លោក បៃ​ឌិន បញ្ចេញ​គម្រោង​១,៩​ទ្រី​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក
អន្តរជាតិ
លោក បៃ​ឌិន បញ្ចេញ​គម្រោង​១,៩​ទ្រី​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក
15, Jan 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ។ រូបថត AFP
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​១៤ ខែមករា បាន​បញ្ចេញ​គម្រោង​កញ្ចប់​ជំនួយ​ទំហំ​១,៩​ទ្រី​លាន​ដុល្លារ​ដើម្បី​ជួយ​សេដ្ឋកិច្ច​អាមេរិក​។ លោក បៃ​ឌិន ដែល​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​សប្ដាហ៍​ក្រោយ អះអាងថា ការចាក់​បញ្ចូល​លុយ​ក្នុង​សេដ្ឋកិច្ច​ជា​រឿង​ចាំបាច់​បំផុត និង​ដើម្បី​ជំរុញ​ល្បឿន​ក្នុង​យុទ្ធនា​ការប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

 
​ជាការ​អនុវត្តតាម​កា​រ​សន្យា​ពេល​ឃោសនា​រក​សំឡេងឆ្នោត លោក ចូ បៃ​ឌិន បាន​បញ្ចេញ​ផែនការ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក និង​ព​ន្លឿ​ន​ការឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ ដែល​កំពុង​ទាញ​អាមេរិក​ឲ្យ​ចូល​វិបត្តិ​។ លោក បៃ​ឌិន បាន​ប្ដេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បានល្អ និង​ម៉ត់ចត់​ជាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​
 
​ក្នុង​កញ្ចប់​ជំនួយ​១,៩​ទ្រី​លាន​ដុល្លារ ទឹកប្រាក់​៤១៥​ពាន់​លាន​ដុល្លារ នឹងត្រូវ​ចាក់​បញ្ចូល​ក្នុងការ​ប្រយុទ្ធ​ជំងឺ​រាតត្បាត​នេះ និង​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ។ ទឹកប្រាក់​ប្រហែល​១​ទ្រី​លាន​ដុល្លារ នឹង​ប្រើ​សម្រាប់​ការឧបត្ថម្ភ​ដោយផ្ទាល់​ទៅកាន់​ប្រជាជន​អាមេរិក ហើយ​ទឹកប្រាក់​ជាង​៤៤០​ពាន់​លាន​ដុល្លារ​ទៀត នឹង​ប្រើ​ដើម្បី​ជួយ​អាជីវកម្ម​តូចៗ និង​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។ 
 
​សម្រាប់​កញ្ចប់​លុយ​ដែល​ត្រូវ​ឲ្យ​ប្រជាជន ពលរដ្ឋ​អាមេរិក​ម្នាក់ៗ​នឹង​ទទួលបាន​លុយ​ចំនួន​១៤០០​ដុល្លារ បន្ថែម​ពីលើ​លុយ​ចំនួន​៦០០​ដុល្លារ​ដែល​ផ្ដល់​ឲ្យ​រដ្ឋបាល​លោក ត្រាំ ។ តាមពិត លោក ត្រាំ ចង់​ឲ្យ​ប្រជាជន​អាមេរិក​ម្នាក់​ពីរពាន់​ដុល្លារ​ដែរ ប៉ុន្តែ​សភា​មិន​ព្រម​។ ចំណែក​គម្រោង​របស់លោក បៃ​ឌិន វិញ មានសង្ឃឹម​ខ្ពស់​ដែល​អាច​ទទួល​បានការ​យល់ព្រម​ពីស​ភា ព្រោះ​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​ទាំងពីរ​ទៅហើយ​។  
 
​ថ្លែង​ពីរ​ដ្ឋ Delaware នៅ​ថ្ងៃទី​១៤ ខែមករា លោក បៃ​ឌិន និយាយថា ផែនការ​របស់លោក ជា​រឿង​ចាំបាច់​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​អាមេរិក ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ហើយ​វា​នឹង​ជួយ​បញ្ចៀស​ការ​ខ្ទេចខ្ទាំ​សេដ្ឋកិច្ច​រយៈពេល​វែង ស្រប​ពេលដែល​ផលប្រយោជន៍​របស់​វា ក៏មាន​ច្រើន​ដែរ​។ ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​សង្កត់ធ្ងន់ថា​៖ «​នៅ​កណ្ដាល​វិបត្តិ​បែបនេះ យើង​មិនអាច​មិន​ធ្វើ​អ្វី​សោះឡើយ​។​»
 
​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា​ទាំងពីរ សាទរ​ផែនការ​នេះ និង​ប្ដេជ្ញា​ធ្វើការ​ដើម្បី​ឲ្យ​ចេញ​ជា​លទ្ធផល​តែម្ដង​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា Chuck Schumer និង​ប្រធានសភា​តំណាង ណាន់​ស៊ី ផេ​ឡូ​ស៊ី បញ្ជាក់ថា សភា​នឹងធ្វើ​ឲ្យ​ទស្សនៈវិស័យ​លោក បៃ​ឌិន ចេញ​ជា​រូបរាង ត្រូវបាន​អនុម័ត​នៅ​សភា និង​ត្រូវ​ចុះហត្ថលេខា​ក្លាយជា​ច្បាប់​។​
 
​កញ្ចប់​សង្គ្រោះ​ខាងលើ ជា​វិធានការ​ទីមួយ​ប៉ុណ្ណោះ​របស់លោក បៃ​ឌិន ។ ក្រុមមន្ត្រី​របស់លោក​អះអាងថា កញ្ចប់​ទី​ពីរ នឹង​ចេញ​ជា​រូបរាង​មិនយូរ​ឡើយ​ក្រោយ​លោក បៃ​ឌិន ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​៕

Tag:
 អាមេរិក​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com