អន្តរជាតិ
លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត ក្លាយជា​លេខា​បក្ស​កុម្មុយនីស្ត​ថ្មី
15, Jan 2021 , 4:25 pm        
រូបភាព
លោក ថងលួន ស៊ីសូលីត ត្រូវបានជ្រើសរើសជាអគ្គលេខាធិការគណៈមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ រូបថត AFP
លោក ថងលួន ស៊ីសូលីត ត្រូវបានជ្រើសរើសជាអគ្គលេខាធិការគណៈមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ រូបថត AFP
​លោកនាយក​រដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត ត្រូវបាន​ជ្រើសរើស​ជា​ប្រមុខ​បក្ស​កុម្មុយនីស្ត​ឡាវ ជំនួស​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ដែល​ចូលនិវត្តន៍​។ លោក ថង​លួ​ន ក៏​នឹង​ក្លាយជា​ប្រធានាធិបតី​ឡាវ​ផងដែរ​។​

 
​បើតាម​កាសែត​ឡាវ Vientiane Times នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត ត្រូវបាន​គណៈ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ បោះឆ្នោត​គាំទ្រ​ជា​អគ្គលេខាធិការ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សមាជ​បក្ស​លើក​ទី​១១ នៅ​ថ្ងៃទី​១៥ ខែមករា​។ លោក​នឹង​កាន់តំណែង​នេះ​សម្រាប់​អាណត្តិ​៥​ឆ្នាំ​។​
 
​លោក ថង​លួ​ន នឹង​កាន់កាប់​តំណែង​កំពូល​នេះ​ជំនួស​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ដែល​ចូលនិវត្តន៍​។ លោក ប៊ុន​ញ៉ា​ង កាន់កាប់​តំណែង​អគ្គលេខាធិការ​នេះ​ក្រោយ​សមាជ​បក្ស​លើក​ទី​១០ ឆ្នាំ​២០១៦ ។ ខណៈ​អាច​កាន់តំណែង​លេខា​បក្ស​នេះ​៥​ឆ្នាំ​ទៀត លោក ប៊ុន​ញ៉ា​ង សម្រេចចិត្ត​ចាកចេញ ស្របពេល​លោក​មាន​វ័យ​៨៣​ឆ្នាំ​ទៅហើយ​ដែរ​។​
 
​ជា​អគ្គលេខាធិការ លោក ថង​លួ​ន ក៏​នឹង​អង្គុយ​កៅអី​ប្រធានាធិបតី​ជំនួស​លោក ប៊ុន​ញ៉ា​ង ដែរ​។ កាន់តំណែង​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​២០១៦ មក លោក ថង​លួ​ន វ័យ​៧៥​ឆ្នាំ ដែល​រៀនសូត្រ​នៅ​អតីត​សហភាពសូវៀត និង​កាន់តំណែង​ជាន់ខ្ពស់​ជាច្រើន ត្រូវបាន​ស្គាល់​ចំពោះ​ស្នាដៃ​ក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​អំឡុងពេល​ដឹកនាំ​រដ្ឋាភិបាល​។ 
 
​ក្នុង​កិច្ចប្រជុំ​បី​ថ្ងៃ អង្គសមាជ បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈ​មជ្ឈិម​ចំនួន​៧១​នាក់ និង​សមាជិក​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ចំនួន​១៣​នាក់ កើនឡើង​ពីរ​នាក់ ធៀប​ការិយាល័យ​នយោបាយ​ជ្រើសរើស​ឆ្នាំ​២០១៦ ដែលមាន​១១​នាក់​។ 
 
​ក្នុង​បញ្ជី​សមាជិក​គណៈ​មជ្ឈិម ឈ្មោះ​របស់លោក ថង​លួ​ន ឈរ​លំដាប់​ទីមួយ ហើយ​តាម​ពីក្រោយ​ដោយ​ប្រធានសភា ផានី យ៉ា​ធូ​ទូ ឧបនាយករដ្ឋមន្ត្រី ប៊ុន​ថង ជិត​ម៉ា​នី និង​អនុ​ប្រធានាធិបតី ផាន់​ខាំ វិ​ផាវ​ណ្ណ​។ ក្រោយ​លោក ថង​លួ​ន ឡើង​ធ្វើជា​ប្រធាន​រដ្ឋ​នោះ អ្វីដែល​គេ​ចាំមើល​នោះ គឺ​នរណា​ក្លាយជា​នាយករដ្ឋមន្ត្រី​។ បេក្ខជន​ដែល​គេ​មើលឃើញ​មាន លោក ប៊ុន​ថង​, លោក សឺ​ន​សៃ ស៊ីផា​ន់​ដន ដែលជា​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​ដែរ ឬ​លោក ផាន់​ខាំ ផង​ក៏​ថា​បាន​៕ 
 
 
 
 

Tag:
 ​ឡាវ​
  ថង​លួ​ន ស៊ី​សូលី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com