អន្តរជាតិ
លោក បៃ​ឌិន ជ្រើស​យក​មន្ត្រីការទូត​ជើងចាស់ Campbell ឲ្យ​កាន់​គោលនយោបាយ​តំបន់​អាស៊ី​
14, Jan 2021 , 10:59 pm        
រូបភាព
លោក Kurt Campbell មន្ត្រីការទូតជើងចាស់អាមេរិក។ រូបភាព៖AFP
លោក Kurt Campbell មន្ត្រីការទូតជើងចាស់អាមេរិក។ រូបភាព៖AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ចូ បៃ​ឌិន បាន​ជ្រើស​យក​លោក Kurt Campbell មន្ត្រីការទូត​ជើងចាស់​ឲ្យ​កាន់តំណែង​ជា​មន្ត្រីការទូត​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក រួមទាំង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន​។​

 
​លោក Kurt Campbell មន្ត្រីការទូត​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​រដ្ឋមន្ត្រីការបរទេស​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ត្រូវបាន​ចាត់ទុកជា​ស្ថាបនិក​នៃ​គោលនយោបាយ​ការបរទេស «​សំដៅ​មកកាន់​អាស៊ី​» របស់​អាមេរិក​។ គោលនយោបាយ​នេះ ជាការ​បង្វែរ​សកម្មភាព និង​ធនធាន​របស់​អាមេរិក​ផ្នែក​ការទូត និង​យោធា ដើម្បី​បង្កើន​វត្តមាន​របស់​អា​មេ​រិ​ក​ក្នុង​ទ្វីបអាស៊ី និង​ទប់​ជាមួយនឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Campbell នឹង​កាន់តំណែង​ជា​អ្នកសម្របសម្រួល​កិច្ចការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​។ 
 
​ក្នុង​ឆ្នាំ​២០១៦ លោក Campbell ចេញផ្សាយ​សៀវភៅ​ដែល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ស្តីពី​ទំនាក់ទំនង​អាមេរិក និង​បណ្តា​ប្រទេស​អាស៊ី​។ លោក​ជំរុញ​ឲ្យ​អាមេរិក​ពង្រឹង​សម្ព័ន្ធភាព​ដែល​ខ្លួន​មាន និង​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​ឥណ្ឌា និង​ឥណ្ឌូណេស៊ី​ដើម្បី​ប្រឈម​ទៅនឹង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​។ ក្នុង​អត្ថបទ​ចុះផ្សាយ​ក្នុង​គេហទំព័រ Foreign Affairs លោក​ថា អាមេរិក​ចាំបាច់​ត្រូវតែមាន​ភាព​ហ្មត់ចត់​ក្នុង​ការបង្កើត​សម្ព័ន្ធមិត្ត និង​ភាពជា​ដៃគូ​ដើម្បី​ទប់​ជាមួយនឹង​ការ​គំរាម​របស់​ចិន​។​
 
​ចំពោះ​ចិន លោក Campbell យល់​ធា អាមេរិក​ត្រូវតែ​បញ្ចេញ​សាច់ដុំ​ក្នុងការ​កំ​ញើ​ច​ចិន​។ ពោលគឺ​អាមេរិក គួរ​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​អាវុធ​ដែល​ចំណាយលុយ​ច្រើន​ក្នុងការ​ថែទាំ និង​ងាយ​រង​ការវាយប្រហារ​ដូចជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ហើយ​ងាក​មក​ប្រើ និង​ផ្តល់​អាទិភាព​ដល់​ប្រព័ន្ធ​អាវុធ​ដែល​មិនសូវ​ថ្លៃ ដូចជា​មី​ស៊ី​ល​ផ្លោង មី​ស៊ី​ល​ប្រដេញ យន្តហោះ​គ្មាន​មនុស្ស​បើក នាវាមុជទឹក និង​អាវុធ​វាយប្រហារ​ល្បឿន​លឿន​។​
 
​ក្នុង​អត្ថបទ​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន អ្នកការទូត​ជើងចាស់​រូបនេះ​ជឿថា អាមេរិក ត្រូវតែ​កំញើញ​ចិន ប៉ុន្តែ​ត្រូវ​ដាក់ចេញ​នូវ​នយោបាយ​ដែលមាន​របៀបរៀបរយ​ត្រឹមត្រូវ ជាជាង​ការប្រើ​ពាក្យសម្តី និង​សកម្មភាព​ដូច​សម័យ​សង្គ្រាមត្រជាក់​ដែល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើឡើង​នាពេលនេះ​។​
 
​ចំណែក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក Campbell អះអាងថា រដ្ឋបាល​អាមេរិក​ថ្មី​គួរ​សម្រេច​ឲ្យ​បាន​ពី​យុទ្ធសាស្ត្រ​ក្នុងការ​ទប់ទល់​ជាមួយ​កូរ៉េខាងជើង និង​ត្រូវ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជាន់​ដាន​អតីត​ប្រធានាធិបតី អូ​បា​ម៉ា ។ អ្នកជំនាញ​ការបរទេស​រូបនេះ​អះអាងថា រដ្ឋបាល​លោក អូ​បា​ម៉ា អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​បង្ករឿង រហូតដល់​ចំណុច​មួយ​ដែល​លែង​អាចរ​ច​ចា​គ្នា​បាន​។​
 
​រឿង​កូរ៉េខាងជើង​នេះ លោក Campbell ស​សើ​រលោក​ប្រធានាធិបតី ត្រាំ​ចំពោះ​ការជួប​ជជែក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​។ លោក​អះអាងថា អាមេរិក​ត្រូវតែមាន​សេចក្តីក្លាហាន​ខ្លះ​ក្នុង​គោលនយោបាយ​ការបរទេស ជាពិសេស​សម្រាប់​តំបន់​អាស៊ី​។​
 
​ចំពោះ​នយោបាយ​ក្នុងស្រុក​អាមេរិក​វិញ លោក Campbell សង្កត់ធ្ងន់ថា​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​លើ​បញ្ហា​ចិន ព្រោះ​វ៉ាស៊ីនតោន​ស្ថិតក្នុង​ការប្រកួតប្រជែង​យុទ្ធសាស្ត្រ​ជាមួយ​ប៉េកាំង​។ លោក​បន្ថែមថា អាមេរិក ត្រូវ​លុបបំបាត់​រូបភាព​ដែល​ខ្លួន​ជា​មហាអំណាច​ដែល​កំពុង​ធ្លាក់ចុះ ហើយ​ត្រូវ​បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ថា នយោបាយ​អាមេរិក​មាន​សណ្តាប់ធ្នាប់​៕
 
 
 
 

Tag:
 អាមេរិក​
  ចិន​
  អាស៊ី​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com