ចិន បានប្រកាសការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយឥណ្ឌូណេស៊ីក្នុងការគាំទ្រប្រទេសនេះឲ្យក្លាយជាកន្លែងផលិតវ៉ាក់សាំងកូវីដ-១៩ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ការប្រកាសនេះធ្វើឡើងអំឡុងទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសចិននៅទីក្រុងហ្សាការតា។ ដូចគ្នានេះដែរ ចិនអះអាងថា នឹងបន្តការវិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងតំបន់ ដើម្បីពន្លឿនការស្រោចស្រង់សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩។
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍រយៈពេល៥ថ្ងៃ ពោលគឺពីថ្ងៃទី១១ ដល់ខែ១៦មករា។ ក្រោយបញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក វ៉ាង ក៏បន្តដំណើរទៅកាន់ឥណ្ឌូណេស៊ីនៅថ្ងៃទី១៣មករា។
«ចិន ត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងជាមួយឥណ្ឌូណេស៊ី និងជួយឥណ្ឌូណេស៊ីឲ្យក្លាយជាប្រទេសផលិតវ៉ាក់សាំងក្នុងតំបន់អាស៊ីអាគ្នេយ៍»។ នេះជាការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរួមរវាងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ក្រោយជំនួបនៅថ្ងៃដដែល។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយសមភាគីឥណ្ឌូណេស៊ី លោក វ៉ាង និយាយថា បើទោះតម្រូវការវ៉ាក់សាំងមានការកើនឡើងក្តី ចិនមិនស្ទាក់ស្ទើរឡើយក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ឥណ្ឌូណេស៊ី។ នេះយោងតាមសារព័ត៌មានសិង្ហបុរី The Strait Times។
ឥណ្ឌូណេស៊ី ជាប្រទេសមួយដែលទទួលសាកល្បងវ៉ាក់សាំងក្រុមហ៊ុនចិន Sinovac ដែលលទ្ធផលបង្ហាញថា មានប្រសិទ្ធភាព៦៥ភាគរយ ហើយនៅសប្ដាហ៍នេះ ឥណ្ឌូណេស៊ីក៏អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំង CoronaVac របស់ Sinovac តែម្ដង។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ជាអ្នកទទួលវ៉ាក់សាំងនេះមុនគេនៅថ្ងៃទី១៣ ខែមករា ដែលជាការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសនេះដែរ។ គិតត្រឹមថ្ងៃទី១២ មករា ឥណ្ឌូណេស៊ីទទួលបានវ៉ាក់សាំងចំនួន១៨លានដូសពីចិន។
បើទោះបីជាចាប់ដៃសហប្រតិបត្តិការគ្នារឿងវ៉ាក់សាំងក្តី ឥណ្ឌូណេស៊ីក៏មិនភ្លេចរំឭកចិនពីបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ឡើយ ជាពិសេសលើជម្លោះក្នុងសមុទ្រចិនភាគខាងត្បូង។ លោកស្រី Retno និយាយថា ដើម្បីទប់នឹងបញ្ហាខាងលើ ប្រជាជាតិនីមួយៗត្រូវគោរព និងអនុវត្តតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS)។
ពាក់ព័ន្ធទស្សនកិច្ចនៅមីយ៉ាន់ម៉ាវិញ ដំណើរទៅដល់របស់រដ្ឋមន្ត្រីការបរទេសចិន ជាទស្សនកិច្ចដំបូងបំផុតរបស់ថ្នាក់ដឹកនាំបរទេសក្រោយការបោះឆ្នោតសាកល ដែលបក្សកាន់អំណាចឈ្នះអាណត្តិទីពីរ។ ក្នុងជំនួបជាមួយលោក U Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា លោក វ៉ាង អះអាងថានឹងផ្តល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមានការផ្តល់វ៉ាក់សាំង ការធ្វើតេស្ត ក៏ដូចជាសន្យាជួយផ្តល់វ៉ាក់សាំងដល់ពលរដ្ឋមីយ៉ាន់ម៉ានាពេលខាងមុខផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាកំពុងជួបបញ្ហាប្រឈមក្នុងការទប់ស្កាត់ករណីឆ្លងក្នុងប្រទេស។ គិតត្រឹមថ្ងៃទី១៤ មករា មីយ៉ាន់ម៉ា មានអ្នកឆ្លងសរុបចំនួន១៣២,២៦០នាក់ ស្លាប់ចំនួន២,៩០២នាក់ និងជាសះស្បើយចំនួន១១៥,៦២១នាក់។
មីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១ កាន់តំណែងជាប្រទេសសម្របសម្រួលទំនាក់ទំនងចិន-អាស៊ាន សហប្រធានកិច្ចសហប្រតិបត្តិការមេគង្គ-ឡាឆាង ក៏ដូចជាសហប្រធាននៃកិច្ចពិភាក្សាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង៕