ជាតិ
WWF និង​អគ្គនាយកដ្ឋាន​កៅស៊ូ រួមគ្នា​លើកកម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​
14, Jan 2021 , 9:29 pm        
រូបភាព
​អង្គការ WWF-​កម្ពុជា និង​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១២ ខែមករា បាន​ចុះ​អនុស្សារណៈ​យោគយល់ ដើម្បី​លើកកម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​តម្លាភាព​នៅ​កម្ពុជា ជាពិសេស​កសិករ​កៅស៊ូ​គ្រួសារ​នៅ​មណ្ឌលគិរី​។​

 
​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ជំនួយ​ថវិកា​របស់​ក្រសួង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (BMZ) អាល្លឺម៉ង់ តាមរយៈ​អង្គការ Welthungerhilfe ដែល​កំពុង​ត្រូវបាន​អនុវត្ត​ផងដែរ​នៅ​ថៃ និង​មី​យ៉ាន់​ម៉ា​។  នៅ​កម្ពុជា កិច្ច​សហ​ប្រតិ​បិ​ត្ត​ការ​រយៈពេល​បី​ឆ្នាំនេះ ជំរុញ​ការចូលរួម និង​សហការ​ពី​ភាគី​ពាក់​ព័​ន្ឋ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​កសិករ​កៅស៊ូ​គ្រួសារ ក្នុង​ខេត្តមណ្ឌលគិរី ព្រមទាំង​លើកកម្ពស់​ជីវភាព​កសិក​រ​កៅស៊ូ​គ្រួសារ ជនជាតិដើម​ភាគតិច និង​កម្មករ​កៅស៊ូ​។​
 
«​ការលើកកម្ពស់​ផលិតកម្ម​កៅស៊ូ​គ្រួសារ​ប្រកបដោយ​និរន្តរភាព​និង​ទំនួល​ខុសត្រូវ​ខ្ពស់​តាមរយៈ​ការអនុវត្ត​ការគ្រប់គ្រង​បច្ចេកទេស​បាន​យ៉ាង​ល្អ​ត្រឹមត្រូវ​នៅ​កម្ពុជា មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​និង​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​លើ​ធនធានធម្មជាតិ​ផងដែរ​»​។  នេះ​ជាការ​លើកឡើង​របស់ លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា​។​


 
​បើតាម លោក ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ  ការកសាង​សមត្ថភាព និង​បណ្តុះបណ្តាល​បច្ចេកទេស​ដ​ល់​កសិករ​ដាំ​កៅស៊ូ និង​មន្ត្រី​ជំនាញ​ផ្នែក​កៅស៊ូ បូករួម​ទាំង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កៅស៊ូ​នេះ នឹងធ្វើ​ឱ្យ​វិស័យ​កៅស៊ូ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ប្រកបដោយ​ចីរភាព​។​
 
​បច្ចុប្បន្ននេះ កសិករ​កៅស៊ូ​គ្រួសារ ចំនួន ១០០ នាក់ ដែល​រស់នៅ​ជុំវិញ​សហគមន៍​តំបន់​ការពារ​ចំនួន​៥ នៅ​ជិត​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្រោម​ការគាំទ្រ​ដោយ​អង្គការ WWF បាន​ចូលរួម​ក្នុង​គម្រោង​នេះ​រួចមកហើយ ហើយ​គម្រោង​នឹង​បន្ត​ជំរុញ​ការចូលរួម​របស់​កសិក​រ​កៅស៊ូ​គ្រួសារ​រហូតដល់ ៣០០ គ្រួសារ​ត្រឹម​ឆ្នាំ​២០២២៕

Tag:
 មណ្ឌលគិរី កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com