ជាតិ
លោក ឈុំ សុជាត៖ នាយទាហាន​លោតឆ័ត្រ​យោង​ម្នាក់​ស្លាប់ និង​រងរបួស​ម្នាក់ ដោយសារ​បញ្ហា​ខ្យល់
14, Jan 2021 , 4:18 pm        
រូបភាព
រូបលោក លឹម សាយ ជា​គ្រូ​ហ្វឹកហ្វឺន​យុទ្ធវិធីនៃកងទ័ពឆ័ត្រយោង ដែលស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ មករា ២០២១(រូបពីហ្វេសប៊ុកលោក លឹម សាយ)
រូបលោក លឹម សាយ ជា​គ្រូ​ហ្វឹកហ្វឺន​យុទ្ធវិធីនៃកងទ័ពឆ័ត្រយោង ដែលស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ មករា ២០២១(រូបពីហ្វេសប៊ុកលោក លឹម សាយ)
​ភ្នំពេញ​៖ នាយទាហាន​លោតឆ័ត្រ​យោង​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស នៅ​ថ្ងៃទី​១៤ មករា​នេះ ដោយសារ​បញ្ហា​ខ្យល់ ។ ហេតុការណ៍​នេះ កើតឡើង​ក្នុង​ការបិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនា​ន់ទី​១០ ,​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនា​ន់ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស «​តេ​ជោ​សែន​ឱ​រ៉ា​ល់ » ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​


​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​មាន​ឧ​ប​ទ្ទេវ​ហេតុនេះ ដោយសារ​ខ្យល់​ខ្លាំង ទើប​ធ្វើឱ្យ​ខ្សែ​ឆ័​ត្រ​យោង នាយទាហាន​ទាំងពីរ​វ័ណ្ត​គ្នា ហើយ​ធ្លាក់​ពី​កម្ពស់​១០០​ម៉ែត្រ​មក​ដី​។ បើតាម​លោក ឈុំ សុជាត អ្នក​ទាំងពីរ​នោះ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​សង្គ្រោះបន្ទាន់​ដែរ ប៉ុន្តែ​ជា​អកុសល​នាយទាហាន មានឈ្មោះ លឹម សាយ ជា​គ្រូ​ហ្វឹកហ្វឺន​យុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បាន​ស្លាប់​នៅ​ម៉ោង​១២ ថ្ងៃត្រង់ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​មកពី​ខ្យល់​គួច ទើប​ធ្វើ​នាំឱ្យ​ប៉ះ​ខ្សែ​(​ឆ័​ត្រ​យោង​)​គ្នា ធ្លាក់​ចុះមក »​។ 
 
​លោក ឈុំ សុជាត ចាត់ទុក​ការបាត់​បង់ជីវិត​គ្រូ​ហ្វឹកហ្វឺន​យុទ្ធវិធី​រូបនេះ ជាការ​បាត់បង់​ធនធានមនុស្ស​យ៉ាងសំខាន់​ម្នាក់​សម្រាប់​ជាតិ​។ «​ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព ហើយនឹង​សោកស្ដាយ​ចំពោះ​គ្រូ​នាយទាហាន​យើង​ដែលមាន​បច្ចេកទេស​បាត់​បង់​ធនធាន​ដ៏​មានតម្លៃ ដែល​បាន​បណ្ដុះបណ្ដាល​(​នាយទាហាន​)​កន្លងមក​។ គាត់​ជា​ធនធាន​មានតម្លៃ​របស់​ជាតិ​យើង​»​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​

Tag:
 ឈុំ សុជាតិ​
  នាយទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com