ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ស្នើឱ្យពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ កុំមានភាពជ្រួលច្របល់ ហើយត្រូវជឿជាក់លើអាជ្ញាធរថៃ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ របាយការណ៍ចុងក្រោយ របស់ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី១២ មករា បង្ហាញថា ពលករខ្មែរ១៥៧នាក់ មានជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានកត់សម្គាល់ថា ការវិលត្រឡប់របស់ពលករខ្មែរ មកកម្ពុជាដោយលួចលាក់នេះ គឺខុសពីបម្រាមរបស់អាជ្ញាធរថៃ ហើយអាចប្រឈមនៃការឆ្លងជំងឺកូវីដ-១៩ ថែមទៀតផង។ លោក អ៊ិត សំហេង ស្នើឱ្យពលករខ្មែរទាំងអស់ បន្តស្នាក់នៅប្រទេសថៃ ដោយមិនត្រូវចល័តទីតាំងឡើយ។
រដ្ឋមន្ត្រីការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃនេះ បានចេញសារអំពាវនាវ នៅថ្ងៃទី១៥ មករា ដូច្នេះ៖«ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជន និងពលករបរទេស ដែលបាននឹងកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ ។ ផ្ទុយទៅវិញបងប្អូនពលករ ដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមនឹងហានិភ័យខ្ពស់ពីការឃាត់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនឹងលទ្ធភាពឆ្លងជំងឺកូវីដ-១៩ខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរត្រឡប់មកវិញ»។
ដោយសារឃើញបញ្ហានេះ ទើបលោក អ៊ិត សំហេង ស្នើឱ្យពលករខ្មែររក្សាភាពនឹងន និងកុំទាន់ត្រឡប់មកកម្ពុជាវិញ បើសិនជាគ្មានភាពចាំបាច់។ «សូមបងប្អូនពលករជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការងារ។
របាយការណ៍ចុងក្រោយ របស់ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី១២ មករា បង្ហាញថា ពលករខ្មែរ១៥៧នាក់ មានជំងឺកូវីដ-១៩។ ក្រៅពីនោះ ក៏មានពលករមីយ៉ាន់ម៉ា ជាង១ពាន់នាក់ ឥណ្ឌាជិត១០០នាក់ ថៃជាង៨ពាន់ និងសញ្ជាតិផ្សេងទៀតជាង១ពាន់នាក់។ របាយការណ៍ក្រសួងសុខាភិបាលថៃ ក៏មិនបានបញ្ជាក់ថា ពលករខ្មែរឆ្លងជំងឺកូវីដ-១៩ ពីតំបន់ណាដែរ។
ចំពោះពលករខ្មែរ ដែលមានជំងឺកូវីដ-១៩ ហើយសម្រាកព្យាបាលនៅថៃ គឺមិនអស់ថ្លៃព្យាបាលឡើយ ពោលគឺរដ្ឋាភិបាលថៃ ជាអ្នករ៉ាប់រងទាំងអស់។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជិត១ខែនេះ មានពលករខ្មែរនៅថៃ សម្រុកមកវិញ ៦,៣៩៦នាក់ហើយ ក្នុងនោះស្រី ២,៦៥១នាក់ គិតត្រឹមថ្ងៃទី១៥ មករា។ ក្រៅពីនេះ ក៏មានពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅថៃ ហើយត្រូវទាហានថៃចាប់បញ្ជូនមកវិញ ជាង៣០០នាក់ដែរ។ នេះបើតាមលោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានបន្ថែមថា ភាគីកម្ពុជា-ថៃ កំពុងពង្រឹងច្រកព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងបង្ការជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ ពលករខ្មែរមកថៃ ៥៦នាក់ហើយ ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ ។ ពួកគេត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិនជាដើម។ បច្ចុប្បន្នកម្ពុជា មានឆ្លងជំងឺកូវីដ-១៩ ចំនួន៤២៦នាក់ ដោយជាសះស្បើយ៣៨១នាក់ ខណៈថៃមានអ្នកជំងឺ ជាង១,១ម៉ឹននាក់ ជាសះស្បើយជាង៨ពាន់នាក់ និងស្លាប់៦៩នាក់៕