ពីនេះ ពីនោះ
ច្រឡោងខាម ប៉ោឡែ យ៉ាបឆា សក់ឡក់ មានន័យប្រហាក់ប្រហែលគ្នា
16, Jan 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ន័យប្រហាក់ប្រហែលគ្នាសម្រាប់ពាក្យច្រឡោងខាម ប៉ោឡែ យ៉ាបឆា សក់ឡក់។ ក្នុងចំណោមពាក្យទាំងនេះ យើងអាចស្គាល់ជាងគេគឺ ពាក្យ «ប៉ោឡែ»។

 
សារព័ត៌មានថ្មីៗ សូមដក់ស្រង់ការពន្យល់ពាក្យនីមួយៗក្នុងវចនានុក្រមខ្មែរដូចខាងក្រោម៖
 
-ច្រឡោងខាង (កិរិយាវិសេសន៍, គុណសព្ទ) មានន័យថា ព្រហើន; ឈ្លានពាន។ មនុស្សច្រឡោងខាម, សំដីច្រឡោងខាម; និយាយច្រឡោងខាម ។
 
-ប៉ោឡែ (គុណសព្ទ) មានន័យថា ដែលព្រហើន, ឃ្នើសឃ្នង, ច្រឡោងខាម។ មនុស្សប៉ោឡែ, សម្ដីប៉ោឡែ; ច្រើននិយាយថា ប៉ោឡែប្រកោ ឬ ប្រឡែប្រកោ ។
 
-យ៉ាបឆា (គុណសព្ទ-កម្ចីពីសៀម) មានន័យថា គ្រោតគ្រាត, មិនសុភាពរាបសា, ច្រឡោងខាម, ថោកទាប។
 
-សក់ឡក់ (កិរិយាវិសេសន៍, គុណសព្ទ) មានន័យថា ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម។ សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់ ។ ព. កា. ថា : ដូចពួកពាលសក់ឡក់** ចិត្តអាក្រក់ធ្វើលីកលាន យល់ធម៌ដំបូន្មាន ចិត្តពុំចូលពុំចង់ស្ដាប់ ។
 
**ពាក្យ "សក់ឡក់" ត្រូវបានកែតម្រូវពីពាក្យដើម "សកឡក់" ដោយអនុលោមតាមមេពាក្យនៃនិយមន័យនេះ។ សាស្ដ្រាច្បាប់វិធូរបណ្ឌិត ។ ពាក្យកាព្យធៀបថា មនុស្សសក់ឡក់ មារយាទអាក្រក់ ប្រាសចាកអៀនខ្មាស គន់ឯឫកពា ខ្ជីខ្ជាផ្ដេសផ្ដាស ច្រឡេសច្រឡាស ច្រឡោងខាមក្រៃ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com