ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ឈានដល់ខួប៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី
14, Jan 2021 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ សម្តេច ហ៊ុន សែន ឈានដល់ការប្រារព្ធខួប៣៦ឆ្នាំនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា (១៤ មករា ១៩៨៥-១៤ មករា ២០២១)។ បច្ចុប្បន្នសម្តេចគឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេលើពិភពលោក ហើយសម្តេចប្រកាសជាញឹកញាប់ថា សម្តេចនឹងបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកក្រោយៗទៀត។




ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ សម្តេច ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា និងសម្តេចជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥។
 
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បន្តពីលោក ចាន់ ស៊ី ហើយបន្តតួនាទីជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨៥ ដល់ ១៩៩១ ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣  សម្តេចបន្តដឹកនាំរដ្ឋាភិបាលក្នុងឋានៈជាសហនាយករដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។
 
គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាបន្តបន្ទាប់ ដែលនាំឲ្យសម្តេច ហ៊ុន សែន បន្តរក្សាតំណែងនាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។ ជាញឹកញាប់ សម្តេចអះអាងថា សម្តេចនឹងបន្តឈរឈ្មោះយ៉ាងហោចណាស់មួយអណត្តិទៀត ឬឈានដល់អាយុ៩០ឆ្នាំ។

 សម្រាប់តំណែងនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ឈានដល់ឆ្នាំទី៣៦ រីឯនាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបន្ទាប់ទៀតមាន នាយករដ្ឋមន្ត្រីកោះសាម័រ លោក Tuilaepa Aiono Sailele Malielegaoi ជាង២២ឆ្នាំ នាយករដ្ឋមន្ត្រីកោះសាំងវ៉ាំងសង់ និងហ្រ្គើណាឌីន ជិត២០ឆ្នាំ លោក Ralph Gonsavles លោកនាយករដ្ឋមន្ត្រីដូមិនីក Roosevelt Skerrit ជាង១៧ឆ្នាំ និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsein Loong ជាង១៦ឆ្នាំ។

ប៉ុន្តែគិតទាំងរបបប្រធានាធិបតី លោក Paul Biya នាយករដ្ឋមន្ត្រី បន្ទាប់មកប្រធានាធិបតីកាមេរូន កាន់តំណែងយូរជាងគេដល់មានរយៈពេលជាង៤៥ឆ្នាំ បន្ទាប់មកលោក Teodoro Obiang Nguema Mbasogo ប្រធានាធិបតីហ្គីណេអេក្វាទ័រ ដែលកាន់អំណាចជាង៤១ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com