ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យអ្នកសារព័ត៌មាន គោរពតួនាទី និងវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ក្នុងការផ្សព្វផ្សាយរបស់ខ្លួន ដោយមិនត្រូវបំពានច្បាប់។ ថ្លែងក្នុងសារលិខិតទិវាជួបអ្នកសារព័ត៌មានលើកទី៥នេះ សម្ដេច ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មានឡើយ បើសិនជាពួកគេប្រព្រឹត្តខុសច្បាប់។
នៅក្នុងក្រសែភ្នែករបស់សម្ដេច ហ៊ុន សែន អ្នកសារព័ត៌មានកំពុងបំពេញតួនាទី ដោយសម្រេចបានទាំងផលវិជ្ជមាន និងអវិជ្ជមាន នៅក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃសម័យបច្ចេកវិទ្យាឌីជីថលនេះ។និយាយពីផលវិជ្ជមាន ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានមើលឃើញពីការងារសំខាន់របស់អ្នកសារព័ត៌មាន នៅក្នុងការផ្សព្វផ្សាយច្បាស់លាស់ ពីសភាពការណ៍ជាក់ស្ដែង រួមទាំងវិធានការទប់ស្កាត់របស់រដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ។ ជាពិសេសសមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបំពេញភារកិច្ច ប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺដ៏កាចសាហាវ។
ងាកមកភាពអវិជ្ជមានវិញ លោកនាយករដ្ឋមន្ត្រី ក៏ឆ្លៀតលើកថា អ្នកសារព័ត៌មានខ្លះ មិនទាន់វិវត្តខ្លួនឱ្យទាន់សភាពការណ៍ជាក់ស្ដែង ដែលទាមឱ្យអភិវឌ្ឍខ្លួនបន្ថែមទៀត។ ដ្បិតមិនបានជួបសំណេះសំណាលផ្ទាល់ជាមួយអ្នកសារព័ត៌មាន ដោយសារជំងឺកូវីដ-១៩ កំពុងរាតត្បាតក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន នៅឆ្លៀតលើកពីតួនាទីស្នូលរបស់អ្នកសារព័ត៌មាន នៅក្នុងបរិបទប្រឆាំងជំងឺកាចសាហាវ នៃសម័យបច្ចេកវិទ្យាយ៉ាងដូច្នេះថា៖«ទន្ទឹមនេះ ក៏មានស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានរបស់យើងមួយចំនួនពុំទាន់បានរស់នៅក្នុងបរិបទគន្លងថ្មី ហើយកំពុងបំពេញការងារតាមបែបប្រពៃណីនៅពីក្រោយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលដែលអាចប្រឈមនឹងជំងឺឆ្លងកូវីដ-១៩ និងប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារ ដោយសារតែការដើរមិនទាន់ការវិវត្តនៃសភាពការណ៍…»។
មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏បានកត់សម្គាល់ថា មួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួន បានប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរ និងការមិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ,ការដើរតួនាទីជាចៅក្រមកាត់សេចក្តីរឿងទំនាស់ដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសជាដើម ដែលនាំឱ្យខូចតម្លៃរបស់អ្នកសារព័ត៌មានបំពេញការងារ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។ សម្ដេច ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលនឹងលើកលែងដល់អ្នកសារព័ត៌មានណាឡើយ បើសិនជាពួកគេប្រព្រឹត្តខុសច្បាប់។
«ខ្ញុំក៏សូមរម្លឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែរាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មានបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គមឡើយ»។ នេះជាការបញ្ជាក់របស់រដ្ឋាភិបាល។
រយៈពេល៣ឆ្នាំចុងក្រោយ រដ្ឋាភិបាលបានអនុវត្តវិធានការច្បាប់លើអ្នកកាសែតនិងអ្នកបកប្រែ ជាង១០នាក់ហើយ។ ក្នុងនោះរួមមាន អតីតអ្នកកាសែតអាស៊ីសេរី២នាក់ គឺលោក អួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា , លោក អូន ភាព និងលោក Zsombor Peter អតីតអ្នកកាសែត The Cambodia Daily និងអ្នកកាសែតអនឡាញ៩នាក់ផ្សេងទៀត។ នេះបើតាមរបាយការណ៍របស់ស្ថាប័នកាសែត និងអង្គការសង្គមស៊ីវិល ជាង៦០ ដែលបានចេញផ្សាយកាលពីខែវិច្ឆិកា ២០២០។
ចំណែកលោក រ៉ាត់ រ័ត្នមុន្នី អ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ីRT ដែលរងការចោទប្រកាន់ពីបទ«ញង់ញុះ» ទើបត្រូវបានតុលាការសម្រេចដោះលែងវិញ កាលពីចុងឆ្នាំ២០២០ ក្រោយជាប់ឃុំក្នុងពន្ធនាគារជាង២ឆ្នាំ។ រីឯលោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB នោះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស១៨ខែ តែតម្រូវឱ្យអនុវត្តទោសក្នុងពន្ធនាគារត្រឹម៥ខែ២៨ថ្ងៃ ខណៈទោសនៅសល់ទាំងប៉ុន្មាន ត្រូវព្យួរ (មិនឲ្យស្ថិតនៅក្នុងពន្ធនាគារ)ដែរ។ ស្ថាប័នកាសែត និងសង្គមស៊ីវិល ចាត់ទុកសកម្មភាពអនុវត្តច្បាប់នេះ ជាការរិតដ្បិតសេរីភាពសារព័ត៌មាន។ ពួកគេទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញអ្នកកាសែត តាមរយៈការប្រើវិធានការច្បាប់។
តែយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ធ្លាប់អះអាងថា រដ្ឋាភិបាល គ្មានហេតុផលអ្វី ដែលត្រូវធ្វើទុក្ខបុកម្នេញ ឬរិតត្បិតសេរីភាពសារព័ត៌មានឡើយ។ លោក ផៃ ស៊ីផាន ចាត់ទុកការទាមទាររបស់ស្ថាប័នទាំងនេះថា មិនបាននិយាយពីការពិតនៅកម្ពុជាទេ ហើយវាគ្រាន់តែជានិន្នាការប្រឆាំងរដ្ឋាភិបាលប៉ុណ្ណោះ។
គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២០ អ្នកសារព័ត៌មាន៥៩នាក់ ទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗរួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន ការបាត់បង់ជីវិត និងការរងបណ្តឹងពីតុលាការ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ ត្រូវបានចាប់ខ្លួន ៧នាក់ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់។ បើគិតចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន១៥នាក់ត្រូវបានសម្លាប់ ។ ពួកគេទាំងនោះ ភាគច្រើនត្រូវបានសម្លាប់ដោយសារតែការងារ។ នេះបើតាមរបាយការណ៍រួមរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(Camboja) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ក្លិបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ៕