ជាតិ
សង្គមជាតិ
​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បាត់ដំបង ទទួលបាន​ថវិកា​បន្ថែម​សម្រាប់​ការគ្រប់គ្រង​ពលករ​មកពី​ថៃ​
14, Jan 2021 , 11:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន សែន​
សម្តេចនាយករដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន សែន​
ដោយ:
សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បានផ្តល់​ថវិកា​ចំនួន​៨០០​លាន​រៀល​ដល់​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ចំនួន​២០០​លាន​រៀល​ទៀត​ដល់​អភិបាល​ខេត្តបាត់ដំបង​។  នេះ​បើតាម​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ដែល​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ដោយ​បន្ថែមថា ថវិកា​ទាំងនេះ​គឺ​សម្រាប់​ឲ្យ​ខេត្ត​ទាំងពីរ​នេះ​ផ្គត់ផ្គង់​ដល់​ពលករ​ខ្មែរ​ដែល​មកពី​ប្រទេស​ថៃ​។​

 
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ទំហំ​ថវិកា​ទាំងនោះ​គឺ​រដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ឲ្យ​ទៅតាម​តម្រូវការ​របស់​អភិបាលខេត្ត​នីមួយៗ ដើម្បី​គ្រប់គ្រង​លើ​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ដែលមាន​សន្ទុះ​កើនឡើង​។ 
 
«​ធម្មតា​គាត់​ប្រគល់ជូន​អ៊ីចឹង​ហើយ គាត់​នឹង​យកទៅ​ចាត់ចែង​យកទៅ​ប្រើប្រាស់​។ បើសិន​គាត់​ប្រើប្រាស់​ទៅ វា​ខ្វះខាត​នូវ​ចំណុច​ណា កន្លែង​ណា គាត់​នឹង​បន្ថែម​ឲ្យ​ទៀតហើយ​។ គាត់​(​រដ្ឋាភិបាល​)​ធ្លាប់បាន​ផ្តល់​ថវិកា​ឲ្យ​ពីមុន ប៉ុន្តែ​វា​អត់​គ្រប់ ពីព្រោះ​ពលករ​យើង​មាន​កំណើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឱ វណ្ណឌី​ន​។ 
 
​លោក លី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ថវិកា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ឲ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ ខាង​អភិបាលខេត្ត​នឹង​យកទៅ​ចាត់ចែង​ទិញ​ម្ហូបអាហារ​ដល់​ពលករ​ចំនួន​ជាង​២២០០​នាក់​ដែល​មកពី​ប្រទេស​ថៃ ដោយ​បច្ចុប្បន្ន​ពួកគេ​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ចំនួន​១១​។ 
 
​បើតាម​លោក លី រ៉ា​ដូ គិត​ត្រឹម​ថ្ងៃទី​១៤ ខែមករា​នេះ​មាន​ពលករ​ចំនួន​២៥០០​នាក់​ហើយ​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ហើយ​ចូលមក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ 
 
​លោក ងួ​ត រតនៈ អភិបាលខេត្ត​បាត់ដំបង​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ថវិកា​ដែល​ខេត្ត​របស់លោក​ទទួលបាន​ពី​រាជរដ្ឋាភិបាល​នោះ អាជ្ញាធរខេត្ត​នឹង​យកទៅ​ចាត់ចែង​លើ​ការ​ស្នាក់នៅ និង​ទិញ​ម្ហូបអាហារ​ឲ្យ​ពលករ​មកពី​ប្រទេស​ថៃ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
 
 
«​ថវិកា​នោះ​គឺ​សម្រាប់​ទិញ​អាហារ​៣​ពេល​ជូន​គាត់ ពេលដែល​គាត់​ស្នាក់នៅ​១៤​ថ្ងៃ​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​។​» នេះ​ជាការ​លើកឡើង​របស់លោក​អភិបាលខេត្ត​បាត់ដំបង​ដោយ​បញ្ជាក់ថា ខេត្តបាត់ដំបង​បច្ចុប្បន្ន​មាន​ពលករ​ចំនួន​២៥០០០​នាក់​ហើយ​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ដោយ​ក្នុងនោះ​មាន​ចំនួន​១៤០០​នាក់​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ 
 
​កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ថវិកា​សរុប​៣៥០​លាន​រៀល ដល់​ខេត្ត​ជាប់​ប្រទេស​ថៃ ចំនួន​៧ ដើម្បី​ចាត់ចែង​ការងារ​ចំពោះមុខ​រួមមាន ការ​រឹតបន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម ក្នុងន័យ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ថៃ​។ ខេត្ត​ទាំង​៧​រួមមាន ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកោះកុង ដោយ​ខេត្ត​នីមួយៗ​ទទួលបាន ៥០​លាន​រៀល​។​
 
​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បានផ្តល់​ថវិកា​បន្ថែម​ចំនួន​៧០០​លាន​រៀល​ទៀត​ដល់​ខេត្ត​ចំនួន​៤​ដែល​នៅជាប់​ព្រំដែន​ប្រទេស​ថៃ​។ ក្នុងនោះ​ខេត្ត​ប៉ៃលិន​ចំនួន​២០០​លាន​រៀល ខេត្តបាត់ដំបង​២០០​លាន​រៀល ខេត្តបន្ទាយមានជ័យ​ចំនួន​២០០​លាន​រៀល និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​១០០​លាន​រៀល​។ កាលពី​ថ្ងៃទី​១២ ខែមករា សម្តេច​ក៏បានផ្តល់​ថវិកា​ចំនួន​៥០០​លាន​រៀល​ទៀត​ដល់​ខេត្តបន្ទាយមានជ័យ​។ 
 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មិនទាន់មាន​តួលេខ​ពលករ​សរុប​ដែល​មកពី​ប្រទេស​ថៃ​មក​កម្ពុជា​សម្រាប់​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមករា​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោកស្រី មានតែ​តួលេខ​ពលករ​សរុប​ដែល​គិត​ត្រឹម​ថ្ងៃទី​៧ ខែមករា មាន​ចំនួន​១២០៨៨​ម៉ឺន​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​ជាង​៥​ពាន់​នាក់​។ 
 
​បច្ចុប្បន្ន​អ្នក​កើត​កូ​វីដ​-១៩​នៅ​កម្ពុជា​ឡើងដល់​៤១១​នាក់​ក្នុងនោះ​៣៥​នាក់​ជា​ពលករ​មកពី​ថៃ​។ អ្នក​សះស្បើយ​ឡើងដល់​៣៧៧​នាក់​។ អ្នក​កំពុង​សម្រាក​ព្យាបាល​៣៤​នាក់ មាន​២០​នាក់​នៅ​ពេទ្យ​បង្អែក​បន្ទាយមានជ័យ ៦​នាក់​នៅ​ប៉ៃលិន ២​នាក់​នៅ​បាត់ដំបង និង​៦​នាក់​នៅ​មណ្ឌល​កំចាត់​ជំងឺរបេង​រាជធានី​ភ្នំពេញ​៕

Tag:
 ថវិកា​
 ​ជំងឺ​កូ​វីដ​-១៩
 ​ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com