COVID-19
អន្តរជាតិ
ចិន មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ ដំបូង​ក្នុងពេល​៨​ខែ ខណៈ​ក្រុម​ជំនាញ WHO ទៅដល់​វូ​ហាន​
14, Jan 2021 , 1:29 pm        
រូបភាព
គ្រូពេទ្យ យកសំណាកពីកុមារចិននៅទីក្រុងស៊ីចាងឆ័ង ខេត្តហឺប៉ី ដើម្បីពិនិត្យរកមើលកូវីដ-១៩ ។ រូបថត Xinhua
គ្រូពេទ្យ យកសំណាកពីកុមារចិននៅទីក្រុងស៊ីចាងឆ័ង ខេត្តហឺប៉ី ដើម្បីពិនិត្យរកមើលកូវីដ-១៩ ។ រូបថត Xinhua
​អាជ្ញាធរ​សុខាភិបាល​ចិន នៅ​ថ្ងៃទី​១៤ ខែមករា បាន​រាយការណ៍​ពី​ការស្លាប់​ដោយសារ​កូ​វីដ​-១៩ មួយ​ករណី ដែល​នេះ​ជា​ករណី​ស្លាប់​ក្នុង​រយៈពេល​៨​ខែ​ចុងក្រោយ​។ ករណី​ស្លាប់​នេះ កើតឡើង​ស្របពេល​ចិន មាន​ករណី​ឆ្លង​ហក់​ឡើងដល់​កំណត់ត្រា​ថ្មី​ផងដែរ​។ 

 
​ក្រុង​វូ​ហាន ប្រទេស​ចិន គឺជា​កន្លែង​ដែល​ផ្ទុះ​កូ​វីដ​-១៩ មុនដំបូង​គេ​។ បន្ទាប់ពី​មាន​ករណី​ឆ្លង​ផ្ទុះ​បែបនេះ រដ្ឋាភិបាល​ចិន បាន​ចាត់វិធានការ​បិទ​ក្រុង ផ្អាក​មធ្យោបាយ​ដឹកជញ្ជូន បិទ​ហាង​ទំនិញ​មិនចាំបាច់ និង​វិធានការ​ផ្សេងទៀត​ជាដើម​។ ដោយសារ​វិធានការ​ទាំ​ង​នោះ ចិន​បានធ្វើ​ឲ្យ​ករណី​ឆ្លង​កូ​វីដ​-១៩ ជាច្រើន​ពាន់​ករណី ធ្លា​ក់មក​ស្ថិតក្រោម​ការគ្រប់គ្រង​។ យ៉ាងណាមិញ មួយរយៈ​ចុងក្រោយ​នេះ ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ចិន បាន​ងើប​ឡើងវិញ​។ 
 
​នៅ​ថ្ងៃទី​១៤ ខែ​ខែមករា អាជ្ញាធរ​សុខាភិបាល បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ១៣៨​ករណី ដោយ ១២៤​ករណី គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។ នេះ​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ច្រើន​គិត​តាំងពី​ខែមីនា ឆ្នាំ​២០២០ មក​។ ជាមួយគ្នា ចិន​ក៏​កត់ត្រា​ករណី​ស្លាប់​លើកដំបូង​ក្នុងពេល​៨​ខែ​មក​ផងដែរ ដោយ​ករណី​ស្លាប់​មាននៅ​ខេត្ត​ហឺ​ប៉ី ជាប់​រដ្ឋធានី​ប៉េកាំង ដែលជា​ទីតាំង​ផ្ទុះ​ករ​ណ​ណី​ឆ្លង​ថ្មី​។ ករណីនេះ មិន​ត្រូវបាន​អាជ្ញាធរ បញ្ជាក់​ពី​ព័ត៌មាន​លំអិត​អ្វី​ឡើយ​។ 
 
​តួលេខ​សរុប​របស់​ចិន មាន​ចំនួន ៨៧៨៤៤​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៨២៣២៤​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ជា​ផ្នែក​មួយ​នៃ​វិធាន​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ អាជ្ញាធរ​ចិន នៅ​សប្តាហ៍​មុន បានធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ បិទ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ហាង​លក់ទំនិញ​ជាច្រើន ក្នុង​ក្រុង​ស៊ី​ចា​ឆ័ង ដែលជា​ទីក្រុង​ធំជាងគេ​ក្នុង​ខេត្ត​ហឺ​ប៉ី​។ ក្រុង​ស៊ី​ង​ថា​យ និង​ឡាង​ហ្វា​ង របស់​ខេត្ត​នេះ ក៏ត្រូវ​បាន​បិទ​ដែរ​។ ដោយឡែក​ខេត្ត​ហី​ឡុង​ជាំ​ង នៅ​ភាគ​ឦសាន​វិញ ស្ថិតក្រោម​ការប្រកាសអាសន្ន​ផងដែរ បន្ទាប់ពី​ករណី​ឆ្លង​កើនឡើង​។ ប្រជាជន​ក្នុង​ខេត្ត​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញពី​ខេត្ត​ឡើយ​។​
 
​ខណៈ​ករណី​ឆ្លង​ផ្ទុះឡើង​នៅ​ចិន ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ត្រូវ​ទៅដល់​ក្រុង​វូ​ហាន​នៅ​ថ្ងៃទី​១៤ ខែមករា​នេះដែរ ដើម្បី​ស៊ើបអង្កេត​ពី​ដើមកំណើត​នៃ​កូ​រ៉ូ​ណាវី​រុស​។ អ្នកជំនាញ​ចំនួន​១០​រូប ដែល​ដឹកនាំ​ដោយ​លោក Peter Ben Embarek អ្នកវិទ្យាសាស្ត្រ​របស់ WHO ត្រូវដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ មុន​បើក​ការស៊ើបអង្កេត​។ 
 
​ចំណែក​លោក Hung Nguyen អ្នកវិទ្យាសាស្ត្រ​ជនជាតិ​វៀតណាម ដែល​ស្ថិតក្នុង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ទៅ​វូ​ហាន​នោះដែរ បាន​បញ្ជាក់ថា អ្នកជំនាញ​នឹង​ប្រើប្រាស់​ពេលវេលា រយៈពេល ១៤​ថ្ងៃ ដើម្បី​សម្ភាស​ប្រភព​ជាច្រើន​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​, មន្ទីរពេទ្យ និង​អ្នកលក់ដូរ​ក្នុង​ផ្សា​រលក់​គ្រឿង​សមុទ្រ ក្នុង​ក្រុង​វូ​ហាន​ដែល​ត្រូវបាន​សន្ម​ត់​ថា ជា​ប្រភព​ចម្លង​មុនគេ​។ បេសកកម្ម​នេះ អាច​ផ្តោត​តែ​នៅក្នុង​ក្រុង​វូ​ហាន​មួយ​ប៉ុណ្ណោះ​។ 
 
​កន្លងទៅ អាមេរិក បាន​អំពាវនាវ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ស៊ើបអង្កេត​លើ​ដើមកំណើត​កូ​រ៉ូ​ណាវី​រុស នៅក្នុង​ប្រទេស​ចិន​ឲ្យ​មាន​តម្លាភាព បន្ទាប់ពី​ចោទ​អង្គការ​អន្តរជាតិ​មួយ​នេះ​លម្អៀង​ទៅរក​ចិន​៕

Tag:
 ចិន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com