែរ។ នេះបើតាមលោក ជៀប សួរ អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។
លោក ជៀប សួរ បានបញ្ជាក់ថា ក្នុងចំណោមទីតាំងប្រេងនៅដែនទឹកកម្ពុជា ចំនួន៥ប្លុកទៀតនោះ គឺមាន ប្លុកD ត្រូវបានក្រុមហ៊ុនបរទេសមួយ ចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផលិតប្រេងហើយ។ ដូច្នេះនៅប្លុកប្រេង៤ទៀត ដែលរង់ចាំការបោះទុនវិនិយោគពីបរទេស។
ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយអគ្គនាយដ្ឋានទូរទស្សន៍ជាតិ(ទទក)នោះលោក ជៀប សួរ បានបញ្ជាក់ដូច្នេះថា៖«នៅដែនសមុទ្រកម្ពុជា យើងបានបែងចែកជា៦ប្លុកសម្រាប់សិក្សាស្រាវជ្រាវ …។សម្រាប់៦ប្លុកនៅក្នុងដែនសមុទ្រកម្ពុជា យើងឃើញថា ប្លុកA គឺជាប្លុកទី១ ដែលរកឃើញថាមានប្រេង យើងបានចាប់ផ្ដើមផលិតប្រេងនៅពេលនេះហើយ។ មានប្លុកមួយទៀត គឺប្លុកD យើងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនហើយ ដើម្បីឱ្យគាត់ធ្វើការសិក្សាស្រាវជ្រាវរកធនធានប្រេងកាត ប៉ុន្តែដោយសារមានបញ្ហាវីរុសកូវីដ-១៩ មក ធ្វើឱ្យសកម្មភាពរបស់គាត់មានការអាកខានខ្លះ ដោយសារការប្រមូលរៀបចំបុគ្គលិកហើយនឹងផែនការផ្សេងៗរាំងស្ទះដែរ»។
ក្រៅពីនៅដែនសមុទ្រកម្ពុជានេះ ក៏មានទីតាំងប្រេងកាត នៅ៤តំបន់ទៀត ក្នុងដែនសមុទ្រដែរ ប៉ុន្តែទីតាំងទាំងនោះ វាស្ថិតនៅតំបន់ត្រួតស៊ីគ្នាជាមួយភាគីថៃ។ ភាគីកម្ពុជា កំពុងចរចាជាមួយរដ្ឋាភិបាលថៃ លើបញ្ហានេះ ដើម្បីអាចមានលទ្ធភាពអភិវឌ្ឍ និងផលិតប្រេងកាត។ នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។
មិនមែនតែដែនទឹកទេ ក្នុងដែនគោកវិញ ក៏មានតំបន់ប្រេងដែរ។ លោក ជៀប សួរ បានបញ្ជាក់ថា ប្រេងនៅដែនគោក មានចំនួន១៩ប្លុកទៀត ដែលត្រូវការក្រុមហ៊ុនសហការវិនិយោគ។ «នៅលើដែនគោកយើងបានបែងចែកជា១៩ប្លុក ដើម្បីធ្វើការសិក្សាស្រាវជ្រាវរកធនធានប្រេងកាតនេះ ហើយក្នុងនោះមានប្លុក(ទី)៨ មួយដែលមានការចាប់អារម្មណ៍ពីក្រុមហ៊ុនប្រទេសកាណាដា ហើយគាត់កំពុងតែចរចាកិច្ចព្រមព្រៀងប្រេងកាតជាមួយគណៈកម្មការអន្តរក្រសួងយើង។ ប៉ុន្តែការចរចានេះ មានការរអាករអួលខ្លះដែរដោយសារបញ្ហាកូវីដ-១៩ នេះ។ ហើយ១៨ប្លុកទៀតនៅលើដែនគោកនេះ ក៏នៅទំនេរដែរ ហើយយើងក៏រង់ចាំការចាប់អារម្មណ៍ពីអ្នកវិនិយោគប្រេងកាត»។ នេះជាការបញ្ជាក់របស់លោក ជៀប សួរ ដែលមិនអាចបញ្ជាក់លម្អិតពីទីតាំងភូមិសាស្ត្រ និងបរិមាណប្រេងកាតសរុបនៅតាមប្លុកនានាឡើយ ។
កម្ពុជាអាចទទួលបានប្រេង៣០លានបារ៉ែល(១បារ៉ែល ស្មើ១៥៦លីត្រ) ពីប្លុក A ស្ថិតនៅដែនសមុទ្រកម្ពុជា ដែលមានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ លោកអគ្គនាយករូបនេះ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Kris Energy ដែលទទួលសិទ្ធិក្នុងការរុករកប្រេងនៅកម្ពុជា អាចប្រើពេលពី៨ឆ្នាំទៅ៩ឆ្នាំ ក្នុងការបូមប្រេងនិងការផលិតប្រេងជាង៣០លានបារ៉ែលនេះ ខណៈបរិមាណផលិតជាមធ្យមបាន៧,៥០០បារ៉ែលក្នុងមួយថ្ងៃ។
ប្រេង៣០លានបារ៉ែលនេះ គឺស្ថិតនៅតំបន់អប្សរានៃប្លុកA ខណៈតំបន់២ទៀតនោះ ស្ថិតនៅគម្រោងបូមប្រេងបន្ទាប់។ តំបន់២ទៀតរួមមាន តំបន់ប៉ូលូវៃនិងបាសិត ស្ថិតនៅក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣ គឺតំបន់អង្គារសិល្ប៍ ។ ទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងប្លុកA។នេះបើតាមលោក ជៀប សួរ។
កាលពីចុងឆ្នាំ២០២០សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងយកចំណូលបានពីការលក់ប្រេងនេះ ទៅផ្គត់ផ្គង់លើវិស័យអប់រំ និងសុខាភិបាល។ សម្ដេច ហ៊ុន សែន ចាត់ទុកការផលិតបានប្រេងកាតនេះ នឹងជួយកម្ពុជាបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះមួយកម្រិតទៀត។
គួរបញ្ជាក់ថា ដំបូងឡើយកម្ពុជា បានចុះកិច្ចព្រមព្រៀងប្រេងកាតដំបូងនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។
ក្រោយដំណើរការរុករកជម្រកប្រេង អស់៨ឆ្នាំ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច នៅឆ្នាំ ២០១០ ដើម្បីឈានទៅអនុវត្តផែនការការងារនៅខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មនៅពេលនោះ បានតម្រូវឲ្យកម្ពុជា និងក្រុមហ៊ុន Chevron ត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងខ្លះឡើងវិញ ដើម្បីស្របបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរ។ ដោយសារការកែសម្រួលលក្ខខណ្ឌ និងរៀបចំច្បាប់ផែនការអភិវឌ្ឍនេះហើយ ទើបធ្វើឲ្យដំណើរការផលិតប្រេងនៅឆ្នាំ២០១២ រាំងស្ទះ ហើយមិនអាចអនុវត្តបាន។
តាមរយៈការចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នានៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ផ្លាតហ្វមអណ្តូងប្រេងបច្ចុប្បន្ននេះ៕