COVID-19
អន្តរជាតិ
ឡាវ​បិទ​តំបន់​ពីរ បន្ទាប់ពី​មាន​ជនជាតិ​ចិន​ម្នាក់​ផ្ទុក​កូ​វីដ​-១៩
14, Jan 2021 , 5:59 pm        
រូបភាព
កន្លែងពិនិត្យកម្តៅ នៅអាកាសយានដ្ឋាន Wattay ក្នុងទីក្រុងវៀងចន្ទន៍ ឡាវ។ រូបភាព៖ AFP
កន្លែងពិនិត្យកម្តៅ នៅអាកាសយានដ្ឋាន Wattay ក្នុងទីក្រុងវៀងចន្ទន៍ ឡាវ។ រូបភាព៖ AFP
​អាជ្ញាធរ​ឡាវ បាន​បិទ​តំបន់​ចំនួន​ពីរ​នៅ​ខេត្ត​ភាគ​ខាងជើង បន្ទាប់ពី​មាន​ជនជាតិ​ចិន​ម្នាក់​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ពេល​បញ្ជូន​ទៅដល់​ទឹកដី​ចិន​វិញ​។ 



 
​តាម​ការអះអាង​របស់​អាជ្ញាធរ​ឡាវ ពលករ​ចិន​ម្នាក់ ដែល​រស់នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណមាស បានចេញ​រោគសញ្ញា​គ្រុនក្តៅ និង​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក Ton Pheung ខេត្ត Bokeo  នៅ​ថ្ងៃទី​៨ ខែមករា​។ បន្ទាប់មក ជនជាតិ​ចិន​នេះ ត្រូវ​យកទៅ​មន្ទីរពេទ្យ​ខេត្ត Bokeo បន្តទៀត មុននឹង​ត្រូវ​ដឹក​ទៅ​ចិន​។ ទៅដល់​ចិន បុរស​រូបនេះ ក៏ត្រូវ​បានធ្វើ​តេស្ត ហើយ​ចេញ​លទ្ធផល​វិជ្ជមាន​។ នេះ​បើតាម​សារព័ត៌មាន Laotian Times ។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អាជ្ញាធរ បានសម្រេច​បិទ​ស្រុក Ton Pheung និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណមាស​បណ្តោះអាសន្ន ដោយមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​១២ ខែមករា រហូតដល់ ថ្ងៃទី​២៥ ខែមករា​។ អាជ្ញាធរ​ឡាវ បាន​រឹតត្បិត​លើ​ការធ្វើដំណើរ​លើកលែងតែ​ការធ្វើដំណើរ​ក្នុងពេល​មាន​កិច្ច​ការសំខាន់ ការជូន​កូន​ទៅ​សាលារៀន និង​ទិញ​អាហារ​ជាដើម​។ ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​រូបនេះ ត្រូវធ្វើ​តេស្ត និង​ដា​ក់ច​ត្តា​ឡី​ស័ក​ទាំងអស់​។ 
 
​ទន្ទឹមគ្នានេះ ចិន និង​ឡាវ បាន​សហការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​រូបនោះ ហើយ​អាជ្ញាធរខេត្ត បាន​បញ្ជា​ឲ្យ​ធ្វើតេស្ត​លើ​ប្រជាជន​រូប​ណា ដែល​សង្ស័យថា មាន​ផ្ទុក​កូ​វីដ​-១៩ ឬ​ចេញ​រោគសញ្ញា​កូ​វីដ​-១៩ ។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​១៤ ខែមករា ឡាវ បានធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន ៩៦៩៣៩​នាក់​។ ចំណែក​អ្នក​ផ្ទុក​កូ​វីដ​-១៩ សរុប​មាន​ចំនួន ៤១​នាក់ និង​មិនមាន​ករណី​ស្លាប់​។ កន្លងមក លោក​រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ Bounkong Syhavong បាន​អះអាងថា ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល ដែល​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ២០០​នាក់ ត្រូវបាន​ចាក់​វ៉ាក់សាំង​រួចហើយ​។  
 
​ជាមួយគ្នានេះ ឡាវ​អាច​នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​ក្នុង​ខែមេសា​ខាងមុខ ស្របពេល​រដ្ឋាភិបាល ទទួលបាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm, ពី​រុស្ស៊ី និង​ត្រៀម​ទទួល​បន្ថែម​តាមរយៈ​គម្រោង COVAX ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គការ​សុខភាព​ពិភពលោក​។ 
​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ ស្រុក Ton Pheung ក៏​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ឡាវ បិទ​ម្តង​ហើយ បន្ទាប់ពី​ជនជាតិ​ចិន​ចំនួន​២​រូប ដែល​ឆ្លង​ចូលមក​ឡាវ​ខុសច្បាប់ មាន​ផ្ទុក​កូ​វីដ​-១៩ ដែរ​៕ 

Tag:
 ឡាវ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com