តុលាការកំពូលកូរ៉េខាងត្បូង នៅថ្ងៃទី១៤ មករា រក្សាសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមដែលកាត់ក្ដីឲ្យអតីតប្រធានាធិបតី ផាក ហ្គឺនហេ ជាប់ពន្ធនាគារ២០ឆ្នាំ។ ការសម្រេចក្តីចុងក្រោយដោយតុលាការនេះ ជាការបញ្ចប់រឿងអាស្រូវនយោបាយធំបំផុតនៅកូរ៉េខាងត្បូង។
លោកស្រី ផាក ហ្គឺនហេ ត្រូវបានសភាទម្លាក់ពីតំណែងក្នុងឆ្នាំ២០១៧ ដោយសារតែលោកស្រីជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវរំលោភអំណាច និងពុករលួយទទួលសំណូក។ លោកស្រីរងការចោទប្រកាន់ពីបទរួមគំនិត ជាមួយលោកស្រីChoi Soon-sil ដែលជាមនុស្សជំនិតក្នុងការបង្ខំឲ្យក្រុមហ៊ុនធំៗដូចជា Samsung និង Lotte ឲ្យឧបត្ថម្ភប្រាក់ចំនួន៧៧ពាន់លានវុន(៧០លានដុល្លារ) ដល់មូលនិធិចំនួន២ក្រោមការគ្រប់គ្រងរបស់លោកស្រីChoi។
បន្ថែមពីនេះ លោកស្រីផាកត្រូវជាប់ចោទក្នុងឆ្នាំ២០១៨ ពីការទទួលប្រាក់ចំនួន៣,៥ពាន់លានវុន(៣,១៧លានដុល្លារ) ពីអតីតប្រធានចារកិច្ចជាតិចំនួន៣រូប ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។
ក្នុងសេចក្តីថ្លែងការណ៍របស់តុលាការកំពូលកូរ៉េខាងត្បូង ចៅក្រមអះអាងថា លោកស្រីពុំបានបំពេញកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញក្នុងនាមជាប្រធានាធិបតី តែក៏មិនបានប្រើប្រាក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ លោកស្រី ផាក ពហិការមិនចូលរួមសវនាការ ដោយអះអាងថា លម្អៀងប្រឆាំងលោកស្រី។ ចុងក្រោយ តុលាការកំពូលសម្រេចរក្សាការអនុវត្តទោសរបស់លោកស្រី ផាក ចំនួន២០ឆ្នាំដដែល។
ការជំនុំជម្រះនៅតុលាការកំពូល ធ្វើឡើងតាមបណ្ដឹងរបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូង ដែលប្ដឹងជំទាស់ការសម្រេចរបស់តុលាការក្រុងសេអ៊ូល។ ពីដំបូង តុលាការឧទ្ធរណ៍កាត់ក្ដីឲ្យលោកស្រី ផាក ជាប់ពន្ធនាគារសរុប៣០ឆ្នាំ ក្នុងសំណុំរឿងបំពានអំណាច និងស៊ីសំណូក ហើយពិន័យជាប្រាក់ចំនួន២០ពាន់លានវុន(១៨លានដុល្លារ) និងរឹបអូសទ្រព្យសម្បត្តិ២,៧ពាន់លានវុន(២,៤លានដុល្លារ)។
ប៉ុន្តែក្នុងការកាត់ក្តីលើសំណុំរឿងទាំងពីរនេះ តុលាការកំពូលបញ្ជូនឲ្យតុលាការជាន់ខ្ពស់សេអ៊ូលបើកសវនាការឡើងវិញ ឆ្នាំ២០១៩។ ក្រោយមក តុលាការជាន់ខ្ពស់សេអ៊ូលបញ្ចូលសំណុំរឿងទាំងពីរនេះ ជារឿងសំណុំរឿងតែមួយ។
ក្នុងការកាត់ក្តីឡើងវិញ តុលាការជាន់ខ្ពស់សេអ៊ូល កាត់ទោសឲ្យលោកស្រីអតីតប្រធានាធិបតីជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំសម្រាប់បទល្មើសទទួលសំណូក និង៥ឆ្នាំបន្ថែមទៀតសម្រាប់បទល្មើសរំលោភអំណាច និងបទល្មើសផ្សេងៗទៀត។ លោកស្រីត្រូវតុលាការពិន័យ១៨ពាន់លានវុន(១៦,៣លានដុល្លារ) និងរឹបអូសទ្រព្យសម្បត្តិបន្ថែមចំនួន ៣,៥ពាន់លានវុន(៣,១៧លានដុល្លារ)។ លោកស្រី ពុំបានធ្វើបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះឡើយ។
ប៉ុន្តែរដ្ឋអាជ្ញាកូរ៉េខាងត្បូង មិនសុខចិត្ត និងបានប្តឹងជំទាស់ទៅតុលាការកំពូលកូរ៉េខាងត្បូង។ តុលាការកំពូលកូរ៉េខាងត្បូង ក៏រក្សាសេចក្តីសម្រេចរបស់តុលាការកំពូលក្រុងសេអ៊ូលទុកនៅដដែលក្នុងសវនាការថ្ងៃទី១៤ ខែមករា។ យ៉ាងណាក្តី លោកស្រីទទួលទោស២ឆ្នាំបន្ថែមទៀត ចំពោះការលូកដៃដោយខុសច្បាប់ក្នុងការតែងតាំងបេក្ខជនក្នុងបក្សកាន់អំណាចកាលពីឆ្នាំ២០១៨។
ការកាត់សេចក្តីចុងក្រោយនេះ ជាការបិទបញ្ចប់រឿងអាស្រូវនយោបាយដ៏ធំបំផុតនៅកូរ៉េខាងត្បូង ដែលមានរយៈពេល៣ឆ្នាំ និង៩ខែក្រោយពេលលោកស្រី ផាក អស់តំណែងដោយសារសំណុំរឿងពុករលួយ។ លោកស្រីផាកគឺជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់កូរ៉េខាងត្បូង និងកាន់អំណាចពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ ក្នុងវ័យ៦៨ឆ្នាំ លោកស្រីផាក នឹងជាប់ពន្ធនាគារសរុបរយៈពេល២២ឆ្នាំ ហើយអាចបញ្ចប់ទោសក្នុងវ័យជិត៩០ឆ្នាំ។
នៅកូរ៉េខាងត្បូង អតីតប្រធានាធិបតី ប្រឈមមុខហានិភ័យណាស់ ពេលអស់តំណែង។ នៅពេលប្រធានាធិបតីថ្មីឡើងកាន់អំណាច ការស៊ើបអង្កេតលើប្រធានាធិបតីមុន នឹងមានមិនខានតួយ៉ាងលោក លី ម្យុងបាក់ ដែលកំពុងជាប់ឃុំជាដើម។ ចំណែលោកស្រី ផាក ផុងខ្លួនក្រោយលោក មូន ចេអ៊ីន ក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៧ ។