អន្តរជាតិ
នាយករដ្ឋមន្ត្រី​កាណាដា ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​រួមគ្នា​ប្រឆាំង​ការឃុំខ្លួន​ជនបរទេស​ដោយ​ចិន​
15, Jan 2021 , 6:19 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ។ រូបភាព៖ Reuters
លោកនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ នៅ​ថ្ងៃទី​១៤ ខែមករា បាន​ជំរុញ​ឲ្យ​ប្រជាជាតិ​នៅ​ជុំវិញ​ពិភពលោក រួបរួមគ្នា​ប្រឆាំងនឹង​ការឃុំខ្លួន​ជនបរទេស​ពី​សំណាក់​ចិន​។ លោក ទ្រូ​ដូ ព្រមាន​ប្រទេស​ទាំងអស់ សុទ្ធតែ​អាច​រងគ្រោះ​ដោយសារ​ទង្វើ​របស់​ចិន​ដែរ​។

 
​នៅក្នុង​កិច្ច​សម្ភាស​នា​កម្មវិធី Reuters Next លោក ចា​ស្ទី​ន ទ្រូ​ដូ នាយករដ្ឋមន្ត្រី​កាណាដា បាន​លើកឡើងថា កាណាដា មានការ​សម្រប​ខ្លួន​ខ្ពស់ ពោលគឺ​មិន​ត្រឹមតែ​ជាមួយ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​ជុំវិញ​ពិភពលោក ដើម្បី​តតាំង​នឹង​ការទូត​ចាប់បង្ខំ ដែល​ចិន​កាន់តែ​ប្រើប្រាស់​ខ្លាំង​ឡើង​។ 
 
«​យើង​ត្រូវតែ​ក្រោកឈរ​ទាំងអស់គ្នា ដោយសារ​យើង​មិនដឹង​ប្រជាជន​របស់​ប្រទេស​ណា នឹងត្រូវ​ចិន​ចាប់ នាពេលខាងមុខ​ទេ​»​។ លោក ទ្រូ​ដូ បានលើកឡើង​បែបនេះ ដោយ​ទំនង​ចង់​សំដៅ​ការដែល​ចិន​ប​ចាប់ខ្លួន​បុរស​ជនជាតិ​កាណាដា​ពីររូប នៅ​ចុងឆ្នាំ​២០១៨ ។ ការចាប់ខ្លួន​បុរស​ពីររូប​នេះ ត្រូវបាន​កាណាដា ចាត់ទុកជា​ទង្វើ​សងសឹក​របស់​ចិន​ក្រោយ​យ​កាណាដា បាន​ចាប់ខ្លួន ប្រធាន​ហិរញ្ញវត្ថុ លោកស្រី Meng Wanzhou តាម​ដីការ​ចាប់ខ្លួន​របស់​អា​មេ​រិ​ក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ពេលនេះ លោក Meng Wanzhou កូនស្រី​របស់​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Huawei  ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ផ្ទះ នៅក្នុង​ក្រុង Vancouver ប្រទេស​កាណាដា​។ 
 
​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​កា​ដា​ណា ធ្វើឡើង​ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បើកផ្លូវ​កាន់តែ​ធំ​ឲ្យ​កាណាដា​អាច​ទំនាក់ទំនង​ជាមួយ​បុរស​ទាំងពីរ​រូបនោះ​។ កន្លងទៅ លោកស្រី Syrine Khoury អ្នកនាំពាក្យ​ក្រសួងការបរទេស​កាណាដា បាន​អះអាងថា រដ្ឋាភិបាល​បានធ្វើ​ព្រមព្រៀង​ជាមួយ​ចិន​រួចហើយ ដែល​ពាក់ព័ន្ធ​ក្រុមគ្រួសារ និង​ទំនាក់ទំនង​ជាមួយ​បុរស​ត្រូវ​ឃុំខ្លួន​ទាំងពីរ​។ 
 
​ប្រភព​ជិតស្និទ្ធ​នឹង​ករណី​ចាប់ខ្លួន​បុរស​ទាំងនោះ បាន​អះអាងថា កិច្ចព្រមព្រៀង​ជាមួយ​ចិន​លើ​ការទាក់ទង​ជាមួយ​ជនជាតិ​កាណាដា បាន​ស្តារឡើងវិញ​តាំងពី​ខែតុលា ឆ្នាំ​២០១៩ ឯណោះ​។ អ្នក​ទាំង​ពីររូប ក៏បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ក្រុមគ្រួសារ​ផងដែរ​។ 
 
​ចំណែក​ភាគី​កាណាដា​វិញ រដ្ឋាភិបាល ក៏បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​របស់លោក​ស្រី Meng ចូលជួប​ផងដែរ ប៉ុន្តែ​ស្ថិតក្រោម​ការ​វិធាន​រឹតបន្តឹង ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​។ យ៉ាងណាមិញ អ្នកនាំពាក្យ​របស់​រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍ បាន​បដិសេធ សុំ​មិន​បញ្ចេញ​ចម្លើយ​អ្វី​ទាំងអស់ ដែលថា​តើ ការអនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​លោកស្រី Meng ចូលជួប​នោះ មាន​ទាក់ទិន​នឹង​ការស្តារ​ការទាក់ទង​ជាមួយ​បុរស​ត្រូវ​ឃុំ​ទាំងពីរ​ដែរ​ឬ​យ៉ាងណា​។ 
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​ចិន និង​កាណាដា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​ករណី​ចាប់ខ្លួន​ប្រធាន​ហិរញ្ញវត្ថុ Huawei នេះ​។ កាណាដា និង​ចិន តែងតែ​ប៉ះ​សម្តី​គ្នា​ជា​ញឹកញាប់ ហើយ​ឈានទៅដល់​ចិន ហាមឃាត់​ការនាំ​ចូល​ផលិតផល​របស់​កាណាដា​មួយចំនួន ថែមទៀត​៕ 

Tag:
 កាណាដា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com